រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កិច្ចព្រមព្រៀងចំនួន១៩ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅក្នុងដំណើរបំពេញួស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកកាន់កម្ពុជានៅវិមានសន្តិភាព ។
បន្ទាប់ពីបញ្ចប់ជំនូបចរចារទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដែលធ្វើឡើងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១១ មករា នេះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងមួយចំនួនដូចខាងក្រោម ។
១.អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍន៍មជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជាចិន ។ ២.អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល ។ ៣.កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ។ ៤.លិខិតប្ដូរសារស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ ។
៥.លិខិតប្ដូរសារស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់ ។ ៦.អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ។ ៧.អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួម លើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា ។ ៨.អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ ។ ៩.កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌល បង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា ។
១០.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ដំណាក់កាលទី២ ។ ១១.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ (ចោមចៅ បែកគូស ក្រុងកំពត) ។ ១២.អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក ។ ១៣.កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ។
១៤.កិច្ចព្រមព្រៀង ស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ។ ១៥.អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ ។ ១៦.កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី៥០០kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់ ។ ១៧. កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី ប្រទេសកម្ពុជា ។ ១៨.កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ១ ។ ១៩.កិច្ចព្រមព្រៀងស្ដីពីគម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ ៕
ចែករំលែកព័តមាននេះ