សូម​អំពាវនាវ​សប្បុរសជន មេត្តា​ជួយ​សម្ភារ​សិក្សា​ដល់​ពួក​គាត់​ផង


ខេត្តកំពង់ឆ្នាំង ៖ លោកនាយ​សាលា​បឋម​សិក្សា យុគន្ធ ដែល​ជា​សាលារៀន​បណ្តែត​លើ​ទឹក និង​អាជ្ញាធរ មូលដ្ឋាន​បាន​អះអាង​ថា ក្នុង​ចំណោម​សិស្ស សរុប​មាន​ចំនួន​១៧៤​នាក់ គឺ​មាន​សិស្ស​ប្រមាណ​៨០% គឺជា​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ពុំ​មាន​ប៊ិ​ច សៀវភៅ រៀនសូត្រ​ឡើយ ហេតុនេះ​ក្នុង​នាម​លោកគ្រូ​អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន សូម​អំពាវនាវ​ដល់​សប្បរ​សជន​រស់នៅ​ជិត​ឆ្ងាយ​មេត្តា​ជួយ​ឧបត្ថម្ភ​ដោយ​សេចក្តី​អនុគ្រោះ​ផង​។ សាលា​បឋម​សិក្សា​ខាងលើ ស្ថិត​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។ លោក អាត សុផល ជំនួយការ​ភូមិ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំណុច​យុគន្ធ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ មាន​ជាង​៦០៦​គ្រួសារ ក្នុង​នោះ​៨៥% គឺជា​ប្រជាពលរដ្ឋ​ក្រីក្រ ប្រកប​មុខរបរ​នេសាទ និង​ធ្វើ​ចម្ការ រីឯ​កូនចៅ​ពួក​គាត់​ដោយសារ​តែ​ភាព​ក្រីក្រ បាន​ទៅ​ជួយ​នេសាទ ឬ​ធ្វើ​ចម្ការ​ជាមួយ​ឪពុក​ម្តាយ ធ្វើ​ឲ្យ ការ​ទៅ​រៀនសូត្រ​របស់​ពួក​គាត់​ពុំ​ទៀងទាត់ និង​ខ្លះ​បោះបង់​ការ​រៀនសូត្រ ហើយ​ភាគច្រើន​គឺ ខ្វះខាត​សម្ភារ​សិក្សា​។

ចំណែក​ខ្លះ​ទៀត​គ្មាន​ទូក​សម្រាប់​ឲ្យ​កូន​ជិះ​ចៅ​ទៅ​រៀន ពេល​ខ្លះ​ពួក​គេ​ត្រូវ​ជិះទូក​មួយ​គ្នា​៥​ទៅ​៦​នាក់ ដែល​មានផ្ទះ​ទឹក​នៅ​ជិត​គ្នា​។ ដោយឡែក លោក នួន បូ​រ៉ា នាយ​សាលា​បឋម​សិក្សា យុគន្ធ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា សាលា​បឋម​សិក្សា​នេះ មាន​ថ្នាក់រៀន​៦​ថា្ន​ក់​គឺ ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦ មាន​សិស្ស​សរុប​ចំនួន​១៧៤​នាក់ ស្រី​៩១​នាក់ ប៉ុន្តែ​មាន​ថ្នាក់រៀន​ជា​ផ្ទះ​បណ្តែត លើ​ទឹកតែ​៤​បន្ទប់ ដោយ​ត្រូវ​រៀន​ផ្លាស់​ប្តូរ​គ្នា​ព្រឹកល្ងាច​។ ក្នុង​នោះ​គឺ​ពី​ថ្នាក់​ទី​១​ដល់ទី​៤ ត្រូវ​រៀន​នៅ​ពេល​ព្រឹក ចំណែក​ថ្នាក់​ទី​៥ និង​ទី​៦ ត្រូវ​រៀន​ពេល​ល្ងាច​។ លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​សិស្ស​១៧៤​នាក់ គឺ​មាន​៩០%​គឺជា​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ខ្លះ​គ្មាន​សៀវភៅ ប៊ិ​ច សម្រាប់​រៀនសូត្រ​ឡើយ​។

លោក​បាន​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​សិស្ស​ក្រីក្រ​មួយ​ចំនួន មក​រៀន​មិន​បាន​ទៀងទាត់​ពេលវេលា​ឡើយ ដោយសារ​ទៅ​ជួយ​សា​មង ឬ​លើក លប ជាមួយ​ឪពុក​ម្តាយ ពេល​ខ្លះ​ដល់​ម៉ោង​៨​ព្រឹក​ទើប​មក​ដល់​សាលា​។ ចំណែក​គ្រូបង្រៀន​វិញ​បច្ចុប្បន្ន​ក៏​មានការ​ខ្វះខាត​មធ្យោបាយ ទូក​សម្រាប់​ធ្វើ​ដំណើរ​មក​បង្រៀន​សិស្ស​ផង​ដែរ​។ គាត់​ក្នុង​នាម​អាជ្ញាធរ​ភូមិ​ឆ្នុកទ្រូ និង​នាយក​សាលា​បឋម​សិក្សា​យុគន្ធ សំណូមពរ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី និង​សប្បុរសជន នៅ​ទី​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ឧបត្ថម្ភ សៀវភៅ ប៊ិ​ច ដល់​សិស្ស​ដែល​កំពុង​មានការ​ខ្វះខាត​ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ​។ បើ​អាច​បាន​សូម​មេត្តា​ជួយ​សំបក​ទូក​បា​ឡា​ស្មាច់ ធុន​តូច​១​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​៣០០​ដុល្លារ ចំណែក​ម៉ាស៊ីន​សម្រាប់​លើ​ទូក​ពួក​លោកគ្រូ​ៗ​មាន​ហើយ ខ្វះ​តែ​សំបក​ទូក​បា​ឡា​តែ​ប៉ុណ្ណោះ​៕

សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ