ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ឡើង​ខ្ពស់ តែ​បញ្ហា​ចោទ​គឺ​គុណភាព

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ដំឡូង​មី​ដើមឆ្នាំ​នេះ បាន​ស្ទុះ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​នេះ​គួរតែ​អរគុណ​ដល់់​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​២​សំខាន់ គឺ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម​បាន​យកចិត្តទុកដាក់​បើក​ទីផ្សារ និង​ទាក់ទាញ​ការ​វិនិយោគ​លើ​ដំណាំ​នេះ ។ ដំឡូង​មី…

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ដំឡូង​មី​ដើមឆ្នាំ​នេះ បាន​ស្ទុះ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​នេះ​គួរតែ​អរគុណ​ដល់់​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​២​សំខាន់ គឺ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម​បាន​យកចិត្តទុកដាក់​បើក​ទីផ្សារ និង​ទាក់ទាញ​ការ​វិនិយោគ​លើ​ដំណាំ​នេះ ។

ដំឡូង​មី គឺជា​កសិផល​ដ៏​សំខាន់ និង​មាន​សក្តានុពល​ទី​២​របស់​កម្ពុជា ដែល​អាច​បង្កើត​ការងារ​ពហុ​វិស័យ​ជូន​ប្រជាពលរដ្ឋ និង​នាំ​មក​នូវ​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​។ បើ​ទោះបីជា​ឆ្នាំ​នេះ ដំឡូង​មី​មាន​ទីផ្សារ និង​តម្លៃ​ខ្ពស់ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម គឺ​កង្វះ​គុណភាព​ក្នុង​ការ​ផលិត ។

ប្រធាន​សម្ព័ន្ធ​សមាគម​ដំឡូង​មី​ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ទីផ្សារ​នាំ​ចេញ​ដំឡូង​មី​គ្មាន​បញ្ហា​ទេ តែ​អ្វី​ដែល​ជា​បញ្ហា​ធំ គឺ​គុណភាព ដោយសារ​ខ្វះ​បច្ចេកទេស ដោយ​ប្រជា​កសិករ​នៅ​តែ​ធ្វើ​តាម​បែប​ប្រពៃណី ។

លោក នី កន ប្រធាន​សម្ព័ន្ធ​សមាគម​រូប​នេះ​ថ្លែង​ថា ៖« យើង​ខ្វះ​ទុន​ក្នុង​ការ​ធ្វើ​កន្លែង​សម្រាប់​ទទួល​វត្ថុធាតុដើម ព្រោះ​កសិករ​នីមួយ​ៗ​ត្រូវ​យក​មក​កាប់​ចិញ្ច្រាំ​ដំឡូង រួច​ហើយ​ហាល​នៅ​លើ​ដី​ដោយ​ដាក់​ស្បៃ​ពីក្រោម ធ្វើ​ឲ្យ​ដំឡូង​នៅ​ជាប់​ជាតិ​សំណើម ។ ជួនកាល មាន​ភ្លៀង​ធ្លាក់​ទៀត​កាន់តែ​ធ្វើ​ឲ្យ​ដំឡូង​ស្រូប​ជាតិ​សើម​បន្ថែម​ទៀត ដែល​នេះ​ជា​បញ្ហា​ធំ​ធ្វើ​ឲ្យ​ជាតិ​សំណើម​នៃ​ដំឡូង​កាន់តែ​កើនឡើង ហើយ​ក្រុមហ៊ុន​ខ្លះ​មិន​អាច​យក​ទៅ​ចូល​រោងចក្រ​គេ​ទេ ព្រោះ​ទម្រាំ​តែ​ទៅ​ដល់​កន្លែង គឺ​វា​ខូច » ។

បញ្ហា​មួយ​ចំនួន​ទៀត គឺ​កង្វះ​ហិរញ្ញវត្ថុ ព្រោះ​កសិករ​ត្រូវ​ទៅ​ខ្ចី​ទុន​ពី​ធនាគារ ធ្វើ​ឲ្យ​ជាប់​បំណុល ។ ដូច្នេះ ពួក​គាត់​ត្រូវ​បង្ខំចិត្ត​ប្រញាប់​ដក​ដំឡូង​មុន​កំណត់​ដើម្បី​លក់​បង់ការ​ប្រាក់ ឬ​បង្វិល​សង​គេ​ជាដើម ។

លោក​បន្ដ​ថា ៖« អាយុកាល​របស់​ដំឡូង​មី ដែល​ត្រូវ​ដក គឺ​មាន​រយៈពេល​១២​ខែ តែ​ពួក​គាត់​ប្រញាប់​ដក​ដំឡូង​មុន​កំណត់ ដោយសារ​ជំពាក់​បំណុល​គេ គឺ​ត្រូវ​ដក​វា​៩​ខែ ឬ​១០​ខែ ធ្វើ​ឲ្យ​ដំឡូង​បាត់បង់​ជាតិ​ម្សៅ » ។

លោក អ៊ូ វ៉ា​ន់​នី កសិករ​ដាំដំឡូង​មី​នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ តម្លៃ​ដំឡូង​មី​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ​ប្រហែល​ពី​៥០​ទៅ​៦០% តែ​អាស្រ័យ​ទៅ​លើ​គុណភាព និង​ទីតាំង​។

លោក​ថា ៖« ឆ្នាំ​មុន ដំឡូង​ក្រៀម​លក់​ចេញ​បាន​តម្លៃ​ពី​៤៨០​ទៅ​៥០០​រៀល ហើយ​ដំឡូង​ស្រស់​បាន​១៥០ ទៅ​២០០​រៀល​តែ​ប៉ុណ្ណោះ តែ​សម្រាប់​ឆ្នាំ​នេះ លក់​បាន​រហូត​ទៅ​ដល់​៦៨០ ទៅ​៧០០​រៀល​ក្នុង​១​គីឡូក្រាម​សម្រាប់​ដំឡូង​ក្រៀម និង​ដំឡូង​ស្រស់ ១​គីឡូក្រាម​បាន​៣០០​រៀល​ដែរ ។ ចំណែក​ទីផ្សារ​វិញ គឺ​ថៅកែ​មក​ប្រមូល​ទិញ​ដល់​ចម្ការ ហើយ​តម្លៃ គេ​ឲ្យ​ទៅ​លើ​គុណភាព និង​ទីតាំង​ដែរ បើ​កន្លែង​ជិត​ដំឡូង​ក្រៀម​ហ្នឹង គឺ​បាន​រហូត​ដល់​១​គីឡូក្រាម​១​ពាន់​រៀល​» ។

ទោះបី​យ៉ាងណា លោក​ថា ៖« អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​នោះ​គឺ​ដំឡូង​ខូច​ច្រើន ដោយសារ​តែ​មេឃ​ភ្លៀង​ចំ​ពេល​រដូវ​ប្រមូល ធ្វើ​ឲ្យ​មើមដំឡូង​រលួយ​ខ្លះ ពេល​ហាល​ត្រូវ​ភ្លៀង​ខ្លះ និង​ខូច​ដោយសារ​កម្ដៅថ្ងៃ​មិន​បាន​គ្រប់គ្រាន់ ហាល​ដំឡូង​អត់​ស្ងួត និង​មួយទៀត គឺ​ដី​មិន​សូវ​មាន​ជីវជាតិ ធ្វើ​ឲ្យ​ដំឡូង​ដុះ​មិនសូវ​បាន​ល្អ » ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព ប្រចាំ​ខេត្តបន្ទាយមានជ័យ លោក ញឹក និល រស់នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ បាន​ប្រាប់​ថា លោក​ដាំដំឡូង​មី​ឆ្នាំ​នេះ នៅ​លើ​ផ្ទៃដី​ជាង​១០​ហិ​កតា ។ លោក​រីករាយ និង​ត្រេកអរ​ណាស់​ដែល​ឆ្នាំ​នេះ ទីផ្សារ​ដំឡូង​មី​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន គឺ​ដំឡូង​មី​សើម​ក្នុង​១​គីឡូក្រាម​តម្លៃ​៥​បាត​កន្លះ ស្មើនឹង​ជិត​៦០០​រៀល ខណៈ​ឆ្នាំ​មុន​បាន​ត្រឹមតែ​៤​បាត ឬ​ជាង​៤​បាតប្រាក់​ថៃ​ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ លោក​នៅ​តែ​សោកស្ដាយ ដោយសារ​ឆ្នាំ​មុន ទីផ្សារ​ធ្លាក់​ថ្លៃ​ពេក ធ្វើ​ឲ្យ​អ្នកស្រុក​បោះបង់​ការ​ដាំដំឡូង​មី​ច្រើន ហើយ​នាំ​គ្នា​ងាក​ទៅ​ដាំពោត​វិញ ។

ដំឡូង​មី​ដែល​ដឹក​មក​លក់​តាម​ស្តង់​នៅ​តំបន់​ម៉ា​ឡៃ​នេះ មិនមែន​តែ​ជា​របស់​ពលរដ្ឋ​នៅ​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ម៉ា​ឡៃ​ទេ ដោយ​មាន​អ្នកខ្លះ​ដឹក​ពី​តាម​ខេត្ត​ដូច​ជា សៀមរាប កំពង់ធំ និង​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​ជាដើម ។

អ្នក​នាង សំ សុ​គ​ន្ធា​រី តំណាង​ស្ដង់​ទទួល​ទិញ​ផលិតផល​មួយ​កន្លែង​បាន​ប្រាប់​ថា ស្តង់​របស់​នាង​ទទួល​ទិញ​ដំឡូង​មី​ពី​ពលរដ្ឋ ក្នុង​១​ថ្ងៃ​ៗ​ចាប់ពី​៣០០​ទៅ​៤០០​តោន​យ៉ាងតិច ។

អ្នក​នាង​បន្ដ​ថា ឆ្នាំ​នេះ ដំឡូង​មី​ពិតជា​មាន​ហាងឆេង​ល្អ​ជាង​ឆ្នាំ​មុន គឺ​ដំឡូង​មី​ស្ងួត​ទិញ​ចូល​១​គីឡូក្រាម​តម្លៃ​៦​បាត​កន្លះ ស្មើនឹង​ជាង​៦០០​រៀល ខណៈ​ឆ្នាំ​មុន​នាង​ថា ទិញ​ចូល​ត្រឹមតែ​៤​បាត ឬ​ជាង​៤​បាត​ប៉ុណ្ណោះ ។

តំណាង​ស្ដង់​រូប​នេះ​និយាយ​ថា ៖« ក្រៅពី​ទិញ​ដំឡូង​មី​ស្ងួត ខ្ញុំ​ក៏​ទទួល​ទិញ​ដំឡូង​មី​ស្រស់​ដែរ ហើយ​ជួល​កម្មករ​ជា​ច្រើន​នាក់​កាប់​ចិញ្ច្រាំ​ដើម្បី​ឲ្យ​ពលរដ្ឋ​មានការ​ងារ​ធ្វើ ចៀសវាង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ថៃ​ដោយ​ខុសច្បាប់ » ។

គេ​ឃើញ​ពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នាក់​ទាំងចាស់ទាំងក្មេង បាន​ធ្វើការ​ស៊ី​ឈ្នួល​កាប់​ចិញ្ច្រាំ​ដំឡូង​មី​តាម​ទីលាន​ទិញ​លក់ និង​ហាល​ដំឡូង​ជា​ច្រើន​កន្លែង ។ ក្រុម​អ្នកស៊ីឈ្នួល​និយាយ​ថា ក្នុង​១​ថ្ងៃ ពួក​គាត់​អាច​រក​ប្រាក់​បាន​២​ម៉ឺន​ទៅ​២,៥​ម៉ឺន​រៀល​ក្នុង​ម្នាក់​ៗ ។ ពួក​គាត់​ថា ការ​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​នេះ​គិត​ជា​ខេ​ង ដោយ​ក្នុង​១​ខេ​ង​ទម្ងន់​២០​គីឡូក្រាម បាន​តម្លៃ​៦០០​រៀល ។

កម្ពុជា គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​លើ​ពិភពលោក និង​លំដាប់​ទី​៤​នៅ​ក្នុង​តំបន់​។ ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ពាក់ព័ន្ធ​តាម​វិស័យ​នានា​តម្រង់​ឆ្ពោះទៅ​រក​ទីផ្សារ​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក បាន​ជួយ​ជំរុញ​កំណើន​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ល្បឿន​មួយ​គួរ​ជាទី​មោ​ទ​នៈ ។

លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ដំឡូង​ទៅ​ក្រៅប្រទេស គឺ​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​តម្លៃ និង​បរិមាណ ។

លោក​ថា ៖«​សម្រាប់​ការ​នាំ​ចេញ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ កាលពី​ឆ្នាំ​២០១២ យើង​នាំ​ចេញ​បាន​០,៦៨​លាន​តោន​, ឆ្នាំ​២០១៦ បាន​ចំនួន​៤,៧​លាន​តោន ហើយ​សម្រាប់​៩​ខែ​ក្នុង​ឆ្នាំ​២០១៧​យើង​បាន​នាំ​ចេញ​ដំឡូង​ចំនួន​៣,១៨​លាន​តោន​។ ដូចនេះ យើង​អាច​ប៉ាន់​ប្រមាណ​ថា នៅ​សល់​៣​ខែ​ទៀត គឺ​អាច​នឹង​កើនឡើង​រហូត​ដល់​ខ្ទង់​៥​លាន​តោន​ឯណោះ » ។

លោក​បញ្ជាក់​បន្ថែម​ថា ទីផ្សារ​នាំ​ចេញ​ផលិតផល​ដំឡូង​មី ត្រូវ​បាន​ពង្រីក​ពី​៤​ប្រទេស (ថៃ​, វៀតណាម​, ចិន​, បារាំង​) ក្នុង​ឆ្នាំ​២០១៤ ទៅ​១៦​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ រួម​មាន ៖ កា​ណា​ដា​, ចិន​, អង់គ្លេស​, ហ្វាំ​ង​ឡង់​, ឥណ្ឌា​, អុ​ី​តា​លី​, កូរ៉េ​, លី​ទុ​យ​អា​នី​, ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, កោះ​តៃវ៉ាន់​, ថៃ​, អា​មេ​រិ​ក និង​វៀតណាម ។

ចំណែក​ខេត្ត​ដែល​មាន​បរិមាណ​ផល​ដំឡូង​មី​ច្រើន​ជាងគេ មាន​ខេត្តបាត់ដំបង​, បន្ទាយ​មាន​ជ័យ​, ប៉ៃលិន​, ក្រចេះ​, កំពង់ធំ​, ត្បូងឃ្មុំ និង​ខេត្តឧត្តរមានជ័យ ។ កាលពី​ចុងខែ​ធ្នូ​ថ្មី​ៗ​នេះ ប្រទេស​ចិន​មាន​គម្រោង​ពីរ​វិនិយោគ​លើ​ការ​កែ​ច្នៃ​ដំឡូង​មី​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន និង​មាន​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត​ផង​ដែរ ។

គួរ​រំលឹក​ថា បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​សហគ្រាស​ផលិត​ម្សៅដំឡូង​មី សញ្ញា​ហង្ស​២ ស្ថិត​នៅ​ភូមិ​កៀន​រូង សង្កាត់​វិហារ​ហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ បាន​ជម្រាប​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ជំរុញ និង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដំឡូង​មី តាម​រយៈ​ការ​ចរចា​ស្វែងរក​ទីផ្សារ​ថ្មី​ៗ, ការ​ចងក្រង​គោលនយោបាយ​ដំឡូង​មី​, ការ​រៀបចំ​ទិវា​ដំឡូង​មី​ប្រចាំឆ្នាំ និង​ការ​អនុវត្ត​គម្រោង​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​របស់​កម្ពុជា ដំណាក់កាល​ទី​២ (CEDEP II) ព្រមទាំង​គម្រោង​ជំរុញ​ទីផ្សារ​ខ្នាត​តូច ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹងសមត្ថភាព​ប្រជា​កសិករ និង​ការ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​សម្រាប់​ផលិតផល​កសិកម្ម រួម​ទាំង​ដំឡូង​មី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ