ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរបង្រៀន​ពី​របៀប​ចាប់​សរសៃ​ដល់​ព្រះសង្ឃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មាស យ៉ា​នួ​រី​ស អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បូរាណ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង បាន​មក​បង្រៀន​ពី​របៀប​ចាប់​សរសៃ​ដើម្បី​រក្សា​សុខភាព និង​បំបាត់​ភាព​ស្ត្រេ​ស​ក្នុង​ខ្លួន​ដល់​ព្រះសង្ឃ​គង់​ក្នុង​វត្ត​វិ​ចិ​ត្ថា​រាម ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​រយៈពេល​៤​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៥ មក​រា…

រាជធានី​ភ្នំពេញ ៖ លោក មាស យ៉ា​នួ​រី​ស អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បូរាណ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង បាន​មក​បង្រៀន​ពី​របៀប​ចាប់​សរសៃ​ដើម្បី​រក្សា​សុខភាព និង​បំបាត់​ភាព​ស្ត្រេ​ស​ក្នុង​ខ្លួន​ដល់​ព្រះសង្ឃ​គង់​ក្នុង​វត្ត​វិ​ចិ​ត្ថា​រាម ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​រយៈពេល​៤​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០១៨​។

លោក មាស យ៉ា​នួ​រី​ស គឺជា​កូន​ខ្មែរ​មួយ​រូប​ដែល​រស់នៅ​ប្រទេស​បារាំង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ដោយសារ​តែ​រូប​លោក​មាន​ឈាមជ័រ​ជា​ខ្មែរ​បើ​ទោះជា​រស់នៅ​ទីណា​ក៏​ដោយ​ក៏​លោក​នៅ​តែ​ស្រឡាញ់ និង​មានចិត្ត​ចង់​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​ជា​កេរដំណែល​ពី​ដូនតា​ឱ្យ​ស្ថិត​នៅ​គង់វង្ស​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែរ ។

ដោយហេតុ​នេះ​ហើយ​ទើប​សព្វ​ថ្ងៃនេះ លោក​សុខចិត្ត​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត​ដោយ​គ្មាន​គិត​ពី​ការ​នឿយហត់​ឡើយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​លោកគ្រូ​ចាស់​ៗ​មួយ​ចំនួន​ដូច​ជា​លោកគ្រូ​តា​ភុំ ណាគ្រី ដើម្បី​រៀបចំ​ចងក្រង​ជា​ឯកសារ​ទុក ។ លោក មាស យ៉ា​នួ​រី​សមិន​ត្រឹមតែ​ចេះ​ក្បាច់គុន​យុទ្ធ​ក្រម​ខម​មួយ​មុខ​នោះ​ទេ លោក​ក៏​ជា​គ្រូបង្ហាត់​កីឡា​ចំបាប់​ផង​ដែរ និយាយ​រួម​ឱ្យ​តែ​ក្បាច់គុន​បូរាណ​ខ្មែរ​គឺ​លោក​មានចិត្ត​ស្រឡាញ់​ចូល​ចិត្ត​ទាំងអស់​ព្រោះថា ការ​ហាត់​កីឡា​អាច​នាំ​ឱ្យ​មនុស្ស​យើង​មាន​សុខភាព ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ និង​អារម្មណ៍ភ្លឺ​ថ្លា​។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​មនុស្ស​យើង​ហូប​អាហារ​ប្រចាំ​ថ្ងៃ​តែង​រង​នូវ​ផល​ប៉ះពាល់ ព្រោះ​ថា ​អាហារ​ទាំងនោះ​មាន​មួយ​ចំនួន​ជួយ​ទ្រទ្រង់​ដល់​រាង​កាយ​និង​អាហារ​មួយ​ចំនួន​ទៀត​វា​មិន​ផ្ដល់​នូវ​ផល​ល្អ​សម្រាប់​យើង​ឡើយ ។ ដូច្នេះ​ហើយ​ទើប​លោក​ខិតខំ​ស្រាវជ្រាវ​រិះរក​គ្រប់​វិធីសាស្ត្រ ដើម្បី​ធ្វើ​ឱ្យ​យើង​គ្រប់​គ្នា​មាន​សុខភាព​ល្អ រស់នៅ​ប្រកបដោយ​សេច​ក្ដី​សុខ​ និង​សុភមង្គល​ក្នុង​គ្រួសារ ។ យ៉ាងណាមិញ វិធីសាស្ត្រ​ចាប់​សរសៃ​ដែល​លោក​បាន​សម្រេចចិត្ត​យក​មក​បង្ហាត់បង្រៀន​ដល់​ព្រះសង្ឃ​នា​ពេល​នេះ វា​ក៏​ជា​ផ្នែក​មួយ​របស់​កីឡា​ដែរ ព្រោះ​ជា​ធម្មតា​ការ​លេង​កីឡា​អ្វីមួយ​មុន​នឹង​ចាប់ផ្ដើម​គឺ​ត្រូវ​តែ​សម្រួល​សរសៃ​ជា​មុន​សិន ទើប​មិន​បណ្ដាល​ឱ្យ​យើង​ថ្លោះ​ឬ​គ្រេច​ផ្នែក​ណាមួយ​នៅ​ក្នុង​រាង​កាយ ។ ហើយ​វិធី​ចាប់​សរសៃ​នេះ​មាន​១៤​ចលនា​ធំ​ៗ និង​ប្រើប្រាស់​ពេលវេលា​៣០​ទៅ​៤៥​នាទី​យ៉ាងច្រើន ។

ព្រះ​ចៅអធិការ​វត្ត​វិ​ចិ​ត្ថា​រាម ព្រះ​នាម​ប៉ូ សុខ​វុន មាន​សង្ឃដីកា​ថា ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​គឺជា​ផ្នែក​មួយ​ដែល​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ មាន​អារម្មណ៍ល្អ ប្រាជ្ញា​ឈ្លាសវៃ​។​ដោយឡែក ការងា​កមក​ហាត់ប្រាណ​និង​ការ​ចាប់​សរសៃ​របៀប​ខ្មែរ​បុរាណ​បែប​នេះ​កាន់តែ​ពិសេស​ថែម​ទៀត ។ ជា​ពិសេស​ព្រះសង្ឃ​ទូទៅ​លោក​មិន​អាច​ដើរ រត់​ដូច​ឧបាសក ឧបាសិកា តាម​ដង​វិ​ថី​នានា​បាន​ឡើយ ។ ព្រះ​អង្គ​មាន​សង្ឃដីកា​ទៀត​ថា ព្រះ​អង្គ​បាន​សាកល្បង​រួច​ហើយ​ថា​ពិតជា​ធ្វើ​ឱ្យ​រាង​កាយ​របស់​យើង​បាន​ធូរស្រាល​អារម្មណ៍​ល្អ​មែន តាំងពី​ចង្កេះ​ និង​ជង្គង់​ឡើង​ទៅ​គឺ​ពិតជា​មាន​ផលប្រយោជន៍​ច្រើន ។ អ្នកខ្លះ​មើល​ស្រាល​ទៅ​លើ​ចំណេះ​ចាប់​សរសៃ​ថា​ទាប​ឬ​មិនសូវ​ល្អ​ប៉ុន្តែ​មិនមែន​ទាប​នោះ​ទេ​គឺ​ពិសេស​ខ្លាំង​ណាស់ ។

ព្រះ​អង្គ​បញ្ជាក់​ថា វិធីសាស្ត្រ​នៃ​ការ​ចាប់​សរសៃ​នេះ បើសិនជា​យើង​ព្យាយាម​អនុវត្ត​រាល់ថ្ងៃ​ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​ប្រសប់ និង​យល់​ដឹង​កាន់តែ​ច្បាស់​ពិតជា​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់ ។

លោកស្រី អ៊ឹ​ម ឌូ អតីត​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ជាស​មា
ជិ​​ក​គណៈកម្មការ​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ចលនា​ព្យាបាល​សរសៃ​បែប​បុរាណ​ខ្មែរ​របស់​លោកគ្រូ​មាស យ៉ា​នួ​រិ​នេះ​ទើបតែ​មានការ​ចាប់ផ្ដើម​ជាដំបូង​នៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់​កណ្ដាល មាន​រយៈពេល​៥​ថ្ងៃ ដែល​មាន​ព្រះ​គ្រូ​លន់ សុគ​ន្ធា ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជ្រំ ព្រះ​រាជាគណៈ​ថ្នាក់​ទោ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​លេខាធិការ​នៃ​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ផង​ដែរ ។

ការ​ធ្វើ​ចលនា​ព្យាបាល​ចាប់​សរសៃ​បែប​បុរាណ​ខ្មែរ​យើង​នេះ ក៏​ជា​ចំណេះដឹង​មួយ​ផ្នែក​សម្រាប់​ព្រះសង្ឃ ដោយ​ទៅ​ថ្ងៃក្រោយ​ពេល​ដែល​លោក​សឹក​អាច​យក​ចំណេះដឹង​ទាំង​នេះ​ទៅ​ប្រកប​របរ​អាជីវកម្ម​ចិញ្ចឹមជីវិត​បាន ។ យើង​ដឹង​ហើយ​ថា បើកាលណា​គ្រួសារ​យើង​មាន​សុខភាព​ល្អ យើង​មានឱកាស​ប្រកបការងារ​បាន​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន ។ យុវវ័យ​គ្រប់​រូប​បើសិនជា​មានចំណេះ​ដឹង​នៅ​ក្នុង​ខ្លួន​ពិតប្រាកដ អាច​ចៀស​ឆ្ងាយ​ពី​អំពើ​មិនល្អ​ដូច​ជា​ធ្វើ​ចោរលួច ឆក់ ប្លន់ និង​ការ​សេព​គ្រឿងញៀន​ជាដើម​។

គួរ​បញ្ជាក់​ថា លោក មាស យ៉ានួ​រី​ស មាន​សញ្ញាបត្រ​បច្ចេកទេស​ផ្នែក​ព្យាបាល​ជំងឺ​ស្ត្រេស​ និង​ចាប់​សរសៃ​នៅ​ប្រទេស​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ