ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង ​អ៊ិន សា​រុន ធ្លាក់ខ្លួន​ឈឺ​ក្នុង​ខ្ទម​កម្សត់

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ក្នុង​វ័យ​៧៥​ឆ្នាំ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង និង​ជា​ម្ចាស់​ពានរង្វាន់​ចាប៉ី​ដង​វែង​​ពីរ​ជំនាន់ លោកតា​ អ៊ិ​ន សា​រុន រស់នៅ​ក្នុង​ខ្ទម​តូច​ធ្លុះធ្លាយ​ក្រោម​ការ​ញាំញី​ពី​ជំងឺ​នៅ​លើ​ទឹកដី​កំណើត​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ក្នុង​វ័យ​៧៥​ឆ្នាំ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង និង​ជា​ម្ចាស់​ពានរង្វាន់​ចាប៉ី​ដង​វែង​​ពីរ​ជំនាន់ លោកតា​ អ៊ិ​ន សា​រុន រស់នៅ​ក្នុង​ខ្ទម​តូច​ធ្លុះធ្លាយ​ក្រោម​ការ​ញាំញី​ពី​ជំងឺ​នៅ​លើ​ទឹកដី​កំណើត​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​អ៊ិ​ន សា​រុន បាន​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន​គ្រប់​ទិស​ទី ដ្បិត​គាត់​មិន​អាច​ប្រកប​របរ​អ្វី​ក្រៅពី​ការ​លេង​ចាប៉ី ដើម្បី​យក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ទេ ។

ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​លោក​ពេជ្រ សា​រ៉ាត ដែល​នាំ​អំណោយ​ជូន​លោក​ព្រឹទ្ធា​ចារ្យ​​ដល់​ផ្ទះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​អ៊ិ​ន សា​រុន មាន​ជំងឺ​ជិត​បី​ខែ​ហើយ គាត់​មិន​អាច​ច្រៀង​ចាប៉ី​បាន​ទៀត​ឡើយ ព្រោះ​សភាព​ហត់​ខ្លាំង ខណៈ​​ពេល​ជីវភាព​ខ្សត់ខ្សោយ​រស់នៅ​ផ្ទះ​ខ្ទម​តូច​មួយ​នៅ​ខាងក្រោយ​ផ្ទះ​កូន ។

មុន​ពេល​លោក​ព្រឹទ្ធ​ចា​រ្យ​ធ្លាក់ខ្លួន​ឈឺ គឺ​គាត់​តែងតែ​ដើរ​ច្រៀង​តាម​កម្មវិធី ផ្សេង​ៗ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ហើយ​គាត់​ក៏​ធ្លាប់​បង្ហាញ​វត្តមាន​សម្តែង​តាម​ស្ថានីយទូរទស្សន៍​នានា​ផង​ដែរ ។

បើ​តាម​លោក​ពេជ្រ សា​រ៉ាត ព្រឹទ្ធាចារ្យ​អ៊ិន សា​រុន បាន​ចាប់ផ្តើម​អាជីព​តាំងពី​យុវវ័យ​រហូត​មក​ដល់​ពេល​នេះ ហើយ​គាត់​បង្ហាត់បង្រៀន​សិស្ស​បាន​ចំនួន​ផង​ដែរ ។ លោក​ព្រឹទ្ធាចារ្យ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នកចម្រៀង​ចាប៉ី​ជើង​ចាស់​មួយ​រូប​ដែល​មាន​ទេព​កោសល្យ ទាំង​វោហារ​ស័ព្ទ និង​ប្រាជ្ញា​ឈ្លាសវៃ ។

ស្ថិត​ក្នុង​ស្ថានភាព​ងងឹតភ្នែក​មើល​មិនឃើញ ព្រឹទ្ធាចារ្យ​អុ​ិ​ន សា​រុន មាន​ប្រសាសន៍​ថា គាត់​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយសារ​មិន​មានការ​ឧបត្ថម្ភ​ពី​ស្ថាប័ន​ណា ទេ ហើយ​ការ​ច្រៀង​ចាប៉ី​ក៏​មិនសូវ​កាក់កប​ដូច​មុន​ទៀត ដោយ​ខែ​ខ្លះ​ទទួល​បាន​២​រោង ១​រោង ឬ​ជួនកាល​មិន​មាន​អ្នក​ជួល​សោះតែ​ម្តង ។

ទោះជា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះខាត​ជីវភាព​ក្តី ក៏​ព្រឹទ្ធាចារ្យ​ចាប៉ី​រូប​នេះ​ខិតខំ​ជួយ​បង្ហាត់បង្រៀន​ចាប៉ី​ដល់​សិស្ស​ចំនួន​ជាង​២០​នាក់ ដោយ​ឥត​គិតថ្លៃ​ក្នុង​ក្តី​សង្ឃឹមថា សិល្បៈ​នេះ​នឹង​បន្សល់​ទុកជា​កេរ​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

លោកតា​អ៊ិ​ន សា​រុន ជា​កូនសិស្ស​លោកតា ពូថៅ​ដៃ ក្នុង​អំឡុង​ឆ្នាំ​១៩៦០ ។ គាត់​ធ្លាប់​ចូលរួម​ប្រលង​ចាប៉ី​ថ្នាក់​ជាតិ​នៅ​សម័យ​សង្គមរាស្ត្រនិយម ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ និង​ជំនាន់​ក្រោយមក​ទៀត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ។ គាត់​មាន​បងប្អូន​៦​នាក់ និង​ជា​កូន​ទី​៥​ក្នុង​គ្រួសារ ។ ក្រៅពី​ច្រៀង​ចាប៉ី​គាត់​ចេះ​ច្រៀង​អា​យ៉ៃ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​ចាប៉ី​មាន​សារសំខាន់​យ៉ាងណា​ក៏​ដោយ ក៏​អ្នកចម្រៀង​ចាប៉ី​ភា​គច្រើន​មិនសូវ​មាន​ជីវភាព​ធូរធារ​ទេ ពួក​គាត់​ភាគច្រើន​ជា​ជន​ពិការ មាន​វ័យ​ចំណាស់ ហើយ​រស់នៅ​ក្នុង​ជីវភាព​ខ្វះមុខខ្វះក្រោយ​នៅ​តាម​ទី​ជនបទ ខណៈ​ពេល​ដែល​សិល្បៈ​បុរាណ​នេះ​មិនសូវ​មានការ​ពេញ​និយម​ក្នុង​ស្រទាប់​មហាជន ។

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា ធ្លាប់់​អះអាង​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា ក្រសួង​មិន​ដែល​បោះបង់​ចោល​សិល្បករ​ណា​ម្នាក់​ទេ ។ បើសិនជា​ក្រសួង​ដឹង​ថា​ពួក​គាត់​ជួប​ប្រទះ​បញ្ហា​ប្រឈម​អ្វីមួយ​ក្រសួង​នឹង​ជួយ​ទោះ​តិច​ក្តី​ច្រើន​ក្តី ។

ក្រសួង​មិន​ដែល​ព្រងើយកន្តើយ​ឡើយ​ចំពោះ​សិល្បៈ​ចាប៉ី ហើយ​តាម​រយៈ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ក្រសួង​នឹង​ទទួល​បាន​ជំនួយ​ពី​អង្គការ​យូ​ណេ​ស្កូ (UNESCO) ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​សិល្បៈ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ