ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ទូក​ម៉ាស៊ីន និង​សម្ភារ​ល្បាត​ច្រើន​ទៀត​ដល់​មន្ត្រី​ឆ្មាំ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទូក​ម៉ាស៊ីន​ចំនួន​៨​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ដើម្បី​បំពេញការងារ​ចុះ ល្បាត​ជា​ច្រើន​ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អ​ភ​រិ​ក្ស​ទាំង​១១​ប៉ុស្តិ៍​សម្រាប់​យក​ទៅ ប្រើប្រាស់ ដើម្បី​ពង្រឹង​ការ​ចុះ​ល្បាត និង​អភិរក្ស​ពី​មន្ត្រី​ឆ្មាំ​ទន្លេ​តាម​តំបន់​អន្លង់​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​ធំ​ៗ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ ទូក​ម៉ាស៊ីន​ចំនួន​៨​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ដើម្បី​បំពេញការងារ​ចុះ ល្បាត​ជា​ច្រើន​ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អ​ភ​រិ​ក្ស​ទាំង​១១​ប៉ុស្តិ៍​សម្រាប់​យក​ទៅ ប្រើប្រាស់ ដើម្បី​ពង្រឹង​ការ​ចុះ​ល្បាត និង​អភិរក្ស​ពី​មន្ត្រី​ឆ្មាំ​ទន្លេ​តាម​តំបន់​អន្លង់​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​ធំ​ៗ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ ។

សម្ភារ​សម្រាប់​ទ្រទ្រង់​ដល់​ក្រុមការងារ​ល្បាត និង​អភិរក្ស​ដែល​ផ្តល់​ជូន​ដល់​មន្ត្រី​ឆ្មាំ​ទន្លេ​ទាំងនេះ គឺ​បាន​មក​ពី​ការ​ផ្តល់​ជូន​ពី​នាយកដ្ឋាន​អភិរក្ស​រដ្ឋបាល​ជលផល និង​មួយ​ចំនួន​ទៀត​បាន​មក​ពី​គម្រោង ការ​គាំទ្រ​របស់​អង្គការ​ជា​ដៃគូរ​អភិរក្ស​ប្រចាំ​នៅ​ខេត្តក្រចេះ ។

ប្រធាន​ឆ្មាំ​អភិរក្ស និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក​ម៉ុ​ក ពន្លក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខេត្តក្រចេះ​មាន​ប៉ុស្តិ៍​ឆ្មាំ​អភិរក្ស​ចំនួន​១១​កន្លែង​ក្នុង​នោះ​មាន​មន្ត្រី​ឆ្មាំ​ចំនួន​៤៤​នាក់ ។
លោក​ប្រធាន​ឆ្មាំ​អភិរក្ស​បាន​បញ្ជាក់​ថា ក្នុង​អាង​ទន្លេមេគង្គ​ខេត្តក្រចេះ​មាន​អន្លង់​ផ្សោត​ធំ​ៗ រស់នៅ​ចំនួន​៥​កន្លែង និង​អ​ង្ល​ង់​ត្រី​មេ​ពូជ​ចំនួន​៥៧​អន្លង់ ។
បើ​តាម​ក្រុម​មន្ត្រី​ជំនាញ​បាន​បង្ហាញ​តួរ​លេខ​ថា ចំនួន​សត្វ​ផ្សោត​ដែល​កំពុង​តែ​រស់នៅ តាម​អន្លង់​ទាំង​ចំនួន​៥​កន្លែង ក្នុង​ខេត្តក្រចេះ​មាន​ចំនួន​ចន្លោះ​ចាប់ពី​៥៥​ទៅ​៦០​ក្បាល​ដែល​ចំនួន​នេះ គឺ​រាប់​តែ​ទៅ​លើ​សត្វ​ផ្សោត​ដែល​មាន​អាយុ​វ័យ​ជំទង់ ។ សម្រាប់​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​សត្វ​ផ្សោត​បាន​កើតកូន​បាន​៩​ក្បាល ខណៈ​ដែល​អត្រា​ងាប់​រយៈពេល​មួយ​ឆ្នាំ គឺ​មាន​តែ​២​ក្បាល ។ ទន្ទឹម និង​អត្រាកំណើន​ការ​កើត​របស់​សត្វ​ផ្សោត​មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ចំណែកឯ​ចំនួន​ងាប់ គឺ​ថយ​ចុះ នេះ​ក៏​ត្រូវ​បាន​លោក​ម៉ុ​ក ពន្លក​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​បាន​អះអាង​ថា ដោយសារ​តែ​ក្រុមការងារ​មន្ត្រី​ឆ្មាំ​បាន​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ការ​ចុះ​ល្បាត​អភិរក្ស​នៅ​តាម​អន្លង់​ក៏​ដូច​ជា តំបន់​គោលដៅ​បាន​កាត់​បន្ថយ​ទប់ស្កាត់​ការ​លួច​ធ្វើ​នេសាទ​ទើប​មិន​ប៉ះពាល់​ការ​រស់នៅ​ដល់​ជីវិត​សត្វ​ផ្សោត ។

អភិបាលរង​ខេត្តក្រចេះ​លោក​ខណ្ឌ ចំណាន ដែល​បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​សម្ភារ​ប្រើប្រាស់​ដល់​មន្ត្រី​ឆ្មាំ​ទន្លេ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៤ ខែមករា​នេះ​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត មន្ត្រី​នៃ​មន្ទីរ​ជំនាញ​ក៏​ដូច​ជា​អង្គការ​ជា​ដៃគូរ​ផង​ដែរ​នោះ បាន​ជម្រុញ​ការ​លើក ទឹកចិត្ត​ឲ្យ​មន្ត្រី​ឆ្មាំ​បន្ត​ការ​ខិតខំ​លើ​ភារកិច្ច​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់​ពី​ការ​លួច​ធ្វើ​នេសាទ ខុសច្បាប់​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​សត្វ​ផ្សោត​ក៏​ដូច​ជា ជីវចម្រុះ​នៅ​ក្នុង​ទន្លេ​ផ្សេង​ទៀត​។
របាយការណ៍​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​បង្ហាញ​ថា កិច្ច​ការងារ​បង្ក្រាប​បទ ល្មើស​ជលផល​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​ក្រុមការងារ​ឆ្មាំ​ទន្លេ​អភិរក្ស​ផ្សោត​ទន្លេមេគង្គ​បាន​រៀប ចំ​ផែនការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​ដែន​អភិរក្ស​ក្នុង​នោះ​ដកហូត​មង​បាន​៣៨៩​ករណី ចំនួន​១៨៩​ត្បូង ស្មរ និង​ប្រវែង​ជិត​១០​ម៉ឺន​ម៉ែត្រ ដកហូត​សន្ទូចរនង​ចំនួន​២៧​ខ្សែ ផ្លែ​ស​ន្ទូ​ជាង​១​ពាន់​ផ្លែ ។ បង្ក្រាប​បទល្មើស​ឆក់​ត្រី​ចំនួន​១៥​ករណី ដកហូត​ទូក​១២​គ្រឿង សម្ភារ​ឆក់​ត្រី​១២​គ្រឿង ក្រៅពី​នោះ​មាន​សម្ភារ​ឆក់​មួយ​ចំនួន​ត្រូវ​បាន​ជនសង្ស័យ​បោះ​ចូល​ក្នុង​បាតទន្លេ ។ ក្រោយមក​ឃាត់ខ្លួន​កសាង​សំណុំរឿង​ទៅ​សាលាដំបូង ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំនួន​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ