ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារ​ខ្ពស់​ចាប់ពី​5​ជាន់​ដល់​40​ជាន់ឡើង​ទៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​អភិវឌ្ឍន៍​ឆ្ពោះទៅ​រក​អនាគត​កាន់តែ​ប្រសើរ​ឡើង ប្រកបដោយ​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​បំផុត ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ថា បច្ចុប្បន្ន
កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​អភិវឌ្ឍន៍​ឆ្ពោះទៅ​រក​អនាគត​កាន់តែ​ប្រសើរ​ឡើង ប្រកបដោយ​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​បំផុត ។ ជីវភាព​ប្រជាជន កាន់តែ​មានការ​ប្រែប្រួល​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ កិ​ត្យានុ​ភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​ត្រូវ​បានលើកកម្ពស់​ឥត​ឈប់​ឈរ ។

ជាក់ស្តែង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​សាងសង់​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មានការ​រីក​ចម្រើន និង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដែល​ការ​កើនឡើង​នេះ ដោយសារ​កម្ពុជា​យើង​មាន​ភាព​សុខសាន្ត ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ភាព​កក់ក្តៅ និង​ជឿ​ទុក ចិត្ត​ចំពោះ​រាជរដ្ឋាភិបាល ។

លោក បេ បូ​រិ​ន្ទ ប្រធាន​ការិយាល័យ​សំណង់​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណង់​ដែល​បាន​សាងសង់​រួច​និង​កំពុង​សាងសង់​ក្នុង​រាជធានី​ភ្នំពេញ​មាន​ជាង​២​ពាន់​គម្រោង ក្នុង​នោះ​សំណង់​ជាង​១​ពាន់​គម្រោង​ជា​សំណង់​លំនៅ​ឋាន សំណង់​ពាណិជ្ជកម្ម សំណង់​ឧស្សាហកម្ម និង​សំណង់​ទេសចរណ៍ ។ សំណង់​អគារ​ខ្ពស់​ចាប់ពី​៥​ជាន់​រហូត​ដល់​ជាង​៤០​ជាន់​មាន​ជិត​១​ពាន់​អគារ ។

លោក​បន្ត​ថា ក្នុង​ឆ្នាំ​២០១៧ សំណង់​ដែល​មានច្បាប់​អនុញ្ញាត​មាន​ចំនួន​១.១០១​គម្រោង ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ដែល​មាន​៩០១​គម្រោង​គឺ​កើន​២០០​គម្រោង ។ សំណង់​គ្មាន​លិខិតអនុញ្ញាត​ចំនួន​២១៧ និង​មាន​សំណង់​ខុស​ប្លង់​មួយ​ចំនួន​ទៀត ដែល​បាន​ចេញ​លិខិត​ទប់ស្កាត់ ។

លោក បេ បូ​រិ​ន្ទ បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​សំណង់​អគារ​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ​មាន​កម្ពស់​ចាប់ពី​៥​ជាន់​រហូត​ដល់​ជាង​៤០​ជាន់ គិត​ចាប់ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៧ មាន​ចំនួន​​៩៧៩​អគារ ដែល​បាន​សាងសង់​រួច និង​កំពុង​សាងសង់ គឺ​កើន​លើស​ឆ្នាំ​២០១៦​ចំនួន​១៨៨​អគារ ។ ក្នុង​នោះ អគារ​មាន​កម្ពស់​ចាប់ពី​៥​ជាន់​ដល់​៩​ជាន់ មាន​៥៧៩​អគារ ចាប់ពី​១០​ជាន់​ដល់​១៩​ជាន់ មាន​២៩០​អគារ ចាប់ពី​២០​ជាន់​ដល់​២៩​ជាន់ មាន​៧០​អគារ ចាប់ពី​៣០​ជាន់ ដល់​៣៩​ជាន់​មាន​២៩​អគារ និង​ចាប់ពី​៤០​ជាន់ឡើង​ទៅ​មាន​១១​អគារ ។ ចំណែក​សំណង់​បុរី មាន​ចំនួន​១៨៨​បុរី ។

លោក​ប្រធាន​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​សំណង់​ជាង​១​ពាន់​ទីតាំង​ខាងលើ​នេះ មាន​សំណង់​មួយ​ចំនួន​សុំ​ច្បាប់​ត្រឹម​ខណ្ឌ ត្រឹម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សំណង់​មួយ​ចំនួន​ទៀត​ត្រូវ​សុំ​ច្បាប់​ដល់​ក្រសួង​រៀបចំ​ដែនដី​តែ​ម្តង ដោយ​គិត​ទៅ​តាម​ទំហំ​ម៉ែត្រការ៉េ ដែល​កំណត់​ដោយ​ច្បាប់ ។ គម្រោង​សាងសង់​ដែល​សុំ​ដល់​ថ្នាក់​ក្រសួង​មានការ​ថយ​ចុះ ទាំង​ចំនួន​គម្រោង និង​ទុន​វិនិយោគ ចំណែកឯ​សំណង់​ដែល​សុំ​ត្រឹម​ថ្នាក់​ខណ្ឌ និង​ក្រុង មានការ​កើនឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​កន្លង​មក ។

ក្នុង​ចំណោម​សំណង់​ចំនួន​១.១០១​គម្រោង​នោះ ចំណាយ​ថវិកា​សរុប​១.៨៩២.៤០២.៧០០​ដុល្លា​សហរដ្ឋអាមេរិក ដែល​សំណង់​មួយ​ចំនួន​ត្រួ​វ​សុំ​ច្បាប់​ត្រឹម​ខណ្ឌ​-​ស្រុក រាជធានី​ភ្នំពេញ​-​ខេត្ត និង​សំណង់​មួយ​ចំនួន​ទៀត​ត្រូវ​សុំ​ច្បាប់​ដល់​ក្រសួង​រៀបចំ​ដែនដី​តែ​ម្តង គឺ​គិត​ទៅ​តាម​ទំហំ​ម៉ែត្រការ៉េ ដែល​បាន​កំណត់​ដោយ​ច្បាប់​។

ក្នុង​នោះ មាន​សំណង់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១.០០៤​គម្រោង​ទុន​វិនិយោគ​អស់​ចំនួន​១.០៤៩.៩៥៦.៩៥០​ដុល្លា​សហរដ្ឋ​អា​មេ​រិ​ក ។ សំណង់​ពាណិជ្ជកម្ម​មាន​៧៩​គម្រោង​ចំណាយ​ទុន​វិនិយោគ​ចំនួន​៧០៣.០៩៤.៧០០​ដុល្លា​សហរដ្ឋអាមេរិក សំណង់​ឧស្សាហកម្ម​មាន ៣​គម្រោង ប្រើ​ទុន​វិនិយោគ​១២.៧១៣.៣០០​ដុល្លារ​សហរដ្ឋអាមេរិក។ សំណង់​ទេសចរណ៍​មាន​១៥​គម្រោង ប្រើ​ទុន​វិនិយោគ​អស់​ចំនួន​១២៧.៦៣៧.៧៥០​ដុល្លា​សហរដ្ឋអាមេរិក ។

ចំពោះ​ការ​រីក​ចម្រើន​ខាង​វិស័យ​សំណង់​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ជា​ពិសេស​ប្រជា
ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស នៅ​ពេល​ពួក​គាត់​មក​លេង​ស្រុក​កំណើត​វិញ តែង​មាន​ការ​ភ្ញាក់ផ្អើល​និង​ថ្លែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​។ ពួក​គាត់​និយាយ​ថា ប្រទេស​កម្ពុជា​យើង​ពិតជា​មាន​ការ​រីក​ចម្រើន​នឹក​ស្មាន​មិន​ដល់ ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ផ្តើម​ចេញពី​ចំណុចសូន្យ​ក្រោម​គំនរ​ផេះ​ផង់​មាន​តែ​ឈាម​និង​ទឹកភ្នែក ប៉ុន្តែ​កម្ពុជា បាន​ក្រោកឈរ​ដោយ​ខ្លួនឯង ខិតខំ​និង​ពុះពារ​គ្រប់​ឧបសគ្គ ក្នុង​ការ​កសាង​និង​អភិ​វ​ឌ្ឃ​ន៍​ប្រទេស​ជាតិ​ផង ។ តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ធ្វើ​ឲ្យ​ខ្មែរ​រួបរួម​ជាតិ​តែ​មួយ និង​ឈាន​ទៅ​ដល់​ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​រុងរឿង​រហូត​មក​ដល់​ពេល​នេះ ។

សមិទ្ធផល​ដែល​យើង​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺជា​សមិទ្ធផល​ដែល​កើតឡើង​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ ដែល​ជា​ស្នាដៃ​យ៉ាង​ធំធេង​ពិតប្រាកដ​មិន​អាច​ប្រកែក​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ជាក់ស្តែង សំណង់​អគារ​តូច​ធំ​ទាប​ខ្ពស់ បាន​និង​កំពុង​កើតឡើង​រីក​ដូច​ផ្សិត ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នានា មាន​ស្ពាន​ឆ្លងទន្លេ ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី ប្រព័ន្ធ​ផ្លូវថ្នល់ សួនច្បារ​ជាដើម គឺ​មិន​ចាញ់​ប្រទេស​ជឿនលឿន​នៅ​លើ​ពិភពលោក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ