ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​អង្គុយ​ច្នៃ​កាំភ្លើង​បា.ញ់​សត្វ​ជាមួយ​ប្តី​សុខ​ៗ ស្រាប់តែ​ភ្លាត់ស្នៀត​ផ្ទុះ​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ដៃ និង​ពោះ​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ដោយ​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក គ្រូពេទ្យ​មិន​អាច​ជួយ​បាន ក៏​ប្រញាប់​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ខណៈ​ពួក​គេ​នាំ​គ្នា​ច្នៃ​កាំភ្លើង (​ឆ្នុក​)…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ដៃ និង​ពោះ​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ដោយ​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក គ្រូពេទ្យ​មិន​អាច​ជួយ​បាន ក៏​ប្រញាប់​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ខណៈ​ពួក​គេ​នាំ​គ្នា​ច្នៃ​កាំភ្លើង (​ឆ្នុក​) ១​ដើម ទុក​សម្រាប់​យក​ទៅ​បាញ់​សត្វ ដើម្បី​លក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏​ស្រាប់តែ​ភ្លាត់ស្នៀត​ផ្ទុះ​១​គ្រាប់​រង​របួស​តែ​ម្តង ។

ហេតុការណ៍​បុរស​ម្នាក់​ច្នៃ​កាំភ្លើង​ផ្ទុះ​ត្រូវ​ប្រពន្ធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នក​កែ​ច្នៃ​កាំភ្លើង​ខុសច្បាប់​ជា​ប្តី​មានឈ្មោះ ខឿ​ង ព្រិច ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​កសិករ ពិការ​ជើង​ម្ខាង ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ មាស គែម អាយុ​៥២​ឆ្នាំ ជា​កសិករ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា បុរស​ខាងលើ​ជា​ប្តី​ពិការ​ជើង​ម្ខាង បាន​នាំ​ប្រពន្ធ​របស់​ខ្លួន​ច្នៃ​កាំភ្លើង​ឆ្នុក​១​ដើម នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន ទុក​សម្រាប់​យក​ទៅ​បរបាញ់​សត្វ លុះ​ខណៈ​កំពុង​តែ​ច្នៃ​សុខ​ៗ មិនដឹង​ជា​យ៉ាងណា ក៏​ស្រាប់តែ​ផ្ទុះ​ចំ​ប្រពន្ធ​របស់​ខ្លួនឯង ដែល​កំពុង​អង្គុយ​នៅ​ក្បែរ​គ្នា​នោះ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ (​ចំ​ដៃ និង​ពោះ​) ហូរ​ឈាម​ជោក​ខ្លួន​តែ​ម្តង ។

លោក​បន្ត​ថា ពួក​គេ​ច្នៃ​កាំភ្លើង​១​ដើម​នេះ គឺ​ខុស​នឹង​ច្បាប់​ទាំងស្រុង តែ​ខាង​លោក​បាន​ឃាត់ខ្លួន​យក​មក​រៀបចំ​ធ្វើ​សំណុំរឿង ដោយ​មិនដឹង​ថា ត្រូវ​បញ្ជូន ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ប្រពន្ធ​រង​របួសធ្ងន់​ដេកពេទ្យ ហើយ​កូន​ៗ​មក​យំ​សុំ​អង្វរ​កុំឱ្យ​ដាក់ទោស​ដល់​ឪពុក​របស់​ខ្លួន ព្រោះ​អត់​មាន​អ្នក​រកស៊ី​ចិញ្ចឹម​ពួក​គេ​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ នគរបាល​កំពុង​រង់ចាំ​មើល​សភាព​ការ​របស់​ប្រពន្ធ​របស់​គាត់ បើសិនជា​ធូរស្បើយ​ជាង​មុន អាច​នឹង​ដោះ​លែង​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ទៅ​ផ្ទះ​វិញ តែបើ​ធ្ងន់ធ្ងរ​រហូត​ដល់​ប៉ះពាល់​ដល់​អាយុជីវិត ប្តី​ស្ត្រី​រង​គ្រោះ​ត្រូវ​តែ​មានទោស​ជាក់​ជា​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ