AFPផ្សាយកាលពីពេល ថ្មីៗកន្លងមក តុលាការកំពូលក្រុងតៃប៉ិ បានចេញសាលដីកាកាលពីថ្ងៃទី២ មករា ២០១៨ សម្រេចឱ្យកូនអកតញ្ញូត្រូវបង់ប្រាក់លើថ្លៃចិញ្ចឹមបីបាច់ម្តាយ។
រឿងក្តីនេះលោកស្រីឡូវ ជាដើមចោទបានលែងលះប្តីកាលពីឆ្នាំ១៩៩០ និងចាប់ពីពេលនោះមកបានចិញ្ចឹមថែទាំកូនប្រុស២នាក់ដោយខ្លួនឯង ។ ដោយសារមានក្តីបារម្ភថា នឹងគ្មាននរណាម្នាក់ថែទាំខ្លួននៅពេលចាស់ជរា លោកស្រីឡូវឱ្យកូនទាំង២នាក់ចុះហត្ថលេខានៅពេលពួកគេទាំង២អាយុគម្រប់២០ឆ្នាំ ដោយនៅក្នុងកិច្ចសន្យាបញ្ជាក់ថា កូនប្រុសទាំង២នាក់ត្រូវចំណាយប្រាក់ដល់ម្តាយ៦០% នៃប្រាក់ចំណូលរបស់ពួកគេ ម្នាក់ៗ ។
លោកស្រីឡូវ បានចោទប្រកាន់កូនប្រុសទាំង២ថាមិនដែលថែទាំខ្លួន ក្រោយពីពួកគេមានប្រពន្ធទើបមានពេលខ្លះដល់ថ្នាក់ប្រពន្ធរបស់កូនផ្ញើសំបុត្រឱ្យគាត់តាមរយៈមេធាវី ទាមទារឱ្យគាត់ឈប់ទាក់ទងជាមួយកូនប្រុស ។
លោកស្រីឡូវ បានប្តឹងតុលាការកាលពី៨ឆ្នាំមុន នៅពេលកូនប្រុសទាំង២មិនធ្វើតាមកិច្ចសន្យា ប៉ុន្តែត្រូវកូនប្រុសច្បងសុំយល់ព្រមនៅក្រៅប្រព័ន្ធតុលាការ ដោយចំណាយប្រាក់ដល់ម្តាយចំនួន៥លានដុល្លារតៃវ៉ាន់ឬប្រហែល១៦ម៉ឺនដុល្លារ តាមការព្រមព្រៀងនៅមុនពេលតុលាការបើកសវនាការ ។
ចំណែកកូនប្រុសទី២ ត្រូវបានតុលាការអះអាងថា កិច្ចសន្យាធ្វើជាមួយម្តាយប្រឆាំងនឹងប្រពៃណីទំនៀមទម្លាប់ព្រោះការចិញ្ចឹមកូនមិនគួរប្រើលក្ខខណ្ឌនេះទេ ។ ស្របពេលជាមួយគ្នានេះ លោកស្រីឡូវ បានប្តឹងទៅកំពូល ក្រោយពីសាលាដំបូង និងឧទ្ធរណ៍សម្រេចឱ្យកូនប្រុសជាអ្នកឈ្នះរឿងក្តី ។
ចៅក្រមតុលាការកំពូលបានថ្លែងថា កិច្ចសន្យាដែលធ្វើរវាងម្តាយ និងកូននោះ នៅប្រើការបាន មិនមែនជាមោឃៈទេ ព្រោះលោកជូជាកូនទី២ ក្លាយជានីតិជន ខណៈពេលចុះហត្ថលេខា ម្យ៉ាងទៀតគេមានអាជីពជាទន្តណ្ឌិត ទើបមានលទ្ធភាពក្នុងការចំណាយប្រាក់សងម្តាយបាន ។
បច្ចុប្បន្នរឿងក្តីវាយតប់លើរាងកាយ និងបោះបង់ចោលអ្នកមានគុណ បានកើនខ្ពស់ជាបន្តបន្ទាប់នៅតៃវ៉ាន់ ធ្វើឱ្យកើតមានការស្នើសុំចេញច្បាប់កំណត់ទោសឱ្យជាប់គុកដល់អ្នកដែលបោះបង់ចោល ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនបានឆ្លងកាត់ការអនុម័តនៅឡើយទេ ៕
ចែករំលែកព័តមាននេះ