ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់បាត់បង់ជីវិត ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកបុកម៉ូតូយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង០៦និង១០នាទីល្ងាច ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក LAND ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២U-៦៩៧៧ បើកបរល្បឿនលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ បានជែងម៉ូតូ១គ្រឿង ម៉ាកហុងដា MSX ពណ៌ខ្មៅលាយស អត់ស្លាកលេខ ប៉ុន្តែមិនផុតក៏ជ្រុលបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន៣នាក់ ខ្ទាតប្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗ និង២នាក់ទៀតបានដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
ដោយឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនតាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ រួមមានទី១.ឈ្មោះ អ៊ីម សីហា ភេទប្រុស អាយុ១៧ឆ្នាំ ទី២.ឈ្មោះ វន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣.ឈ្មោះ ជា ភិរម្យ ភេទប្រុស អាយុ១៨ឆ្នាំ ។ ទាំង៣នាក់នេះរស់នៅម្ដុំផ្សារដើមអំពិល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអូសយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។ ចំណែកសាកសពយុវជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចក៏បានទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅគេហដ្ឋានរៀងៗខ្លួនតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ