រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងតាមផ្លូវលំ ត្រង់ចំណុចផ្លូវខ្វែង ខាងត្បូងវត្តស្រះស្រង់ ស្ថិតក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌពោសែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះម្នាក់ឈ្មោះ ម៉ក់ នី អាយុ៣២ឆ្នាំ មុខរបរលក់ខោអាវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FL-៤២៤៤ ធ្វើដំណើពីត្បូងទៅជើង និងមានឌុបកូនប្រុសម្នាក់ឈ្មោះ គ្រី សុខា អាយុ៦ឆ្នាំ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ។ លុះពេលដែលមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់មិនចាំស្លាកលេខបានជិះវ៉ាជែងរថយន្តផ្សេងទៀតក៏ជ្រុលទៅបុកម៉ូតូស្ត្រីរងគ្រោះពេញទំហឹងបណ្តាលឱ្យខ្ទាតជាច្រើនមែន ។
ប្រភពបន្តថា ភ្លាមៗនោះរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្ត្រីរងគ្រោះដែលរងរបួសបាក់ដៃឆ្វេង និងសន្លប់ រីឯកូនប្រុសសន្លប់ធំសល់ត្រឹមដង្ហើមចង្រិត ។ នៅខណៈពេលនេះដែរជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ៕
ចែករំលែកព័តមាននេះ