ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​2​ឆ្នាំ​នេះ​មាន​27​ប្រភេទ​កីឡា​ចូលរួម​ប្រកួត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួច​ផែនការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​ឧសភា ខាង​មុខ​នោះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួច​ផែនការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​ឧសភា ខាង​មុខ​នោះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោះហៅ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២៧​មក​ប្រជុំ​ដោះស្រាយ​បញ្ហា​ដែល​រាំងស្ទះ​មួយ​ចំនួន មុន​ការ​ប្រកួត​ចូល​មក​ដល់ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​ឆ្នាំ​នេះ​យើង​នឹង​រៀបចំ​ឲ្យ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ឱ្យ​ប្លែក​ជាង​មុន​ច្រើន​ក្នុង​នោះ​គណៈកម្មការ​ប្រកួត​បាន​សម្រេច​យក​រូប​សត្វ​ព្រាប ស ធ្វើ​ជា​និមិត្តរូប​នៃ​ការ​ប្រកួត​»​។

ចំណែក លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​មាន​រហូត​ដល់​២៧​ប្រភេទ​កីឡា ដូច្នេះ​ក្រុម​គណៈ​កម្ម​ការ​ត្រូវ​ជ្រើសរើស​យក​ទីលាន​ចំនួន​៤​ខេត្ត​-​រាជធានី​រៀបចំ​ធ្វើ គឺ​រាជធានី​ភ្នំពេញ ខេត្ត​កែប កំពត និង​ខេត្តកំពង់ធំ ។ ចំពោះ​កីឡា​ទាំង​២៧​ប្រភេទ​ដែល​ត្រូវ​ដាក់​ប្រកួត​រួម​មាន​កីឡាបាល់ទាត់​, បាល់ទះ​, បាល់បោះ​, អត្តពលកម្ម​, ប៉េតង់​, វាយ​សី​, វាយ​កូន​បាល់​, វាយ​កូន​ឃ្លី​លើ​តុ​, ចំបាប់​, តេ​ក្វា​ន់​ដូ W.T.F របស់​កូរ៉េ​ខាងត្បូង​, ហែល​ទឹក​, ល្បុក្កតោ​, កាយ​សម្ព័ន្ធ​, ប្រដាល់​សាកល​, ហ្សូ​រិ​ន​ជី​កាំ​ប៉ូ​, តេ​ក្វា​ន់​ដូ I.T.F របស់​កូរ៉េ​ខាងជើង​, កា​រ៉ា​តេ​ដូ​, ប្រដាល់​គុន​ខ្មែរ​, យូ​ដូ​, ទ្រី​យ៉ា​ត្លុង​, សូ​ហ្វ​តិ​ន្នី​ស​, បេ​ស្ប​ល​, ប្រណាំង​កង់​, សីដក់​, កីឡា​បាញ់កាំភ្លើង និង វ៉ូ​វី​ណា​ម​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​គ្រោង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៥ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៥ ខែមិថុនា ខាង​មុខ ។ ក្នុង​រយៈពេល​១២​ថ្ងៃ នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ​២​ឆ្នាំ​ម្ដងនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​ថវិការដ្ឋ​ចំនួន​៦.០០០​លាន​រៀល​កើនឡើង​ទ្វេ​ដង​បើ​ធៀប​នឹង​ការ​រៀបចំ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៦ ដើម្បី​ចំណាយ​លើ​ការ​រៀបចំ​ផ្សេង​ៗ តែ​មិន​បូក​ការ​ចំណាយ​លើ​ការ​រៀបចំ​ពិធី​បើក និង​ពិធី​បិទ ដែល​រ៉ាប់រង​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឡើយ​។

ការ​ចំណាយ​ថវិកា​កើនឡើង​ទ្វេ​ដង​បែប​នេះ​ត្រូវ​បាន​លោក អ៊ុ​ក សិទ្ធិ​ជាតិ ថ្លែង​ថា ដោយ​សារ​ប្រភេទ​កីឡា​ត្រូវ​បាន​បង្កើន​ឡើង​ពី​១៥​ប្រភេទ​ទៅ​២៧​ប្រភេទ​ស្មើនឹង​២៧២​វិញ្ញាសា ខណៈ​ប្រតិភូ គ្រូ និង​អត្ត​ព​លិ​ក គឺ​បាន​កើនឡើង​ពី​ជិត ២.០០០​នាក់ ដល់​ប្រមាណ ៥.០០០​​នាក់​ឯណោះ ។ លោក​រំពឹង​ថា ការ​ប្រកួត​កីឡា​ជាតិ​ឆ្នាំ​នេះ នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​លើក​មុន​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ