រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន កំណើនរថយន្តជជុះនៅក្នុងប្រទេសកម្ពុជា នៅតែបន្តកើនឡើង និងមានចំនួនច្រើនដដែលបើធៀបនឹងរថយន្តថ្មីៗ ។ កត្តាទាំងនេះ បានធ្វើឲ្យអ្នកដែលមានបំណងទិញរថយន្តយកទៅប្រើប្រាស់ជួបការលំបាក ដែលអ្នកខ្លះទិញបានរថយន្តល្អតែក៏មានអ្នកខ្លះទៀតទិញប៉ះរថយន្តកាត់ជា២-៣កំណាត់ ឬរថយន្តដែលបុកខូចទ្រង់ទ្រាយដើម ហើយយកទៅកែកុនឡើងវិញ ។
លោក សៅ រឹទ្ធី អ្នកជំនាញមើលរថយន្តមួយរូប បានចែកចាយពីគន្លឹះសំខាន់ៗសម្រាប់អ្នកមានបំណងស្វែងរកទិញរថយន្តមួយទឹកប្រើប្រាស់ ។ ជាក់ស្ដែង សម្រាប់រថយន្តមានបុកឬអត់ គេត្រូវមើលទៅលើការបាញ់ថ្នាំឡើងវិញនៅកន្លែងអាថ៌កំបាំងនៃរថយន្ត ពោលគឺផ្នែកខាងមុខក្បែរម៉ាស៊ីនរថយន្ត ។ លោកថា ៖« ឡានបើមានបុកហើយ មិនអាចនៅទ្រង់ទ្រាយដើមបានឡើយ បើទោះបីជាបាញ់ថ្នាំ និងប៉ូលាថ្នាំថ្មីឡើងវិញក៏ដោយ ក៏វានៅមានកន្លែងណាមួយអាចចំណាំបានដែរ ។ ដូចនេះ បើថ្នាំវាមានលក្ខណៈខុសប្លែកពីគ្នា មានន័យថា ឡាននោះមានការបុក ឬប៉ះទង្គិចហើយ » ។
តាមរយៈវីដេអូឃ្លីបដែលលោកបានបង្ហោះចែកចាយក្នុងបណ្ដាញយូធូប ក៏បានប្រាប់ពីគន្លឹះមើលរថយន្តក្រឡាប់ ឬរថយន្តកាត់តផងដែរ។ អ្នកទិញរថយន្តត្រូវមើលនៅត្រង់ទ្វារ និងជុំវិញរថយន្តទាំងមូល ប៉ុន្តែត្រូវមើលនៅកន្លែងអាថ៌កំបាំងឲ្យបានច្បាស់ផងដែរ ។ រថយន្តកាត់តហើយយកមកផ្សារបាញ់ថ្នាំថ្មីឡើងវិញ មើលនឹងភ្នែកមិនដឹងទេ ប៉ុន្តែត្រូវពិនិត្យដោយយកចិត្តទុកដាក់ និងប្រើប្រាស់ដៃស្ទាបថ្នមៗនៅកន្លែងសំខាន់ ។
លោកបន្តថា ការកាត់តរថយន្តមានច្រើនបែប ច្រើនសណ្ឋាន និងច្រើនកន្លែង ។ កន្លែងត្រូវពិនិត្យ គឺនៅត្រង់ទ្វារជាប់នឹងតួរថយន្តតែម្ដង ហើយត្រូវប្រៀបធៀបជាមួយរថយន្តថ្មីដែលមិនកាត់ត តើវាមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ ។ រថយន្តថ្មី ពេលស្ទាបវាគ្មានដុំក្រមរ ឬពកឡើយ ចំណែករថយន្តកាត់ត គេយកមកផ្សារ អីចឹងហើយត្រូវតែមានដុំពក និងក្រមរនៅត្រង់កន្លែងផ្សារនោះ ។ លើសពីនេះ ក៏ត្រូវពិនិត្យនៅកន្លែងណាដែលលាក់បាំងពីភ្នែកផងដែរ ។
លោកបន្ថែមថា អ្នកទិញរថយន្ត ត្រូវចេះមើលដោយខ្លួនឯងទៅលើសាច់ដែកនៃតួរថយន្ត ព្រោះនៅត្រង់ទ្វាររថយន្ត និងតួរថយន្តមានស្រទាប់ដែកជាផ្នត់ៗ ហើយបើសិនជាមានការកាត់តនោះ វានឹងធ្វើឲ្យមានស្នាមភ្លាម ឬនៅពេលស្ទាបមានអារម្មណ៍ថា កន្ទួលត្រង់កន្លែងកាត់តនោះ ។ អីចឹង រាល់ពេលស្ទាបត្រូវយកចិត្តដាក់បំផុត បើពុំនោះទេ នឹងមិនទទួលបានរថយន្តស្អាតល្អប្រើប្រាស់ឡើយ ។
បើតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានបញ្ជាក់ថា បរិមាណរថយន្តជជុះកំពុងចរាចរនៅលើដងផ្លូវ គឺស្មើរហូតដល់៨០% ទៅ៨៥%ឯណោះ ៕
ចែករំលែកព័តមាននេះ