ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ស្ថាបនា​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ នា​ពេល​ឆាប់​ៗ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាយក​រដ្ឋមន្ត្រី​ចិន លី​ខឺ​ឈាង តាម​គម្រោង​អាច​នឹង​មានការ​ចុះហត្ថលេខា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លើ​គម្រោង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​មួយទៀត ។ នេះ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​គម្រោង​សៀង​ហៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាយក​រដ្ឋមន្ត្រី​ចិន លី​ខឺ​ឈាង តាម​គម្រោង​អាច​នឹង​មានការ​ចុះហត្ថលេខា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លើ​គម្រោង​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​មួយទៀត ។ នេះ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​គម្រោង​សៀង​ហៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា គម្រោង​សៀង​ហៃ​ទាក់ទង​នឹង​ខ្សែក្រវាត់​ក្រុងភ្នំពេញ​ទី​២ បើ​តាម​ដំណឹង​ដែល​យើង​ទទួល​បាន គឺ​នាយក​រដ្ឋមន្ត្រី​ចិន​លី ខឺ​ឈាង ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១០​ដល់ទី​១១ ខែមករា​ខាង​មុខ​នេះ​នឹង​មានការ​ចុះហត្ថលេខា​លើ​គម្រោង​ទី​៣ មួយទៀត ។ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​លើ​តុល្យភាព​នៃ​គម្រោង​ខ្សែក្រវាត់​ក្រុង​ទី​២​នេះ​ឡើង​វិញ ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​ភាសា​តែ​មួយ ដើម្បី​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​រៀង​ៗ​ខ្លួន ។ លោក​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​នេះ ជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ពិភាក្សា និង​សហការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​នេះ​បាន​ជោគជ័យ ពីព្រោះ​ថា កាលណា​បើ​គេ​ផ្តល់​ជំនួយ​មក ផ្តល់​លុយ​មក​យើង​ធ្វើ​គម្រោង​មិន​បាន​ជោគជ័យ​គេ​ក៏​មិន​ផ្តល់​ឲ្យ​គម្រោង​មួយទៀត​ដែរ ។

លោក​បន្ត​ថា កិច្ចប្រជុំ​នេះ​មាន​បី​បញ្ហា គឺ​បញ្ហា​ទី​១​ក្រុមហ៊ុន​សៀង​ហៃ ត្រូវ​ធ្វើការ​ជួសជុល​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នៅ​ក្នុង​ដែន​គម្រោង​របស់​ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស និង​មានគុណ​ភាពរឹងមាំ ។ កិច្ចការ​នេះ​បាន​ធ្វើការ​ប្រជុំ​ជាមួយ​គ្នា​ម្តង​រួច​ហើយ ពោល​គឺ​នៅ​មុន​ពេល​បទបញ្ជា​សម្តេច​តេ​ជោ ក្នុង​ពេល​ដែល​សម្តេច​តេ​ជោ ទៅ​ជួប​ជាមួយ​កម្មករ​នៅ​ចោម​ចៅ ។ ឥឡូវនេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​នាយក​រដ្ឋមន្ត្រី​ចិន គឺ​សុំ​ឲ្យ​ក្រុមហ៊ុន​សៀង​ហៃធ្វើការ​ពិនិត្យ​ត្រង់​ចំណុច​នេះ​ឡើង​វិញ លើ​ការ​អ៊ុត​កៅស៊ូ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចំណែក​ផ្លូវ​លើ​អាកាស​មិន​ទាន់​បាន​ប្រើប្រាស់​ទេ ព្រោះ​មិន​ទាន់​ស្ថាបនា​រួចរាល់ ដូច្នេះ​សុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អ៊ុត​កៅស៊ូ​នៅ​ចំណុច​ស្ពាន​អាកាស​នេះ​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​ទទួល​គណប្រតិភូ​នាយក​រដ្ឋមន្ត្រី​ចិន ហើយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មាន​ភារកិច្ច​ជា​អ្នកត្រួតពិនិត្យ​គុណភាព ។

ចំណែក​បញ្ហា​ទី​២ លើ​ការងារ​រុះរើ​បណ្តាញ​អគ្គិសនី គឺ​បណ្តាញ​អាកាស​កម្លាំង​តង់ស្យុង​១១០​គីឡូវ៉ុល ដែល​ត្រូវ​ប្តូរ​មក​ដាក់​ខ្សែកាប កប់​ក្រោយ​ដី​ក្នុង​ជំហាន​ទី​១ ចាប់ពី​គីឡូម៉ែត្រ​លេខ​៩+៦៣៣ ផ្លូវ​១០១៩ ដល់​គីឡូម៉ែត្រ​១០+៨៨០ គឺ​អគ្គិសនី​កម្ពុជា ជា​អ្នក​អនុវត្ត​ការងារ​ដែល​ត្រូវ​បញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨ ។

បញ្ហា​ទី​៣ គឺ​ការងារ​រុះរើ​បង្គោល​ខ្សែបណ្តាញ​អាកាស​តង់ស្យុង​១១៥​គីឡូវ៉ុល ក្នុង​ជំ​ហ៊ាន​ទី​២ ចាប់ពី​ផ្លូវ​២០០៤ គីឡូម៉ែត្រ​លេខ​១០+៨៨០ រហូត​ដល់​ផ្លូវ​វេ​ង​ស្រេង គីឡូម៉ែត្រ​១៥ +១៨០ ។ លោក​កើត ឆែ បាន​បញ្ជាក់​ថា បញ្ហា​ទី​៣​នេះ មាន​បញ្ហា​លើ​កញ្ចប់​ថវិកា ប៉ុន្តែ​ត្រូវ​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រួច​ហើយ​ដែរ ហើយ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទទួលស្គាល់​ថា រាជធានី​ភ្នំពេញ​អត់​មាន​ថវិកា​ដូច្នេះ​ក្រសួង​សេដ្ឋកិច្ច​មាន​កញ្ចប់​ថវិកា​ផ្សេង​សម្រាប់​យក​មក​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ