ខេត្តកំពត ៖ លោកយាយអាយុ៩៦ឆ្នាំម្នាក់ តែងដើររើសអេតចាយជារៀងរាល់ថ្ងៃ នៅតាមផ្លូវលំ និងផ្លូវជាតិរើសយកសំបកដបទឹកសុទ្ធ និងសំបកកំប៉ុងផ្សេងៗដាក់ក្នុងថង់ខ្មៅ ហើយលីពន់លើស្មាម្ខាងយ៉ាងពិបាកគួរឱ្យអាណិតពេកណាស់ ។ ដូនចាស់រូបនេះអ្នកផងតែងតែឃើញញឹកញាប់នៅតាមផ្លូវជាតិ ។ គាត់ឈ្មោះ ប៉ិច សេន រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។
ស្ត្រីអ្នកភូមិឈ្មោះ ឃួន សុឃឿន អាយុ៥៣ឆ្នាំ រស់នៅភូមិព្រែកក្រឹសបាននិយាយថា អ្នកធ្វើដំណើរតាមដងផ្លូវតែងប្រទះឃើញដូនចាស់រូបនោះដើររើសអេតចាយរាល់ថ្ងៃ ។ គាត់មិនមែនរស់ឯកោម្នាក់ឯងទេ គឺរស់នៅជាមួយកូនស្រីម្នាក់ ប៉ុន្តែកូនស្រីក៏ជាអ្នកក្រីក្រដែរមិនអាចផ្គត់ផ្គង់អាហារហូបចុកជូនគាត់បាន ទើបគាត់ចេញរកលុយទាំងញាក់ញ័រទទ្រើកគួរឱ្យអនិច្ចា ។ អ្នកភូមិម្នាក់ទៀតឈ្មោះ ម៉ៅ ភារម្យ ភេទស្រី អាយុ៣២ឆ្នាំបាននិយាយថា ភូមិដែលលោកយាយរស់នៅនោះ មានអ្នកស្រុកជាង៣០គ្រួសារស់នៅដោយធ្វើផ្ទះប្រជ្រៀតគ្នាលើផ្ទៃដីដ៏តូចចង្អៀតមួយកន្លែង ។
ក្រុមអ្នកភូមិទាំងនោះមិនមានដីស្រែទេ ដូច្នេះអ្នករស់នៅជំុគ្នាជាង៣០គ្រួសារដែលធ្វើផ្ទះតូចៗប្រជ្រៀតគ្នានេះ គឺពឹងផ្អែកតែទៅលើកម្លាំងពលកម្មខ្លួនឯងសុទ្ធសាធមិនថាចាស់ឬក្មេងទេ គឺដើរសុីឈ្នួលឱ្យគេមិនរើសមុខទេ ឱ្យតែបានលុយទិញអង្ករហូប គឺប្រទះអីធ្វើនឹង ។
អ្នកភូមិម្នាក់ទៀតបាននិយាយថា អ្នកសង់ផ្ទះតូចៗប្រជ្រៀតគ្នានេះសុទ្ធតែមានជីវភាពក្រខ្សត់ណាស់មានចាស់ជរា មានក្មេងកំព្រា មានអ្នកពិការភ្នែកដែលពិបាកទ្រទ្រង់ជីវិតខ្លួនឯងបំផុត ។
លោក សេក ឈិន មេឃុំព្រែកក្រឹសបានប្រាប់ឱ្យដឹង កាលពីព្រឹកថ្ងៃ៣ មករាថា ប្រជាពលរដ្ឋជាង៣០គ្រួសារអត់មានស្រែចម្ការធ្វើទេ ។ពួកគាត់ត្រូវបានអង្គការមួយបានសង់ផ្ទះតូចៗឱ្យ២គ្រួសារ តែក្រលំបាកជាងគេ ។ ពិតជាក្រីក្រពេកហើយ ជាក់ស្តែងលោកយាយមានអាយុ៩៦ឆ្នាំនៅតែដើររើសអេតចាយយ៉ាងញាក់ញ័រតត្រុករកកម្រៃចិញ្ចឹមជីវិតទម្រាំដល់ថ្ងៃអវសាន ៕
ចែករំលែកព័តមាននេះ