ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេសនៃការ​ចិញ្ចឹម​អន្ទង់

13 ឆ្នាំ មុន

១-​ប្រភេទ​អន្ទង់
អន្ទង់​មាន​ច្រើន​ប្រភេទ ហើយ​ត្រូវ​បានគេ​ចិញ្ចឹម​តាម​អាង​ស៊ីម៉ង់ត៍ ឬ​អាង​ធ្វើ​ពី​ស៊ុម ឈើ​ព័ទ្ធ​ជុំវិញ ដាក់​ផ្ទាំង​កៅស៊ូ​ក្រាល​ពី​ក្នុងអាស្រ័យ​ទៅ​តាម​លទ្ធភាព​របស់​អ្នក​ ចិញ្ចឹមម្នាក់​ៗ ។ ដោយឡែក​ក្នុង​ករណី​សិក្សា​នៅ​​ខេត្ដបាត់ដំបង អន្ទង់​មាន​បី​ប្រភេទ គឺ​អន្ទង់​ត្រាវ អន្ទង់​ដំណើប និង​អន្ទង់​ព្រ័ត្រ ។ អន្ទង់​​ដែល​អ្នក​ប្រើប្រាស់​បាន​ចាត់​ទុក​ថា មាន​រស​​ជាតិ ជាងគេ​គឺ​អន្ទង់​ដំណើប និង​អន្ទង់​ត្រាវ ហើយ​អន្ទង់​ដែល​ចិញ្ចឹម​ឆាប់​ធំ​ជាងគេ​គឺ​អន្ទង់​ត្រាវ

១-​ប្រភេទ​អន្ទង់
អន្ទង់​មាន​ច្រើន​ប្រភេទ ហើយ​ត្រូវ​បានគេ​ចិញ្ចឹម​តាម​អាង​ស៊ីម៉ង់ត៍ ឬ​អាង​ធ្វើ​ពី​ស៊ុម ឈើ​ព័ទ្ធ​ជុំវិញ ដាក់​ផ្ទាំង​កៅស៊ូ​ក្រាល​ពី​ក្នុងអាស្រ័យ​ទៅ​តាម​លទ្ធភាព​របស់​អ្នក​ចិញ្ចឹមម្នាក់​ៗ ។ ដោយឡែក​ក្នុង​ករណី​សិក្សា​នៅ​​ខេត្ដបាត់ដំបង អន្ទង់​មាន​បី​ប្រភេទ គឺ​អន្ទង់​ត្រាវ អន្ទង់​ដំណើប និង​អន្ទង់​ព្រ័ត្រ ។ អន្ទង់​​ដែល​អ្នក​ប្រើប្រាស់​បាន​ចាត់​ទុក​ថា មាន​រស​​ជាតិ ជាងគេ​គឺ​អន្ទង់​ដំណើប និង​អន្ទង់​ត្រាវ ហើយ​អន្ទង់​ដែល​ចិញ្ចឹម​ឆាប់​ធំ​ជាងគេ​គឺ​អន្ទង់​ត្រាវ ។

លក្ខណៈ​រូបរាង​ខាងក្រៅ​អន្ទង់​ទាំង​បី ប្រភេទ​នេះ មាន​ដូច​ខាងក្រោម ៖
ក​-​អន្ទង់​ត្រាវ ៖
ក្បាលមាន​ទំហំ​តូច​ជាងខ្លួន ហើយ​ចាប់ពី​ផ្នែក​កមក​ដងខ្លួន​មាន​រាង​​ស្ដួច​មក​ផ្នែក​កន្ទុយ ។ ផ្នែក​ពោះ​មាន​ពណ៌​សលាយ​ពណ៌​លឿង​ព្រឿ​ង​ៗ និង​មាន​អុច​ៗ​ពណ៌​ខ្មៅ និង​នៅ​ផ្នែក​ខ្នង​មាន​ពណ៌​ត្នោត ។ ពេល​ត្រូវ​កំ​ដៅ​ភ្លើង (​ចំអិន​) ស្បែក​របស់​វា​​នឹង​ប្រេះ​ជា​ច្រើន​កន្លែង ហើយ​ឃើញ​សាច់​ខាងក្នុង ។ អន្ទង់​ត្រាវ​តូច​ជាង​អន្ទង់ ដំណើប ។ អន្ទង់​ប្រភេទ​នេះ សម្បូរ​នៅ​តាមទំនាប​នៃ​តំបន់​ទឹកទន្លេ​សាប និង​បឹងបួ​នានា ក្នុង​ទូ​ទាំង​ប្រទេស ។
ខ​-​អន្ទង់​ដំណើប ៖ ក្បាលមាន​ទំហំ​ធំ​ជាងដងខ្លួន ហើយ​ចាប់ពី​ផ្នែក​កមក​ដងខ្លួន មានរាង​ស្ដួច​មក​ផ្នែក​កន្ទុយ ។ ផ្នែក​ពោះ​មាន​ពណ៌ ក្រហមព្រឿង​ៗ មិន​មាន​ចំណុច​អុច​ៗ​ទេ និងនៅ​ផ្នែក​ខ្នង​មាន​ពណ៌​ក្រហមព្រឿង​បែប​ស្លា​​ទុំ ។ ពេល​ត្រូវ​កំ​ដៅ​ភ្លើង (​ចំអិន​) ស្បែក របស់​វា​ស្វិត​រួញ​ទៅ​នឹង​ដងខ្លួន មិ​ន​ប្រេះ​ដូច អន្ទង់​ត្រាវ​ទេ ។ អន្ទង់​ប្រភេទ​នេះ​សម្បូរ​នៅ តាម​ទំនាប​នៃ​តំបន់​បឹង​ទន្លេសាប និង​បឹងបួ នានា​ក្នុង​ទូ​ទាំង​ប្រទេស ។
គ​-​អន្ទង់​ព្រ័ត្រ ៖ រូបរាង​ដូច​រូបភាព​ខាងក្រោម ផ្នែក​ខ្នង​មាន​ពណ៌​ខ្មៅ​ដូច​ស្លាប​ក្អែក និង​នៅ​ផ្នែក​ពោះ​មាន​ពណ៌​ខ្មៅ រាង​ស្វាយរលោង ។ ក្បាលមាន​ទំហំ​តូច​ជាង​ដងខ្លួន ហើយ​ចាប់ពី​ផ្នែក​កមក​ដងខ្លួន​មាន​រាង​ស្ដួច មក​ផ្នែក​កន្ទុយ ។ ពេល​ត្រូវ​កំ​ដៅ​ភ្លើង (​ចំអិន​) ស្បែក​របស់​វា​ស្វិត​រួញ​ទៅ​នឹង​ដងខ្លួន មិន​ប្រេះ​ដូច​អន្ទង់​ត្រាវ​ទេ ។ បើ​ប្រៀបធៀបទម្ងន់​ដូច​គ្នា អន្ទង់​ព្រ័ត្រ​មាន​ប្រវែង​វែង​ជាងអន្ទង់​ត្រាវ និង​ដំណើប ។ អន្ទង់​ប្រភេទ​នេះ សម្បូរ​នៅ​តំបន់​បឹង​ទន្លេសាប ។

២-​ការ​ចិញ្ចឹម​អន្ទង់
ដោយសារ​កំណើន​នៃ​តម្រូវការ​អន្ទង់​នៅ លើ​ទីផ្សារ ក៏​ដូច​ជា​នៅ​តាម​ភោជនីយដ្ឋាន នានា បាន​ធ្វើ​ឱ្យ​ប្រជា​នេសាទ និង​ប្រជាក​សិ ករ​ព្យាយាម​ស្វែង​យល់​ពី​បច្ចេកទេស​ថែបំប៉ន ឬ​ចិញ្ចឹម​ប្រភេទ​អន្ទង់​ទាំងនេះ ដើម្បី​ទុក​លក់ នៅ​រដូវ​ដែល​អន្ទង់​មាន​តម្លៃ​ខ្ពស់ ។ តាម​ការ សិក្សា​ស្រាវជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា សកម្មភាព​ចិញ្ចឹម​អន្ទង់​មាន​រូបភាព​ពីរ គឺ ចិញ្ចឹម​ក្នុង​ទ្រុង បែ ឬ​ត្រើង និង​ចិញ្ចឹម​ក្នុង អាង​តូច​ៗ​ក្រាល​បា្ល​ស្ទិ​ក ឬ​អាង​ធ្វើ​ពី​ស៊ីម៉ង់ត៍ ដូច​រូបភាព​ខាងក្រោម ។ ការ​ចិញ្ចឹម​អន្ទង់ តាម​ទ្រុង បែ ឬ​ត្រើង ច្រើន​អនុវត្ដ​នៅ​តាម ភូមិសាស្ដ្រ​ដែល​មានទឹក​លិច​ជា​ប្រចាំ​។ ចំណែក​ការ​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​តូច​ៗ​អាច អនុវត្ដ​បាន​គ្រប់​ទីកន្លែង ។ ក៏​ប៉ុន្ដែ​ឯកសារ នេះ​រៀបរាប់​តែ​ការ​ចិញ្ចឹម​ក្នុង​អាង​បា្ល​ស្ទិ​ក​តែ ប៉ុណ្ណោះ ។

៣-​ការ​រៀបចំ​អាង
ក​-​សំភារ​រួម​ផ្សំ
-​ដើម្បី​សង់​អាង​ចិញ្ចឹម​អន្ទង់ ចាំបាច់​ត្រូវមាន​សំភារ​មួយ​ចំនួន​ដូច​ជា បង្គោល​ឈើរបា ឈើ បន្ទះ​ព្រួល កម្រាល​បា្ល​ស្ទិ​ក (​ក្រាស់​) ស្បៃ​នីឡុង​ក្រឡា​ញឹក ខ្សែ​នីឡុង ឬ​លួស ចំណង ដែកគោល  និង​ទុយោ ។
-​ទំហំ​អាង​ដែល​មាន​លក្ខណៈ​សម​ស្រប គឺ បណ្ដោយ​៥​ម៉ែត្រ ទទឹង​១,៥​ម៉ែត្រ និង​កំពស់ ០,៧​ម៉ែត្រ ទៅ​តាម​ទីតាំង ឬ​ទីធ្លា​ដី​ដែល យើង​មាន ។
-​វល្លិ​ត្អើក និង​មែកឈើ ដូច​ជា​មែក​រាំង និង​មែក​ត្រស់​សំរាប់​រៀបចំ​ជា​ជម្រក​អន្ទង់ ។
ខ​-​ការ​សាងសង់​អាង​បា្ល​ស្ទិ​ក
អាង​ចិញ្ចឹម​អន្ទង់​ត្រូវ​សង់​ពីលើ​ដី​ផ្ទាល់​តែ ម្ដង ដើម្បី​ងាយស្រួល​ក្នុង​ការ​បង្ហូរទឹក​ចេញ នៅ​ពេល​ត្រូវការ​ប្ដូរ​ទឹក​ថ្មី ។ ទីតាំង​ដែល​ត្រូវ សាងសង់​អាង​គួរ​ជ្រើសរើស​យក​ក្បែរ​សំយាប ផ្ទះ និង​នៅ​ពីក្រោម​ចុង​ទរ​ទឹក​ដែល​ភ្ជាប់​ពី ដំបូលផ្ទះ ដើម្បី​ងាយស្រួល​ទទួល​ទឹកភ្លៀង បាន​ច្រើន​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ដែល​មាន ប្រយោជន៍​នៅ​ពេល​ចង់​ធ្វើការ​ផ្លាស់​ប្ដូរ​ទឹក ក្នុង​អាង និង​ទីតាំង​អាង​ត្រូវ​ស្ថិត​នៅ​ក្នុង​ម្លប់ មិន​ទទួល​រងកំ​ដៅ​ថ្ងៃ​ខ្លាំង​ពេក ។

បង្គោល​ឈើ​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ដី​ចន្លោះ​ពី​មួយ​ទៅ​មួយ​ចំងាយ​០,៨​ម៉ែត្រ ទៅ​១​ម៉ែត្រ និង​ដាក់​របា​នៅ​ផ្នែក​ខាងក្នុង​អាង​ចន្លោះ​ពី​គ្នា​០,៣​ម៉ែត្រ ទៅ​០,៥​ម៉ែត្រ ។ បន្ទាប់​មក​យើង​​ចាប់ផ្ដើម​ក្រាល​ព្រួល​បញ្ឈរ ដោយ​ចង​ភ្ជាប់​​នឹង​របា​រួច​រៀប​ស្បៃ​នីឡុង​ក្រឡា​ញឹក ពាស​​កំរាល​កៅស៊ូ​តាម​ជញ្ជាំង​ព្រួល និង​បាត​ក្រោម​​រួម​គ្នា​តែ​ម្ដង ។ បំពង់​បង្ហូរទឹក​ចេញ​ត្រូវ​​ដាក់​យ៉ាងតិច​ពីរ​នៅ​តាម​ជ្រុង​នៃ​អាង ដើម្បី​ងាយស្រួល​បង្ហូរទឹក​ចេញ ។ ការ​រៀបចំ​​ចិញ្ចឹម​អន្ទង់​នៅ​ក្នុង​អាង​ត្រូវធ្វើ​ឡើង ដោយ​​ផ្អែក​លើ​លក្ខណៈ​ធម្មជាតិ​ដែល​អន្ទង់​ធ្លាប់​រស់​​នៅ ហើយ​ត្រូវ​រៀបចំ​ឱ្យ​មាន​សំបុក​សំរាប់​ធ្វើ​ជា​ជំរក និង​ដើម្បី​ផ្សាំ​ទៅ​នឹង​ជីវិត​ជាក់ស្ដែង​របស់​វា​ដែល​រស់នៅ​ក្នុង​ធម្មជាតិ ។
តាម​ការ​អនុវត្ដ​របស់​អ្នក​ចិញ្ចឹម​អន្ទង់ ការ​រៀបចំ​សំបុក​សំរាប់​ជា​ជំរក​អន្ទង់ គឺ​ប្រើ​វល្លិ​​ត្អើក​ដែល​ត្រូវ​ហាលថ្ងៃ​ឱ្យ​ស្រពាប់​ពណ៌​ក្រហមព្រឿង​ៗ (​មួយ​អាទិត្យ​) រួច​ត្រាំ​ទឹក​​ឱ្យ​រលួយ (​រយៈពេល​យ៉ាងតិច​មួយ​សបា្ដហ៍​) ទើប​យក​មក​ដាក់​ក្នុង​អាង និង​ត្រូវ​ដាក់​មែក​​ឈើ​មួយ​ចំនួន​ទៀត​ដូច​ជា មែក​រាំង មែក​​ត្រស់ ដែល​ត្រូវ​ត្រាំ​ទឹក (​រយៈពេល​យ៉ាងតិច​​មួយ​សបា្ដហ៍​) ។ វល្លិ​ត្អើក​ត្រូវ​តម្រៀប​ពី​ក្រោម ហើយ​ដាក់​មែកឈើ​ពីលើ ដើម្បី​ឱ្យ​អន្ទង់​វារ​តោង​សំរាក ឬ​ស៊ី​ចំណី ។

សូម​បញ្ជាក់​ថា ការ​ចិញ្ចឹម​នេះ ពុំ​មាន​ប្រើ ប្រាស់​ដី​ភក់ ឬ​លាមក​សត្វ ស្បែក​សត្វ ឬចំបើង ដូច​មាន​សរសេរ​ក្នុង​ឯកសារ​មួយ​ចំនួន នោះ​ទេ ។ រួច​បញ្ចូល​ទឹក​ក្នុង​អាង​ឱ្យ​មាន កំពស់​០,៧​ម៉ែត្រ រយៈពេល​យ៉ាងតិច​១០​ថ្ងៃ មុន​ពេល​លែង​កូន​អន្ទង់​ក្នុង​អាង និង​ត្រូវ បញ្ចូល​ទឹក​ចុះឡើង​ក្នុង​អាង​ធ្វើ​យ៉ាងណា​ឱ្យ បាត់​ក្លិនស្អុយ​ដោយសារ​វល្លិ​ត្អើក និង​មែក ឈើ​សិន ។ កំ​បោ្លក ឬ​ចក មិនមែន​ជា​រុក្ខជាតិ ចាំបាច់​ត្រូវ​តែ​ដាក់​នោះ​ទេ ក៏​ប៉ុន្ដែ​គេ​អាច​ដាក់ កំ​បោ្លក​ជា​ជំ​រកបាន គឺ​មិន​ត្រូវ​ដាក់​ឱ្យ​លើស​ពី ១/៤ (​មួយ​ភាគ​បួន​) នៃ​ផ្ទៃ​អាង​ឡើយ ។

៤-​ប្រភព​កូន​ពូជ​អន្ទង់
បច្ចុប្បន្ន​នេះ កូន​ពូជ​អន្ទង់​ដែល​យក​មក ចិញ្ចឹម គឺ​ទទួល​បាន​ពី​ធម្មជាតិ​ទាំងស្រុង ដោយ​មិន​ទាន់​មាន​សមត្ថភាព​ភ្ញាស់​នៅឡើយ ក៏​ប៉ុន្ដែ​រដ្ឋបាល​ជលផល​កំពុង​តែ​ខិតខំ​ស្រាវ ជ្រាវ​លើ​ផ្នែក​បង្កាត់​ភ្ញាស់​កូន​អន្ទង់​ពូជ នៅ តាម​ស្ថានីយ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចែកចាយ​ឱ្យ​បាន​សម​ស្រប​តាម​តម្រូវ ការ​របស់​កសិករ និង​កាត់​បន្ថយ​សម្ពាធ​លើ ការ​ចាប់​អន្ទង់​ក្នុង​ធម្មជាតិ​មក​ចិញ្ចឹម ។

៥-​ការ​លែង​កូន​អន្ទង់​ពូជ
ក​-​ការ​ជ្រើសរើស​កូន​អន្ទង់​ពូជ
មិន​ខុស​ពី​ត្រី​នោះ​ទេ ការ​លែង​កូន​អន្ទង់ ពូជ​ដែល​មាន​ទំហំ​ខុស​គ្នា​ធ្វើ​ឱ្យ​មានការ ប្រជែង​គ្នា​ស៊ី​ចំណី និង​បណ្ដាល​ឱ្យ​ការ​ធំធាត់ ក៏​ខុស​គ្នា​ដែរ ។ យើង​ត្រូវ​ដឹង​ដែរ​ថា អន្ទង់​ជា ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ ដូច្នេះ​នៅ​ពេល ខ្វះ​ចំណី​អន្ទង់​ធំ​អាច​ស៊ី​អន្ទង់​តូច​ៗ​បាន ។ កូន អន្ទង់​ដាក់​ចិញ្ចឹម​ត្រូវ​មាន​ទំហំ​ស្មើ​ៗ​គ្នា និង ត្រូវ​មាន​ចំនួន​យ៉ាងច្រើន​២០​ក្បាល ក្នុង​មួយ គីឡូក្រាម ដើម្បី​ឱ្យ​កូន​អន្ទង់​មាន​អត្រា​រស់ ខ្ពស់ ។ កូន​អន្ទង់​ដែល​ចាប់ពី​ធម្មជាតិ​ត្រូវ​ថែ ទាំ​ឱ្យ​បាន​ល្អ​មិន​ត្រូវ​ច្រក​ក្នុង​ការុង​ទេ ចៀស វាង​ការ​ធ្វើ​ឱ្យ​អន្ទង់​មាន​ដំបៅ ឬ​រលាក​លើ​ដង ខ្លួន ។
ខ​-​ប្រភេទ​អន្ទង់
ប្រភេទ​អន្ទង់​ត្រូវ​ដាក់​ចិញ្ចឹម​ក៏​ជា​កត្ដា សំខាន់​មួយ​ដែរ ដោយ​យើង​ត្រូវ​ផ្ដោត​ទៅ​លើ តម្រូវការ​ទីផ្សារ និង​កំរិត​លូតលាស់​ធំធាត់ របស់​ប្រភេទ​អន្ទង់​នីមួយ​ៗ ។ ប្រភេទ​អន្ទង់ ដែល​មាន​លក្ខណៈ​សម​ស្រប​បំផុត​ក្នុង​ការ ចិញ្ចឹម និង​ដើម្បី​តម្រូវការ​ទីផ្សារ គឺ​អន្ទង់ ដំណើប និង​អន្ទង់​ត្រាវ ។
គ​-​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម
តាម​បទ​ពិសោធន៍​អនុវត្ដ​កន្លង​មក កូន អន្ទង់​ពូជ​ដែល​មាន​ទម្ងន់​២០​ក្បាល​ក្នុង​មួយ គីឡូក្រាម ត្រូវ​ដាក់​ចិញ្ចឹម​ពី​២០០​ក្បាល ទៅ ២៥០​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ ទទួល​បាន អត្រា​រស់​ខ្ពស់ និង​ផ្ដល់​ផល​ក្នុង​រយៈពេល​ខ្លី ។
ឃ​-​ការ​ដឹក​ជញ្ជូន និង​ពេលវេលា​លែង កូន​អន្ទង់
មតិ​ភាគច្រើន​បាន​យល់​ថា អន្ទង់​ជា ប្រភេទ​សត្វ​មាន​ភាព​ធន់​ទ្រាំ​នឹង​មជ្ឈមណ្ឌល ជុំវិញ​ខ្ពស់ និង​កំរិត​អុក​ស៊ី​សែន​ទាប ដូចនេះ មិន​បាន​គិតដល់​ការ​រក្សា​គុណភាព​កូន​អន្ទង់ ដែល​ត្រូវ​ដាក់​ចិញ្ចឹម ហើយ​តែង​ដឹក​ជញ្ជូន មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ។ កាលណា​កូន​អន្ទង់​ដឹក​ជញ្ជូន​មិន​បាន​សម ស្រប​អាច​ធ្វើ​ឱ្យ​កូន​អន្ទង់​បាក់កំលាំង​រលាក ខ្លួន និង​អាច​ងាប់ ក្រោយ​ពេល​ដាក់​ចូល​អាង ឬ​ធ្វើ​ឱ្យ​កូន​អន្ទង់​បន្លាយពេល​ស៊ី​ចំណី​នាំ​ឱ្យ ក្រិន ឬ​ធំធាត់​យឺត ។ ដូច្នេះ​ការ​ដឹក​ជញ្ជូន​កូន អន្ទង់ ទោះបី​មិន​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ ក្ដី​ក៏​យើង​ត្រូវ​ដាក់​វា​ក្នុង​បរិមាណ​មួយ​សម ស្រប​ដែរ ។ ការ​វេច​ខ្ចប់​កូន​អន្ទង់​ដើម្បី​ដឹក ជញ្ជូន​ត្រូវ​ដាក់​ក្នុង​ធុង ឬ​ថង់​ដែល​មាន​ភាព កកិត​ទាប​បំផុត ។ ជា​ទូទៅ​កូន​អន្ទង់​អាច ដាក់​បាន​ចំនួន​ច្រើន​ជាង​ត្រី ។
ពេលវេលា​ដាក់​កូន​អន្ទង់​ចូល​អាង គួរ កំណត់​យក​ពេល​រសៀល​ទើប​ល្អ ។ ការ​លែង កូន​អន្ទង់​ត្រូវ​អនុវត្ដ​ដោយ​ការ​បាចទឹក​បញ្ចូល បន្ដិច​ម្ដង​ៗ​ក្នុង​ធុង ឬ​ថង់​ដាក់​កូន​អន្ទង់ ដើម្បី ឱ្យ​កូន​អន្ទង់​មាន​លក្ខណៈ​បន្សាំ​ទៅ​មជ្ឈដ្ឋាន​ថ្មី​បាន​ល្អ ។

៦-​ពេលវេលា​ដាក់​ចិញ្ចឹម
ដោយសារ​កូន​អន្ទង់​ពូជ​បាន​ពី​ធម្មជាតិ ដូច្នេះ​អ្នក​ចិញ្ចឹម​ទាំងឡាយ​ត្រូវ​តែ​រង់ចាំ​រៀប ចំ​កន្លែង​ដាក់​កូន​អន្ទង់​ចិញ្ចឹម រហូត​ដល់​រដូវ ភ្លៀង​ធ្លាក់​ចាប់ពី​ខែមិថុនា ដល់​ខែសីហា ។ ពេលវេលា​ដែល​សម្បូរ​កូន​ពូជ​អន្ទង់​ជាងគេ​គឺ ខែកក្កដា និង​ខែសីហា ។

៧-​ប្រភេទ​ចំណី​អន្ទង់
ចំណីអាហារ​របស់​អន្ទង់​គឺ​កាក​សំណល់​ត្រី ដែល​មាន​តំលៃ​ថោក ខ្យង វា​រី​សត្វ និង​សត្វ ឥត​ឆ្អឹង​កង​ដទៃ​ទៀត ។ គេ​អាច​លាយ​ជា មួយ​នឹង​កន្ទក់ ម្សៅ​ត្រី ឬ​វីតាមីន ។ ចំណី ត្រូវ​រលាយ​ជាមួយ​សារធាតុ​ស្អិត ដើម្បី​ចៀស វាង​ការ​ខូចគុណភាព​ទឹក​ឆាប់រហ័ស​ពេក ។
ក​-​ប្រភេទ​ចំណី
តាម​បទ​ពិសោធន៍​កន្លង​មក ប្រភេទ​ចំណី ដែល​ត្រូវ​ផ្ដល់​ឱ្យ​អន្ទង់​ស៊ី​រួម​មាន​ត្រី ឬ​ខ្យង ដែល​ចាប់​តាម​វាលស្រែ បឹង​… និង​លាយ​ជា មួយ​នឹង​កន្ទក់​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ​។
នៅ​ខែ​ទី​មួយ ៖ ប្រភេទ​ចំណី​អន្ទង់ ប្រើ ប្រភេទ​ត្រី​គុណភាព​ទាប​ស្រុស​ជាមួយ​ទឹក ក្ដៅ ឬ​ខ្យង​ឆៅ​ចិញ្ច្រាំ​ដាក់​ឱ្យ​អន្ទង់​ស៊ី ។
ចាប់ពី​ខែ​ទី​ពីរ ៖ ប្រភេទ​ចំណី​អន្ទង់​ប្រើ កាក​សំណល់​ត្រី​ស្រុស​ជាមួយ​ទឹក​ក្ដៅ ឬ​ខ្យង ឆៅ​ចិញ្ច្រាំ និង​លាយ​ជាមួយ​កន្ទក់​ក្នុង​អត្រា មធ្យម​ត្រី ឬ​ខ្យង​៧០​ភាគរយ និង​កន្ទក់​៣០ ភាគរយ ។ កាក​សំណល់​ត្រី​ក្នុង​សមាសធាតុ ផ្សំ​ចំណី​មិន​អាច​ខ្វះ​បាន​ទេ តែ​ខ្យង និង​កន្ទក់ អាច​ខ្វះ​បាន ។ ប៉ុន្ដែ​ការ​លាយ​ផ្សំ​ចំណី​ចូល គ្នា​រវាង​ត្រី និង​កន្ទក់​ត្រូវ​បាន​ប្រើ​ញឹកញាប់ ព្រោះ​ងាយ​ឱ្យ​អន្ទង់​ធំធាត់​កាត់​បន្ថយ​ប្រាក់ ចំណាយ និង​អាច​ទទួល​បាន​ប្រាក់​ចំណេញ ច្រើន ។
ខ​-​ចរិត​ស៊ី​ចំណី
អន្ទង់​ជា​ប្រភេទ​សត្វ​ដែល​មានជីវិត
ក្រាំង ។ នៅ​ក្នុង​ធម្មជាតិ​ចាប់ពី​ខែមករា ដល់ ខែមីនា អន្ទង់​បាន​ចំណាយ​ពេលវេលា “​ជីវិត ក្រាំង​” នៅ​ក្នុង​ដី​ដោយ​ប្រើប្រាស់​អាហារ​បំរុង ដែល​មាននៅ​ក្នុង​ខ្លួន ។ ហេតុ​ដូច្នេះ​ហើយ អន្ទង់​ដែល​បាន​ពី​ធម្មជាតិ​យក​មក​ចិញ្ចឹម​នៅ អំឡុង​ពេល​ខែមករា ដល់​ខែមីនា អន្ទង់​ក៏​មិន ស៊ី​ចំណី​ដែរ ប៉ុន្ដែ​ក៏​មិន​ស្រក​ទម្ងន់​របស់​វា​ទេ​។ ទោះបី​អន្ទង់​ជា​ប្រភេទ​សត្វ​ដែល​មាន​ភាព​ធន់ នឹង​គុណភាព​ទឹក​កខ្វក់ ប៉ុន្ដែ​វា​អាច​ទ្រាំ​បាន ក្នុង​កំរិត​ណាមួយ​តែ​ប៉ុណ្ណោះ ។ ជាក់ស្ដែង ក្នុង​ការ​ចិញ្ចឹម​កន្លង​មក​នៅ​ពេល​ដែល​ទឹក ចាប់ផ្ដើម​ស្អុយ​ខ្លាំង អន្ទង់​បន្ថយ​កំរិត​ស៊ី​ចំណី ដែល​ពេល​នោះ​ទាមទារ​ឱ្យ​ផ្លាស់​ប្ដូរ​ទឹកដី បើ មិន​ដូច្នេះ​ទេវា​អាច​កើត​មាន​ជំងឺ និង​ត្រូវ​ងាប់​​។
មួយ​ខែ​ក្រោយ ចាប់ផ្ដើម​ពី​ពេល​ដែល អន្ទង់​ចាប់​ស៊ី​ចំណី (​ករណី​ពូជ​អន្ទង់​ចំនួន​៥០ គីឡូក្រាម មាន​ចំនួន​មធ្យម​១.០០០​ក្បាល​) ចំណី​ត្រូវ​ផ្ដល់ មាន​ចំនួន​២​គីឡូក្រាម ក្នុង​មួយ ថ្ងៃ​ចាប់ពី​ខែ​ទី​ពីរ បរិមាណ​ចំណី​កើន​ដល់​៣ គីឡូក្រាម ក្នុង​មួយ​ថ្ងៃ ។
តាម​ការ​កត់សំគាល់​បង្ហាញ​ថា ២​ទៅ​៣​ថ្ងៃ មុន​ពេល​ដល់​កំរិត​ត្រូវ​ផ្លាស់​ប្ដូរ​ទឹក ការ​​ស៊ី​ចំណី​របស់​អន្ទង់​បាន​ថយ​ចុះ​ពី​១៥​ភាគរយ​​ទៅ​២០​ភាគរយ ហើយ​នៅ​ពេល​ដែល​ផ្លាស់​ប្ដូរ​ទឹក រួច​ក្នុង​រយៈពេល​បី​ថ្ងៃ អន្ទង​មិន​ស៊ី​​ចំណី​ទេ ។ នៅ​រដូវរងា (​ពី​ខែ​ក​ក្ដិក ដល់​ខែ​​បុស្ស​) អន្ទង់​មិនសូវ​ស៊ី​ចំណី​ទេ គឺ​ថយ​ចុះ​ពី​១៥​ភាគរយ​ទៅ​២០​ភាគរយ​ដែរ ។
អន្ទង់​មិនមែន​ជា​សត្វ​ដែល​ត្រូវ​ស៊ី​ចំណី​ជា ប្រចាំ​ទេ រយៈពេល​២-៣​ថ្ងៃ ទើប​វា​ស៊ី​ចំណី ម្ដង ដូច​ករណី​សត្វ​ពស់ថ្លាន់​ដែរ ។ តាម​ការ ពិនិត្យ​ឃើញជាក់ស្ដែង ពេល​ផ្ដល់​ចំណី​រៀង រាល់ថ្ងៃ គឺ​អន្ទង់​បាន​ផ្លាស់​ប្ដូរ​វេន​គ្នា​មក​ស៊ី ចំណី មិនមែន​អន្ទង់​ក្នុង​អាង​ចិញ្ចឹម​ទាំងអស់ មក​ស៊ី​ចំណី​ព្រម​គ្នា​ទេ ។ អន្ទង់​ជា​ប្រភេទ​សត្វ ស៊ីសាច់​ជា​អាហារ ដូច្នេះ​អន្ទង់​ធំ​អាច​ស៊ី​អន្ទង់ តូច​ជា​អាហារ​បាន​នៅ​ពេល​វា​ឃ្លាន​ខ្លាំង ជា ហេតុ​បណ្ដាល​ឱ្យ​មានការ​បាត់បង់​ចំនួន​អន្ទង់ រួម​ផ្សំ​នឹង​ការ​បាត់បង់​ដោយ​ជំងឺ ឬ​ស្លាប់​ដោយ កត្ដា​ផ្សេង​ៗ ។

បទ​ពិសោធន៍​របស់​កសិករ​ខឹ​ម សា​រិ​ទ្ធ បាន​បង្ហាញ​ថា កូន​អន្ទង់​ដែល​ចាប់ពី​ធម្មជាតិ យក​មក​ដាក់​ចិញ្ចឹម​រយៈពេល​មួយ​សបា្ដហ៍ ទើប​ចាប់ផ្ដើម​ស៊ី​ចំណី​ដោយ​ប្រើ​ចំណី​ចំនួន​២ គីឡូក្រាម ក្នុង​មួយ​ថ្ងៃ អស់​រយៈពេល​មួយ​ខែ ទើប​បង្កើន​បរិមាណ​ចំណី​ដល់​ចំនួន​៣​គីឡូ ក្រាម ក្នុង​មួយ​ថ្ងៃ (​ករណី​កូន​អន្ទង់​ចំនួន​៥០ គីឡូក្រាម មាន​ចំនួន​មធ្យម​១.០០០​ក្បាល​) ហើយ​ការ​ចិញ្ចឹម​អន្ទង់​នេះ ជា​ទូទៅ​ចាប់ផ្ដើម នៅ​ខែសីហា ហើយ​ប្រមូល​ផល​នៅ​ខែមីនា ដែល​មាន​រយៈពេល​៨​ខែ ។
គ​-​ពេលវេលា​ផ្ដល់​ចំណី
ពេល​ល្ងាច​ជា​ពេលវេលា​ល្អ​សំរាប់​ការ​ផ្ដល់ ចំណី ។ នៅ​ពេល​ទឹក​ក្នុង​អាង​ឡើង​ស្អុយ និង នៅ​ពេល​ផ្លាស់​ប្ដូរ​ទឹក​ភ្លាម​ៗ អន្ទង់​មិន​ស៊ី​ចំណី ទេ ក្រោយ​រយៈពេល​បី​ថ្ងៃ​ទើប​អន្ទង់​ចាប់​ស៊ី ចំណី ព្រោះ​នៅ​ពេល​ប្ដូរ​ទឹក​ភ្លាម​អន្ទង់ សប្បាយ​នឹង​ទឹក​ថ្មី ។
ឃ​-​របៀប​ផ្ដល់​ចំណី
យើង​មិន​ត្រូវ​ដាក់​ចំណី​អន្ទង់​ដោយ​បោះ ចូល​ទៅ​ក្នុង​ទឹក​ផ្ទាល់​ទេ គឺ​ត្រូវ​រៀបចំ​ឱ្យ​មាន កញ្ច្រែង​ព្យួរ​ប៉​ប្រ៉ះ​ផ្ទៃ​ទឹក ។ នៅ​ពេល​ផ្ដល់ ចំណី​យើង​គ្រាន់តែ​ដាក់​ចំណី​នៅ​លើ​កញ្ច្រែង ហើយ​ចង​ព្យួរ​ប៉​ប្រ៉ះ​ទឹកជា​ការ​ស្រេច ពេល នោះ​កូន​អន្ទង់​នឹង​ងើប​មក​ស៊ី​ចំណី ដោយ​ខ្លួន ឯង ។ ចំពោះ​ទំហំ​អាង​រៀបរាប់​ខាងលើ​គួរ ដាក់​កញ្ច្រែង​ចំណី​ឱ្យ​បាន​យ៉ាងតិច​បី​កន្លែង ផ្សេង​ៗ​គ្នា ។

៨-​ការ​តាមដាន​គុណភាព​ទឹក និង​ការ ផ្លាស់​ប្ដូរ​ទឹក
ការ​តាមដាន​សំរាប់​ការ​ផ្លាស់​ប្ដូរ​ទឹក​មាន លក្ខណៈ​ងាយស្រួល​គឺ​តាម​រយៈ​អន្ទង់​បន្ថយ ស៊ី​ចំណី ។ ទឹក​ស្អុយ​ពេក​អន្ទង់​មិន​ស៊ី​ចំណីទេ ។ ដូច្នេះ​វា​ជា​សញា​បង្ហាញ​ឱ្យ​យើង​ត្រូវធ្វើ​ការ​ផ្លាស់​ប្ដូរ​ទឹក ។ ការ​ផ្លាស់​ប្ដូរ​ទឹកជា​ទូទៅ គឺ​នៅ​រៀង​រាល់​១០​ថ្ងៃ​ម្ដង ដោយ​បង្ហូរ​តាម បំពង់​ទឹក​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ។

៩-​ជំងឺ​អន្ទង់
តាម​បទ​ពិសោធន៍​កន្លង​មក អន្ទង់​ចិញ្ចឹម នៅ​អំឡុង​ខែមករា កុម្ភៈ និង​មីនា ភាគច្រើន សង្កេត​ឃើញ​មាន​កើត​ដំបៅ តែ​ក៏​មិន​ទាន់ មានការ​សន្និដ្ឋាន​ថា អន្ទង់​កើត​មាន​ជំងឺ​ដោយ ការ​ប្រែប្រួល​អាកាសធាតុ ឬ​ការ​ប៉ះទង្គិច​គ្នា ឬ​ខាំ​គ្នា ។ ការ​ព្យាបាល គឺ​ប្រើ​ដើម​ត្រស់​កាត់​ជា​កង់​ៗ​ត្រាំ​ទៅ​ក្នុង​ទឹក  ដើម្បី​ឱ្យ​ចេញ​ជ័រ​​ខ្មៅ​ៗ​រយៈពេល​១៥-២០​ថ្ងៃ​នឹង​ឃើញ​អន្ទង់​​បានជា​សះស្បើយ​វិញ ។

១០-​ការ​ប្រមូល​ផល
ដូច​បាន​រៀបរាប់​ខាងលើ​រយៈពេល​ចិញ្ចឹម អន្ទង់​មាន​ពី​៦-៨​ខែ ។ ដោយសារ​នៅ​រដូវ ប្រាំង​ក្នុង​ចន្លោះ​ពេល​ពី​ខែមករា ដល់​ខែមីនា អន្ទង់​ត្រូវ​រស់នៅ​ក្នុង​ជីវិតក្រាំង​ក្នុង​ដី​ដែល ធ្វើ​ឱ្យ​លំបាក​ក្នុង​ការ​នេសាទ ដូច្នេះ​ក្នុង​ចន្លោះ ពេល​នេះ អន្ទង់​មាន​តម្លៃ​ខ្ពស់​ជាងគេ ជា​រៀង រាល់​ឆ្នាំ ។ ដូចនេះ ការ​ប្រមូល​ផល​អន្ទង់ ចិញ្ចឹម​ភាគច្រើន​ស្ថិត​ក្នុង​ខែមករា កុម្ភៈ និង ខែមីនា ។

១១-​ការ​វិភាគ​សេដ្ឋកិច្ច
ក្នុង​ការ​សិក្សា​ផល​ចំណេញ​នេះ យើងខ្ញុំ សូម​លើក​មក​វិភាគ​មិន​ត្រឹមតែ​លើ​ប្រាក់ចំណូល​ទេ​​គឺ​ថែម​ទាំង​លើ​ទិដ្ឋភាព​ផ្សេង​ៗ ទៀត ដែល​នឹង​មាន​រៀបចំ​ក្នុង​ចំណុច​ស​ន្និ ដ្ឋា​ន ។ ការ​វិភាគ​ប្រាក់​ចំណេញ​លើ​ករណីចិញ្ចឹម​របស់​កសិករ​ខឹ​ម សា​រិ​ទ្ធ នៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង ។
ការ​គណនា​បរិមាណ​ចំណី
ករណី​សិក្សា​កូន​អន្ទង់​ពូជ​ចំនួន​៥០​គីឡូ ក្រាម មាន​ចំនួន​មធ្យម​១.០០០​ក្បាល ហើយ រយៈពេល​ចិញ្ចឹម​៨​ខែ មាន​ចំនួន​២៤០​ថ្ងៃ (​ពី ខែសីហា ដល់​ខែមីនា​) ។
រយៈពេល​ដែល​អន្ទង់​មិន​ស៊ី​ចំណី ៖ សរុប ១៣៩​ថ្ងៃ
-​ក្រោយ​ពេល​ដាក់​កូន​អន្ទង់ អន្ទង់​មិន​ស៊ី ចំណី​មាន​៧​ថ្ងៃ
-​នៅ​ខែ​ទី​១ អន្ទង់​មិន​ស៊ី​ចំណី​មាន​៦​ថ្ងៃ
-​ចាប់ពី​ខែ​ទី​២​ដល់ទី​៨ អន្ទង់​មិន​ស៊ី​ចំណី មាន​១២៦​ថ្ងៃ
រយៈពេល​ដែល​អន្ទង់​ស៊ី​ចំណី​ថយ​ចុះ
-​នៅ​ខែ​ទី​១ មាន​ចំនួន​៦​ថ្ងៃ ដែល​មាន អត្រា​ផ្ដល់​ចំណី​តែ​១,៦៥​គីឡូក្រាម ក្នុង​មួយ ថ្ងៃ
សរុប​បរិមាណ​ចំណី​៦​ថ្ងៃ ខ ១,៦៥​គីឡូ ក្រាម = ៩,៩​គីឡូក្រាម (​ត្រី ឬ​ខ្យង​សុទ្ធ​)
-​នៅ​ខែ​ទី​២ ដល់ទី​៥ មាន​ចំនួន​៣៦​ថ្ងៃ ដែល​មាន​អត្រា​ផ្ដល់​ចំណី​តែ​២,៥​គីឡូក្រាម ក្នុង​មួយ​ថ្ងៃ
សរុប​បរិមាណ​ចំណី​៣៦​ថ្ងៃ ខ ២,៥​គីឡូ ក្រាម = ៩០​គី​ី​ឡូ​ក្រាម (​ត្រី ឬ​ខ្យង​ចំនួន ៦៣​គីឡូក្រាម និង​កន្ទក់​ចំនួន​២៧​គីឡូក្រាម​)
រយៈពេល​ដែល​អន្ទង់​ស៊ី​ចំណី​ពេញលេញ
-​នៅ​ខែ​ទី​១ មាន​ចំនួន​១១​ថ្ងៃ ដែល អត្រា​ផ្ដល់​ចំណី​មាន​២​គីឡូក្រាម ក្នុង​មួយ​ថ្ងៃ
សរុប​បរិមាណ​ចំណី​១១​ថ្ងៃ ខ ២​គីឡូ ក្រាម = ២២​គីឡូក្រាម (​ត្រី ឬ​ខ្យង​សុទ្ធ​)
-​នៅ​ខែ​ទី​២ ដល់ទី​៥ មាន​ចំនួន​៤៨​ថ្ងៃ ដែល​អត្រា​ផ្ដល់​ចំណី​៣​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ
សរុប​បរិមាណ​ចំណី​៤៨​ថ្ងៃ ខ ៣​គីឡូ ក្រាម = ១៤៤​គីឡូក្រាម (​ត្រី ឬ​ខ្យង​ចំនួន ១០០,៨​គីឡូក្រាម និង​កន្ទក់​ចំនួន​៤៣,២ គីឡូក្រាម​)
ដូច្នេះ​ការ​ចិញ្ចឹម​រយៈពេល​៨​ខែ អន្ទង់ ត្រូវការ​បរិមាណ​ចំណី​ចំនួន​២៦៥,៩​គីឡូ ក្រាម ក្នុង​នោះ​ត្រី ឬ​ខ្យង​ចំនួន​១៩៥,៧​គីឡូ ក្រាម និង​កន្ទក់​ចំនួន​៧០,២​គីឡូក្រាម ។
ការ​វិភាគ​សេដ្ឋកិច្ច
ចំណាយ
-​ពូជ​អន្ទង់ ចំនួន​៥០​គីឡូក្រាម ខ ៤.៥០០ រៀល = ២២៥.០០០​រៀល
-​ត្រី ឬ​ខ្យង ចំនួន​១៩៥,៧​គីឡូក្រាម ខ ១.៥០០​រៀល = ២៩៣.៥៥០​រៀល
-​កន្ទក់ ចំនួន​៨២,៨​គីឡូក្រាម ខ ៧៥០​រៀល = ៥២.៦៥០​រៀល
សំភារ​សាងសង់​អាង​ចំនួន​១៥០.០០០ រៀល (​ប្រើ​បាន​រយៈពេល​២​ទៅ​៣​ឆ្នាំ​)
សរុប​ចំណាយ​៧២១.២០០​រៀល
ចំណូល
អន្ទង់​ពេល​ប្រមូល​ផល​មាន​ចំនួន​១០០ គីឡូក្រាម បាន​ន័យ​ថា កើន​មួយ​ជា​ពីរ ព្រោះ ពេល​ដាក់​ចិញ្ចឹម​អន្ទង់​មាន​ទម្ងន់​សរុប​៥០​គីឡូ ក្រាម ។ តម្លៃ​លក់​ចេញ​ជា​មធ្យម​១២.០០០ រៀល ក្នុង​១​គីឡូក្រាម បាន​ន័យ​ថា កើន​ជាង ២,៥​ដង ដូច្នេះ​ប្រាក់​ចំណូល​គឺ ១០០​គីឡូ ក្រាម ខ ១២.០០០​រៀល = ១.២០០.០០០ រៀល
ចំណេញ
១.២០០.០០០​រៀល​-៧២១.២០០
រៀល = ៤៧៨.៨០០​រៀល
១២-​ការ​សន្និដ្ឋាន
ឆ្លង​តាម​បទ​ពិសោធន៍​អស់​រយៈពេល​បួន ឆ្នាំ​នៃ​ការ​ចិញ្ចឹម​អន្ទង់​នេះ និង​តាម​ការ​វិភាគ ផល​សេដ្ឋកិច្ច យើងខ្ញុំ​សូម​ធ្វើការ​សន្និដ្ឋាន​ដូច ខាងក្រោម ៖
-​ចំពោះ​ប្រជា​នេសាទ កូន​អន្ទង់​ពូជ​អាច រកបាន​ដោយ​ខ្លួនឯង និង​លក់​បាន​តម្លៃ​ថោក តែ​នៅ​ពេល​ដែល​គាត់​ដាក់​ចិញ្ចឹម​បំប៉ន​បន្ថែម នោះ តម្លៃ និង​ទម្ងន់​ត្រូវ​កើន​ជា​ពីរ ឬ​បី​ដង ។
-​រូបភាព​នៃ​ការ​ចិញ្ចឹម​មាន​លក្ខណៈ​ងាយ ដែល​អាច​ទទួលយក​ទៅ​អនុវត្ដ​បន្ដ​បាន
-​ផ្ដល់​ការងារ​ដល់​សមាជិកគ្រួសារ ជា ពិសេស​ស្ដ្រី​ក៏​អាច​ធ្វើ​ការងារ​នេះ​បាន​ដែរ
-​ផ្ទៃដី និង​ពេលវេលា​ទំនេរ​ត្រូវ​បាន​ប្រើ  និង​ក្លាយជា​ប្រាក់​ចំណូល
-​បង្កើន​បទ​ពិសោធន៍​វិជ្ជាជីវៈ និង​អាច ក្លាយជា​គ្រូ​បង្គោល​ក្នុង​សកម្មភាព​អភិវឌ្ឍន៍ វា​រី​-​វប្បកម្ម
-​ប្រើប្រាស់​ត្រី​ដែល​មានគុណ​ភាព​ទាប​ឱ្យ ក្លាយទៅជា​សាច់សត្វ​មាន​តម្លៃ​ខ្ពស់
-​ប្រើប្រាស់​សំភារ​ដែល​មិន​មាន ប្រយោជន៍​សេដ្ឋកិច្ច​មក​ជា​មធ្យោបាយ​បង្កើន ប្រាក់​ចំណូល
-​បង្កើន​ប្រាក់​ចំណូល​លើក​ស្ទួយ​សេដ្ឋកិច្ច គ្រួសារ ។

ដូច្នេះ​យើងខ្ញុំ​សូម​សំណូមពរ​ដូច​ខាងក្រោម ៖
-​ប្រជា​កសិករ ត្រូវ​សាកល្បង​ចិញ្ចឹម អន្ទង់​តាម​មេរៀន​ដូច​បាន​រៀបរាប់​ខាងលើ ដោយ​ប្រើប្រាស់​ធនធាន​ដែល​នៅ​ជុំវិញ​ឱ្យ មាន​តម្លៃ និង​បង្កើន​ប្រាក់​ចំណូល ។
-​មន្ដ្រី​ជំនាញ​ជលផល​ទាំងអស់ ត្រូវ​រួម គ្នា​ស្រាវជ្រាវ​លើ​ការ​ភ្ញាស់​កូន​អន្ទង់ ដើម្បី បំពេញតម្រូវការ​ចិញ្ចឹម​កាត់ បន្ថយ​ការ​ចាប់ពី ធម្មជាតិ ៕