ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៤​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ទទួល​អំណោយ​ពី​កាកបាទក្រហម

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​រង​ការ​ប៉ះពាល់​ចំនួន​៤​គ្រួសារ​នៅ​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​ជា​ការ​ជួយ​ដោះ​ទល់​ជំហាន​ដំបូង ។ អំណោយ​មនុស្សធម៌​នេះ​ត្រូវ​បាន…

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​រង​ការ​ប៉ះពាល់​ចំនួន​៤​គ្រួសារ​នៅ​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​ជា​ការ​ជួយ​ដោះ​ទល់​ជំហាន​ដំបូង ។ អំណោយ​មនុស្សធម៌​នេះ​ត្រូវ​បាន លោក ខូ​យ រី​ដា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ជាមួយ​ក្រុមការងារ នាំ​យក​ទៅ​ចែក​ជូន​ដោយ​ផ្ទាល់​ដៃដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំងអស់ កាលពី​នា​រសៀល​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ ។

លោក ខូ​យ រី​ដា បាន​ចូលរួម​សម្ដែង​ការ​សោកស្ដាយ​នូវ​ការ​បាត់បង់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ ដែល​បណ្ដាល​មក​ពី​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង តែ​សំណាងល្អ​ដែល​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​សោកសៅ​នេះ​ភ្លាម ក្រុមការងារ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​រៀបចំ​អំណោយ​យក​មក​ផ្ដល់​ជូន​ដល់ទី​កន្លែង​ភ្លាម ដោយ​មិន​បង្អង់​យូរ​នោះ​ទេ ។ ថ្វី​ត្បិត​អំណោយ​នេះ​តិចតួច​ក៏​ពិតមែន តែ​វា​មាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​យើង​ដែល​ជួប​បញ្ហា សបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់ និង​ទឹកចិត្ត​មនុស្សធម៌​របស់​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។

ក្នុង​នាម​ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា លោក ខូ​យ រី​ដា បាន​សំណូមពរ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ទាំងអស់​កុំ​អស់សង្ឃឹម ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​រក​ទទួលទាន​ទៅ​មុខ​ទៀត​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​ឡើង​វិញ ។ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​ធ្វេសប្រហែស​ចំពោះ​ភ្លើងចង្ក្រាន និង​ភ្លើងទៀន​ធូប​ជាដើម ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ រីងស្ងួត​ហួតហែង​អាច​បង្ក​ជា​អគ្គិភ័យ​បាន ។

អំណោយ​ផ្តល់​ជូន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​១​កេស មុង​១ ភួយ​១ ក្រ​ម៉ា​១ សារុង​១ តង់​១ កន្ទេល​១ និង​ថវិកា​២០​ម៉ឺន​រៀល ។ ដោយឡែក លោក អ៊ូ ឆៃ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូ​គមនាគមន៍​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​គ្រួសារ​ចំនួន​១០​ម៉ឺន​រៀល ។ លោកស្រី អៀង សុភាព បាន​នាំ​យក​អំណោយ​របស់​សមាគម​ន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ខេត្តពោធិ៍សាត់​បន្ថែម​ជូន​មួយ​គ្រួសារ ថវិកា​៥​ម៉ឺន​រៀល សារុង​២ និង​សម្ភារ​អនាម័យ​មាត់​ធ្មេញ​មួយ​ចំនួន​ទៀត ។

គួរ​រំឭក​ថា វេលា​ម៉ោង​២២​និង​៤៥​នាទី​យប់ កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ឆេះ​ផ្ទះ​ប្រេ​ជា​ពលរដ្ឋ​ឈ្មោះ នួន មុន្នី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ប្រពន្ធ​ឈ្មោះ យឹ​ម ស៊ី​ណាត អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខណៈ​ពេល​ម្ចាស់​មិន​នៅផ្ទះ ។ អគ្គិភ័យ​នេះ​បាន​រាល​ឆេះ​ផ្ទះ​អ្នក​ជិតខាង​ចំនួន​៣​ខ្នង​ទៀត ទើប​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត មក​បាញ់​ទឹក​ពន្លត់​ទាន់​មិន​រាល​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ