ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​មិន​ព្រម​ជល់​កែវ​ក៏​វាយ​គេ ឥឡូវ​ជាប់​ឃុំ​ហើយ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៨ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ដែល​ខឹង​មិត្តភក្តិ​អត់​ព្រម​ជល់​កែវ​ជាមួយ បាន​វាយ​ជា​ច្រើន​ដៃ​រង​របួស នៅ​ក្រុង​តា​ខ្មៅ ជា​បណ្តោះអាសន្ន​ពី​បទ “​ហិង្សា​ដោយ​ចេតនា​” តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​០១​ឆ្នាំទៅ​០៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល​។ ជន​ត្រូវ​ចោទ​មានឈ្មោះ ១.​ឈ្មោះ ភួង សុភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ស្នាក់​នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ចិញ្ចឹម​ត្រចៀកកាំ​។

សូម​ជម្រាប​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ៧​រោច ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ លោក​វរសេនីយ៍ ស​កែវ ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ជុំ ចាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។ លោក​អធិការ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជន​ល​ល្មើស​រួម​ទាំង​មិត្តភក្តិ​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​កន្លែង​កើតហេតុ​ខាងលើ​ហើយ​ក្នុង​ពេល​ផឹកស៊ី នោះ​ជនល្មើស​ឈ្មោះ ភួង សុភាព បាន​ទៅ​ជល់​កែវ​ជាមួយ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​មិន​បាន​ជល់​កែវ ជាមួយ​ទេ ធ្វើ​ឲ្យ​ជនល្មើស​ខឹង​ក៏​បាន​និយាយ​ដៀមដាម ក៏​ទាក់​ពាក្យ​សម្ដី​គ្នា។

ពេល​នោះ​ជន​រង​គ្រោះ ឃើញ​សភាព​មិន​ស្រួល​ក៏​បាន​ដើរ​ចេញពី​តុ​ទៅ​យក​ម៉ូតូ​បម្រុង​ជិះ​ចេញ ស្រាប់តែ​ជនល្មើស​ទាំង​ពីរ​នាក់ បាន​ស្ទុះ​ទៅ​វាយ​លើ​ជន​រង​គ្រោះជា​ច្រើន​ដៃ​បណ្តាល​ឲ្យ​រង​របួស​ត្រង់​ខ្នង និង​ក្បាល​ខាងក្រោយ បន្ទាប់ មក​ត្រូវ​បាន​អ្នក​ផឹកស៊ី​ជាមួយ​ឃាត់​បំបែកចេញ​ទៅ ហើយ​ជន​រង​គ្រោះ​បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ភួង សុភាព មក​សាកសួរ​នៅ​ប៉ុស្តិ៍ រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​តែ​ម្តង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនល្មើស ឈ្មោះ ភួង សុភាព បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​ប្អូន​របស់​ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​តែ​ខឹង​នឹង​ជន​រង​គ្រោះ​ជេរ​ដៀល​មក​លើ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ