រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនពិតជាមានល្បិចខ្ពស់ណាស់ដោយបានយកគ្រឿងញៀនជាច្រើនកញ្ចប់ទៅលាក់ទុកនៅក្នុងអំពូលភ្លើង១ដើម្បីលាក់បាំងពីភ្នែកសមត្ថកិច្ច ។ ប៉ុន្តែនៅតែមិនអាចលាក់ជិតឡើយនៅតែត្រូវនគរបាលរកឃើញ និងបានធ្វើការចាប់ខ្លួនបាននាំយកទៅសួរនាំដើម្បីចាត់ការតាមច្បាប់ ។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១២នឹង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅ ក្នុងហាងម៉ាស្សាមួយកន្លែងដែលមានទីតាំស្ថិតនៅក្នុងបុរីពិភពថ្មីកំបូល ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើនោះមានទី១-ឈ្មោះ ស ផល្លី ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ថ្នាំញៀន, ទី២-ឈ្មោះ ខាន់ សុខរិន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាអ្នកម៉ាស្សា, ទី៣-ឈ្មោះ ង៉ែត ពន្លឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងកាត់សក់ អ្នកទាំង២នាក់នេះស្នាក់នៅផ្ទះជួល ក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និង៤-ឈ្មោះ ហេង ពន្លឺ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ខណៈនោះនគរបាលឆែករកឃើញថ្នាំញៀនចំនួន១៧កញ្ចប់ដែលជនសង្ស័យលាក់នៅក្នុងអំពូលភ្លើង ។
នគរបាលបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនោះកម្លាំងនគរបាលប៉ុស្តិ៍កន្ទោកបានចេញល្បាតបទល្មើសនៅក្នុងបុរីពិភពថ្មីកំបូលនោះ លុះពេលដល់ត្រង់ចំណុចកើតហេតុបានឃើញយុវជន២នាក់ជិះម៉ូតូចូលក្នុងផ្ទះម៉ាស្សាកោសជប់យីហោ«រស្មី» ដោយមានការសង្ស័យកម្លាំងនគរបាលបានចូលទៅតាម និងបានសុំម្ចាស់ផ្ទះដើម្បីធ្វើការឆែកឆេរ ហើយបន្ទាប់ពីបានការអនុញ្ញាតពីម្ចាស់ផ្ទះហើយកម្លាំងក៏បានឆែកឆេរនៅក្នុងបន្ទប់ជាន់ទី១ ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះកម្លាំងបានរកឃើញអំពូលភ្លើង១នៅក្នុងបន្ទប់ទឹកក៏បានយកបើកមើលហើយបានឃើញថ្នាំញៀនចំនួន១៧កញ្ចប់នៅក្នុងនោះ ទើបធ្វើការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រួចបាននាំទាំងវត្ថុតាងទៅកាន់ប៉ុស្ដិ៍ដើម្បីសួរនាំ និងចាត់ការតាមច្បាប់តែម្ដង ៕
ចែករំលែកព័តមាននេះ