រាជធានីភ្នំពេញ ៖ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកស្គាល់យ៉ាងច្បាស់តាមរយៈការបង្កើតវីដេអូឃ្លីបណែនាំ និងចែករំលែកចំណេះដឹងជាច្រើនទាក់ទងនឹងបញ្ហាផ្លូវភេទ បានស្នើសុំឱ្យហ្វេសប៊ុក ពិសេសនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក Mark Zuckerberg ពិចារណាអំពីផលប៉ះពាល់នៃការបន្ថែមមុខងារថ្មី Explore Feed នៅលើហ្វេស ប៊ុក ដែលកញ្ញាថា មុខងារថ្មីនេះបានធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិ ការទទួលព័ត៌មាននៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
សំណើរបស់ A Dose of Cath ដែលមានឈ្មោះដើមថា «ខេតធឺរីន ហេរី» ត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ Washington post កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ។
កញ្ញា ខេតធឺរីន ហេរី (Catherine Harry) គឺជាអ្នកសរសេរប្លុក និងជានិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ។ និស្សិតស្រីវ័យ២៣ឆ្នាំរូបនេះ តែងតែបង្ហាញសារ ឬវីដេអូទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ សិទ្ធិស្មើភាពគ្នារវាងបុរសនិងស្ត្រី និងគំនាបសង្គមផ្សេងៗដែលតែងដាក់បន្ទុកទៅលើស្ត្រី ។
នៅក្នុងការចុះផ្សាយរបស់ Washington post អ្នកសរសេរប្លុកវ័យក្មេងរូបនេះ បានលើកឡើងថា ការផ្លាស់ប្តូរខាងបច្ចេកវិទ្យាអាចល្អ ប៉ុន្តែអ្នកគ្រប់គ្រងហ្វេសប៊ុកចាំបាច់ត្រូវពិចារណាការពិតដែលថា ជម្រើសរបស់ខ្លួនអាចនាំផលវិបាកមិនល្អដល់អ្នកដែលរងផលប៉ះពាល់ ហើយអាចធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ។
កូនខ្មែរដែលនិយាយភាសាអង់គ្លេសបានយ៉ាងល្អរូបនេះ ប្រាប់កោះសន្តិភាព បន្ថែមថា៖ «កម្មវិធី Explore Feed នេះមានផលប៉ះពាល់មួយចំណែកទៅលើសេរីភាពក្នុងការបញ្ចេញមតិ ពីព្រោះទាល់តែគេហទំព័រដែលបំប៉ោងចំនួនអ្នកទស្សនាដោយប្រើប្រាស់លុយ ទើបការផុសរបស់ពួកគាត់អាចចូលទៅក្នុង News Feed របស់អ្នកប្រើប្រាស់បាន។ ហេតុនេះ វាធ្វើឲ្យគេហទំព័របញ្ចេញមតិតូចៗ ឬអង្គការតូចៗដែលគាត់មិនសូវមានប្រាក់កម្រៃមានភាពលំបាកលំបិនក្នុងការឈានទៅដល់អ្នកទស្សនា » ។
ហ្វេសប៊ុកបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ដោយបន្ថែមមុខងារថ្មីមួយទៀតនៅលើបណ្ដាញសង្គមដ៏ធំមួយនេះ ឈ្មោះថា Explore Feed ។ មុខងារថ្មីនេះ បានធ្វើការបែងចែករាល់ Pages ទាំងអស់ត្រូវបានដាក់នៅក្នុង Explore Feed រីឯមុខងារ News Feed គឺសម្រាប់បង្ហាញតែព័ត៌មានផ្ទាល់ខ្លួនរបស់គណនីបុគ្គលប៉ុណ្ណោះ។ មានន័យថា ការបង្ហោះមាតិការបស់ Pages ទាំងនោះលែងបង្ហាញនៅក្នុងផ្ទាំងព័ត៌មានលំនាំដើមរបស់អ្នកប្រើប្រាស់នៅពេលពួកគេបើក ហ្វេសប៊ុកជាលើកដំបូងទៀតហើយ ទាល់តែចុចទៅផ្នែកផ្សេងមួយទៀត មានរូបយន្តហោះ (Explore Feed) ជាសម្គាល់ ទើបអ្នកប្រើប្រាស់បានឃើញនូវអ្វីដែល Pages ទាំងនោះបានបង្ហោះ ។
ការសាកល្បងបន្ថែមមុខងារថ្មីរបស់ហ្វេសប៊ុក គឺអនុវត្តសាកល្បងនៅប្រទេសចំនួន៦ រួមមាន ស្រីលង្កា បូលីវី ស្លូវ៉ាគី សែប៊ី ក្វាតេម៉ាឡា និងកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
កញ្ញា ខេតធឺរីន បាននិយាយពីផលប៉ះពាល់របស់ខ្លួនថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ កញ្ញាបានបង្កើត Pages ផ្ទាល់ខ្លួន និយាយពីប្រធានបទដែលសង្គមខ្មែរមិនលើកទឹកចិត្តឱ្យស្ត្រីនិយាយ ជាពិសេសទាក់ទងនឹងបញ្ហាផ្លូវភេទ ។
នាងបន្តថា ៖« ខ្ញុំពឹងផ្អែកយ៉ាងខ្លាំងលើYouTube និងហ្វេសប៊ុកដើម្បីទៅដល់ទស្សនិកជនរបស់ខ្ញុំ ។ ក្នុងរយៈពេល៩ខែដំបូង ទំព័រហ្វេសប៊ុករបស់ខ្ញុំ Dose of Cath បានទាក់ទាញការចូលចិត្ត (Like) ជាង១៧ម៉ឺន ដោយវីដេអូភាគច្រើនមានជាមធ្យមពី១០ម៉ឺនទៅ២០ម៉ឺន ។ ប៉ុន្តែបន្ទាប់ពីការផ្លាស់ប្តូរចំនួននៃអ្នកទស្សនាមានប្រហែល១ម៉ឺន២ពាន់នាក់ក្នុងរយៈពេល១ម៉ោងដំបូង ខ្ញុំទទួលបានតែ៥.០០០នាក់ប៉ុណ្ណោះបន្ទាប់ពីបានបង្ហោះវីដេអូនេះអស់រយៈពេល៥ម៉ោង » ។
នាងនិយាយថា មិនមែនតែនាងទេ ដែលប៉ះពាល់ អ្នកសរសេរប្លុកផ្សេងទៀតក៏បានប៉ះពាល់ដូចគ្នា ។ តួយ៉ាង អ្នកខ្លះនៅពេល Live ផ្ទាល់វីដេអូធ្លាប់មានអ្នកចូលមើលពី២ពាន់ទៅ៣ពាន់នាក់ តែបន្ទាប់ពីការផ្លាស់ប្តូរនេះ មានត្រឹម៣០ទៅ៤០នាក់ប៉ុណ្ណោះ ។
កញ្ញាបន្ថែមថា ប្រទេសកម្ពុជាមានប្រជាពលរដ្ឋប្រមាណ១៥លាននាក់ដែលមាន៤,៨លាននាក់បានប្រើប្រាស់ហ្វេសប៊ុក ។ បណ្តាញសង្គមដ៏ធំមួយនេះបានផ្តល់នូវប្រភពព័ត៌មានដ៏សំខាន់សម្រាប់១ភាគ៣នៃចំនួនប្រជាពលរដ្ឋ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង ។
លោក សូ សោទ្ធី មន្ត្រីទំនាក់ទំនងនៃអង្គការ Forum Seed បានប្រាប់ថា បន្ទាប់ពីបន្ថែមមុខងារ និងបែងចែកផ្នែកផ្សេងរវាង Explore Feed និង News Feed ការទទួលព័ត៌មានរបស់លោកហាក់ពិបាកជាងមុន និងចំណាយពេលច្រើន ។
លោកបានប្រាប់បន្ថែមថា ៖« ក្នុងនាមខ្ញុំជាអ្នកតាមដានព័ត៌មាន យើងធ្វើការនៅក្នុងផ្នែកសង្គមស៊ីវិល ក៏ដូចជាអ្នកធ្វើការរដ្ឋក៏ដោយ ក៏តែងតាមដានព័ត៌មាន តែនៅពេលដែលមានការបែងចែក Explore Feed និង News Feed ព័ត៌មានភាគច្រើនបានរត់ចូលនៅក្នុង Explore Feed ទាល់តែយើងចុចទៅ Explore Feed ហើយវាអត់មាន notification ដូច News Feed ពីមុនទេ ។ ជាធម្មតា យើងមិនមានពេលវេលាទៅអូស (scroll) នៅក្នុង Explore Feed ហ្នឹងទាំងអស់បានទេ អីចឹង យើងអាចនឹងបាត់ព័ត៌មានមួយចំនួនដែលខ្ញុំតែងតែទទួលបាននៅក្នុង News Feed » ។
លោកក៏ចង់ឱ្យហ្វេសប៊ុកឈប់ចែកមុខងារទាំងពីរផងដែរ ហើយប្រសិនបើមានការបែងចែក គួរតែឱ្យទំព័រព័ត៌មានរត់ចូលទៅក្នុងផ្ទាំង News Feed ដែលវាជាការផ្តល់ភាពងាយស្រួលដល់មហាជនក្នុងការទទួលបានព័ត៌មាន ។
លោក ង៉ែត មូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» បានប្រាប់ឱ្យដឹងថា នេះជាការធ្វើតេស្តរបស់ហ្វេសប៊ុក ប៉ុន្តែការធ្វើតេស្តនេះ បានធ្វើឱ្យការទទួលបាននូវព័ត៌មានពីទំព័រមួយចំនួនមានភាពយឺតយ៉ាវ ។
យ៉ាងណាមិញ លោកបញ្ជាក់ថា ការបែងចែកនេះ វាក៏ផ្តល់ផលល្អផងដែរ ដែលវាអាចកាត់បន្ថយការផ្សាយព័ត៌មានក្លែងក្លាយ ។
លោកពន្យល់បន្ថែមថា ៖« សម្រាប់ Page ណាដែលធ្វើព័ត៌មានក្លែងក្លាយ Fake News នឹងកាត់បន្ថយ ប៉ុន្តែសម្រាប់ Page ណាដែលគេធ្វើព័ត៌មានពិតប្រាកដ ឬស្ថាប័នព័ត៌មានធំៗ វាក៏ចូលគន្លងតែមួយ អីចឹង បើហ្វេសប៊ុកដាក់នៅក្នុង Explore Feed ទាំងអស់ អាហ្នឹងវាពិបាកហើយ ព្រោះ Friend បានចុច Like អត់បានចុចមើលព័ត៌មាន » ។
លោកបន្ថែមថា ដើម្បីកុំឱ្យប៉ះពាល់ការទទួលបានព័ត៌មាន ហ្វេសប៊ុកគួរតែដាក់ទំព័រណាដែលមានសញ្ញាគ្រីសពណ៌ខៀវ (Blue Tick) អាចលេចឡើងលើ Wall post ឬ News Feed ដោយបានមិនចាំបាច់ត្រូវបញ្ចូលក្នុង Explore Feed ទាំងអស់ទេ ។
លោកប្រាប់បន្តថា ៖« ជាទូទៅ យើងអ្នកប្រើប្រាស់គិតថា ការបែងចែកវាអត់ល្អទេ ព្រោះវាធ្វើឱ្យបាត់បង់ព័ត៌មានច្រើន ប៉ុន្តែសម្រាប់ក្រុមហ៊ុនវិញគិតថា ស្អីក៏ដោយ គ្មានអាហារដែលបានដោយអត់អស់លុយទេ យើងប្រើសេវាគេ យើងត្រូវតែបង់ឱ្យគេ អីចឹង ប្រើសេវារបស់ហ្វេសប៊ុក គេអាចធ្វើអីដែលគេចង់បាន » ។
ជាការពិត មិនមែនត្រឹមតែប៉ះពាល់ដល់ការបញ្ចេញ ការផ្តល់ និងទទួលព័ត៌មានប៉ុណ្ណោះទេ វាបានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់អ្នករកស៊ី ដែលយកហ្វេសប៊ុកធ្វើជាកន្លែងផ្សព្វផ្សាយតាមរយៈការបង្កើតជា Page ហើយផុសនូវរាល់ផលិតផល និងសេវាកម្មនានានៅលើ Pages របស់ខ្លួន ដោយមិនបង់ថ្លៃទៅហ្វេសប៊ុក ។
បន្ទាប់ពីការបន្ថែមមុខងារថ្មីរបស់ហ្វេសប៊ុក អ្នកប្រកបអាជីវកម្មតាមអនឡាញទាំងអស់បានត្អូញត្អែរពីការបាត់បង់អតិថិជន រាល់ពេលបង្ហោះទំនិញនៅលើបណ្ដាញសង្គម គឺលែងមានប្រសិទ្ធភាពដូចមុន ។ ជាក់ស្ដែង រាល់ Page នីមួយៗមានអ្នកចុចចូលចិត្តរាប់ម៉ឺន រាប់សែននាក់ ឬ Page ខ្លះមានដល់ខ្ទង់លានផងនោះ មិនអាចឱ្យអ្នកដែលបានចុច Like Page ឃើញនូវព័ត៌មានផលិតផល និងសេវាកម្មនៅលើ News Feed ទៀតទេ ៕
ចែករំលែកព័តមាននេះ