រាជធានីភ្នំពេញ ៖ ទម្រង់សិល្បៈបុរាណមួយចំនួនត្រូវបានលើកយកមកសម្តែង និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MY TV ។ ទន្ទឹមនេះផលិតករស្នើសុំការគាំទ្រពីទស្សនិកជន ដ្បិតទស្សនីយភាពទាំងនេះគឺជាតម្លៃនៃសិល្បៈវប្បធម៌ខ្មែរ ។
ទម្រង់សិល្បៈល្ខោនខោល យីកេ ល្ខោនស្រមោលស្បែកតូច និងស្បែកធំ ព្រមទាំងទម្រង់សិល្បៈបុរាណមួយចំនួនទៀតត្រូវផលិត និងចាក់ផ្សាយតាមកញ្ចក់ស្ថានីយទូរទស្សន៍MY TV នៅរាត្រីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង៨និង៣០ ដល់ម៉ោង៩យប់។
កម្មវិធីចាក់ផ្សាយទម្រង់សិល្បៈបុរាណខ្មែរមួយនេះបានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងពីអ្នកចូលចិត្តសិល្បៈបុរាណ និងអ្នកដែលចូលរួមចំណែកលើកស្ទួយសិល្បៈបុរាណ បើទោះបីជាវាហាក់មិនសូវមានការគាំទ្រពីទស្សនិកជនទូទៅ ពិសេសយុវវ័យក៏ដោយ ។
យ៉ាងណាក៏ដោយផលិតករដែលបានសម្រិតសម្រាំងនាំមកនូវទស្សនីយភាពនៃការសម្តែងសិល្បៈបុរាណដែលស្ទើរតែបាត់បង់នៅMY TV បង្ហាញមហិច្ឆតាខ្ពស់ក្នុងការទាក់ទាញការទស្សនាពីទស្សនិកជនគ្រប់ស្រទាប់ ដ្បិតកម្មវិធីសិល្បៈបុរាណខ្មែរមានទូរទស្សន៍ក្នុងស្រុកតិចតួចបំផុតដែលចាក់ផ្សាយ ។
ជំនួយការអ្នកផលិតកម្មវិធីសិល្បៈបុរាណខ្មែរនៅទូរទស្សន៍MY TV លោកពឿន ប្រុសពៅ ថ្លែងកាលពីពេល ថ្មីៗកន្លងមកថា «ដោយសារតែមានការគាំទ្រ និងចង់លើតម្កើងទម្រង់សិល្បៈបុរាណខ្មែរពីស្ថានីយទូរទស្សន៍MY TV នោះ យើងក៏បានលើកយកនូវការសម្តែងទម្រង់សិល្បៈបុរាណខ្មែរមួយចំនួនយកមកបង្ហាញ ។
ទម្រង់សិល្បៈដែលយើងលើកមកសម្តែងនោះគឺជាទម្រង់សិល្បៈដែលស្ទើរតែបាត់បង់ និងមិនសូវមានការគាំទ្រ មានដូចជា យីកេ ល្ខោនខោល និងល្ខោនស្រមោលស្បែកធំ ស្បែកតូច ។ ការលើកយកទម្រង់សិល្បៈទាំងនោះបង្ហាញទស្សនិកជនទស្សនាគឺដើម្បីផ្សព្វផ្សាយទម្រង់សិល្បៈបុរាណឲ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង និងផ្តល់ការកម្សាន្ត ជាមួយនឹងការចូលរួមការពារ និងអភិរក្សទាំងអស់គ្នា »។
បើតាមលោកពឿន ប្រុសពៅ ការចាក់ផ្សាយពីទម្រង់សិល្បៈបុរាណខ្មែរទាំងនោះបានដំណើរការអស់ជាច្រើនសប្តាហ៍កន្លងទៅហើយ ប៉ុន្តែទទួលបានការទស្សនាតិចតួចនៅឡើយ ។ នៅពេលដែលផ្សព្វផ្សាយតាមហ្វេសប៊ុកគឺហាក់ទទួលបានការចូលទស្សនា និងការគាំទ្រតិចតួច ដែលនេះបង្ហាញថា នៅតែមិនទាន់ទទួលបានការគាំទ្រច្រើននៅឡើយតាមកញ្ចក់ទូរទស្សន៍ដែលបានផ្សាយ ។
លោកពឿង ប្រុសពៅ ថ្លែងថា «ប្រសិនបើពុំមានការគាំទ្រច្រើនពីទស្សនិកជនទេនោះវានឹងអាចធ្វើឲ្យប៉ះពាល់ និងអាចឈានទៅរកការបាត់បង់ទៅថ្ងៃមុខ ។ កត្តានេះទាមទារឲ្យយើងទាំងអស់គ្នាចូលរួមគាំទ្រ និងលើកតម្កើង ព្រោះថា ទូរទស្សន៍នៅក្នុងស្រុកមានតែMY TV និងទូរទស្សន៍ជាតិប៉ុណ្ណោះដែលបានផលិតសិល្បៈបុរាណនេះឡើង ។ បើមានស្ថានីយទូរទស្សន៍ចាក់ផ្សាយហើយនោះ ហេតុអ្វីមិនជួយគាំទ្រ ឬចាំកម្មវិធីត្រូវបានបិទទៅវិញ ទើបនិយាយថា ស្តាយក្រោយ ។ យើងបានសម្រិតសម្រាំងបំផុតលើទម្រង់សិល្បៈដែលយើងត្រូវលើកយកមកសម្តែង ក្នុងនោះយើងមានការចំណាយច្រើនលើការសម្តែងទាំងនោះ ។
លោកពឿន ប្រុសពៅ បញ្ជាក់បន្ថែមថា រាល់ទម្រង់សិល្បៈគឺយកអ្នកសម្តែងដែលចេញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានបទពិសោធន៍ ព្រោះការសម្តែងទាំងនេះមិនមែនជាសិល្បៈមហាជនឡើយ ។ ការដែលហៅពួកគាត់ទាំងនោះសម្តែងគឺចង់ឲ្យទាំងសាស្ត្រាចារ្យ និងសិស្សដែលបានហាត់រៀនលើផ្នែកនេះមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងរួមចំណែកលើកស្ទួយសិល្បៈបុរាណខ្មែរផងដែរ ។
ក្នុងនាមជាអ្នកផលិតមួយរូបលោកពឿន ប្រុសពៅ អំពាវនាវយ៉ាងទទូចសុំឲ្យមានការគាំទ្រលើការសម្តែងសិល្បៈបុរាណខ្មែរដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នាពេលនេះ ខណៈពេលដែលការគាំទ្រជាកម្លាំងចិត្តយ៉ាងសំខាន់ ដើម្បីជំរុញ និងការលើកទឹកចិត្តឲ្យមានការផលិតបន្តទៀត ប៉ុន្តែផ្ទុយទៅវិញបើពុំមានការគាំទ្រទេនោះកម្មវិធីនេះអាចនឹងបិទនៅថ្ងៃណាមួយជាមិនខាន ៕
ចែករំលែកព័តមាននេះ