ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​សម្រាប់​អ្នក​ចង់​ក្លាយជា​សិល្បករ​ល្ខោនខោល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​រយៈពេល​៣​ជំនាន់​រួច​មក​នោះ ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី បាន​ផ្តួចផ្តើម​ជ្រើសរើស​សិស្ស​ជំនាន់​ទី​៤​ឲ្យ​ចូល​ហាត់រៀន​ដោយ​មិន​គិតថ្លៃ ។ ការ​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់ផ្តើម​ពី​ថ្ងៃនេះ​តទៅ ហើយ​ការ​ហាត់រៀន​នឹង​ត្រូវ​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៨​រៀងរាល់ថ្ងៃ​អាទិត្យ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​រយៈពេល​៣​ជំនាន់​រួច​មក​នោះ ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី បាន​ផ្តួចផ្តើម​ជ្រើសរើស​សិស្ស​ជំនាន់​ទី​៤​ឲ្យ​ចូល​ហាត់រៀន​ដោយ​មិន​គិតថ្លៃ ។

ការ​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់ផ្តើម​ពី​ថ្ងៃនេះ​តទៅ ហើយ​ការ​ហាត់រៀន​នឹង​ត្រូវ​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៨​រៀងរាល់ថ្ងៃ​អាទិត្យ ។

ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី និង​ជា​គ្រូបង្ហាត់​ផ្ទាល់​លោក​ហង់ ភូមិ​រ៉ា ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​១២ មក​រា ២០១៨​ថា ក្រុម​របស់​លោក​បាន​បង្កើត​ឡើង​ជាង​មួយ​ឆ្នាំ​មក​ហើយ ។ ចំពោះ​ការ​បង្ហាត់បង្រៀន​បាន​ធ្វើ​ឡើង​៣​ជំនាន់ ។ ក្រុម​សិល្បៈ​របស់​លោក​បង្ហាត់​ផ្តោត​ជា​សំខាន់​ទៅ​លើ​ល្ខោនខោល​ជាង​របាំ​ប្រពៃណី ដែល​បង្រៀន​តែ​ទៅ​លើ នារី​ៗ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​កំពុង​តែ​ជ្រើសរើស​សិស្ស​ជំនាន់​ទី​៤​សម្រាប់​ហ្វឹក​ហាត់​ដោយ​មិន​យក​ប្រាក់​ឡើយ ហើយ​មួ​យស​ប្តា​ហ៍​ហាត់​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​អាទិត្យ​ព្រឹកល្ងាច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ។

បើ​តាម​លោក​ហង់ ភូមិ​រ៉ា ការ​បង្ហាត់បង្រៀន​នា​ពេល​កន្លង​មក​គឺ​ទទួល​បាន​ជោគជ័យ​ច្រើន ក្នុង​នោះ​សិស្ស​មានឱកាស​បាន​ចេញ​សម្តែង​ច្រើន​ហើយ​ការ​ហាត់រៀន​មួយ​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​នោះ គឺ​ទទួល​បានការ​ចេះ​ដឹង​ច្រើន​ជាង​អ្នក​អាជីព​ទៅ​ទៀត ។

ភាគច្រើន​សិស្ស​និស្សិត​ដែល​ហាត់រៀន​គឺ​ពី​បណ្តា​វិទ្យាល័យ និង​សាកល​វិទ្យា​នានា​ដែល​រៀន​ជំនាញ ផ្សេង​ៗ ប៉ុន្តែ​ដោយសារ​ចិត្ត​ស្រឡាញ់​សិល្បៈ​ទើប​ពួក​គេ​បាន​ឆ្លៀត​ទំនេរ​ពី​ការ​សិក្សា​ដើម្បី​ហាត់រៀន​សិល្បៈ ។ ការ​ដែល​ពួក​គេ​ហាត់រៀន​នេះ គឺ​គោលបំណង​ចង់​ដឹង​ពី​សិល្បៈ​បុរាណ​ខ្មែរ​យើង ហើយ​ពេល​ដែល​ចេះ​ទៅ​អាច​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​ទៅ​កាន់ ក្មេង​ៗ​ជំនាន់​ក្រោយ​ទៀត ។

តាម​ការ​រំពឹង​ទុក​របស់​លោក​ហង់ ភូមិ​រ៉ា សិស្ស​នៅ​ជំនាន់​ថ្មី​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​គ្នា បើ​ទោះបីជា​យុវវ័យ​សម័យនេះ​ហាក់​នៅ​មាន​កម្រិត​នៃ​ការ​យល់​ដឹង​ពី​តម្លៃ និង​ការ​គាំទ្រ​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ក៏​ដោយ ។

លោក​ហង់ ភូមិ​រ៉ា បញ្ជាក់​ថា «​ការ​ជ្រើសរើស​សិស្ស​ចូល​រៀន​នា​ពេល​នេះ​គឺ​ខ្ញុំ​មិន​មានការ​ជួយ​ពី​ភាគី​ណាមួយ​ឡើយ ពោល​គឺជា​ការ​ចំណាយ​ប្រាក់​របស់ខ្ញុំ​ផ្ទាល់ និង​ការ​ជួយ​ជ្រោម​ជ្រែង​បន្ថែម​ពី​កូនក្រុម​របស់ខ្ញុំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្នុង​ចិត្ត​ស្រឡាញ់ និង​ចូលរួម​អភិ​រក្ស​សិល្បៈ​វប្បធម៌​ខ្មែរ​ខ្ញុំ​បាន​ខិតខំ​ចំណាយ​ទាំង​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់ និង​បានដឹង ។

គោលបំណង​សំខាន់​របស់ខ្ញុំ​នា​ពេល​នេះ​គឺ​ចង់​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់​ពី​តម្លៃ និង​សិល្បៈ​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​ទាំងនោះ​ក្លាយជា​អ្នក​បន្តវេន​សម្រាប់​បង្ហាត់​បង្រៀន​​ដល់​អ្នក​ជំនាន់​ក្រោយ​ទៀត ។ ប្រសិនបើ​យើង​មិន​ជួយ​បណ្តុះបណ្តាល​អ្នក​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​ដែល​នៅ​តិចតួច​នេះ​ទេ នោះ​វា​នឹង​រឹតតែ​បាត់បង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​ពេល​ដែល​វប្បធម៌​បរទេស​កំពុង​តែ​វាយលុក​ចូល​មក​យ៉ាង​គំហុក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ