ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស អំពាវនាវ​សុំ​សម្តេច​តេ​ជោ ជួយ​កសាង​អាគារ​សិក្សា

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សិស្ស​ថ្នាក់​ទី​២ និង​ទី​៣ ចំនួន​ពីរ​ថ្នាក់ នៃ​សាលា​បឋម​សិក្សា​ប្រសាទ​ជាងទង ស្ថិត​ក្នុងភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​បង្ខំចិត្ត​រៀន​ទាំង​លំបាក​ក្នុង​រោងដោល…

ខេត្តកំពង់ឆ្នាំង ៖ សិស្ស​ថ្នាក់​ទី​២ និង​ទី​៣ ចំនួន​ពីរ​ថ្នាក់ នៃ​សាលា​បឋម​សិក្សា​ប្រសាទ​ជាងទង ស្ថិត​ក្នុងភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​បង្ខំចិត្ត​រៀន​ទាំង​លំបាក​ក្នុង​រោងដោល រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ទោះ​មាន​មានការ​ស្នើ​សុំ​របស់​លោកនាយក​សាលា​ទៅ​ថ្នាក់លើ​យ៉ាងណា​ក្តី ក៏​នៅ​មិន​ទាន់​ទទួលលទ្ធផល​ជា​ផ្លែផ្កា​ដែរ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​ការ​សិក្សា​របស់​សិស្ស ពី​សំណាក់ លោក​គ្រួ អ្នកគ្រូ ដែល​យល់​ថា សិស្ស​រៀន របៀប​ក្នុង​រោងដោល​នេះ​គ្មាន​អារម្មណ៍​មូល​ក្នុង​ការ​រៀនសូត្រ​នោះ​ឡើយ​។ លោកគ្រូ កែ សុ​ម៉េ​ត ជា​គ្រូ​ប្រចាំ​ថ្នាក់​ទី​៣ ដែល​កំពុង​បង្រៀន​សិស្ស​ក្នុង​រោងដោល នៃ​សាលា​បឋម​សិក្សា​ប្រសាទ​ជាងទង លើក​ឡោះ​ង​ថា សិស្ស​កំពុង​រៀន​ក្នុង​រោងដោល ទាំង​ពីរ​ថ្នាក់​នេះ ពិតជា​គ្មាន​អារម្មណ៍​បាន​មូល​ក្នុង​ការ​រៀនសូត្រ​ឡើយ ដោយសារ​តែ​ខែប្រាំង​ក្តៅ​ពី​ដំបូល​គ្រប​តង់​កៅស៊ូ រួម​ដោយ​ខ្យល់​ដី​ហុយ ធ្វើ​ឲ្យ​រំខាន​ដល់​កា​រៀនសូត្រ​របស់​សិស្ស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ទាំង​សិស្ស​ទាំង​គ្រូ​ទៀត​ផង​។ ចំណែក​ខែវស្សា​វិញ​មាន​ភ្លៀង ខ្យល់ ពេល​ខ្លះ​គ្រូ និង​សិស្ស​ឈរ​ជ្រក​ភ្លៀង​មើល​មុខ​គ្នា ហើយ​បើ​ភ្លៀង និង​ខ្យល់​ខ្លាំង សិស្ស និង​គ្រូ​នាំ​គ្នា​រត់​ជ្រក​នៅ​ថ្នាក់រៀន​ផ្សេង​។

អ្នកគ្រូ ឈី​វ សុផល បាន​បញ្ជាក់​ថា សិស្ស​ចាប់​រៀន​ក្នុង​រោងដោល​នេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ មូលហេតុ សិស្ស​មាន​ចំនួន​កើនឡើង​ច្រើន ទើប​លោកនាយក​សាលា​សម្រេច​បំបែក​សិស្ស​ពីរ​ថ្នាក់​គឺ​ថ្នាក់​ទី ២​មាន​សិស្ស​ចំនួន​១៦​នាក់ (​ស្រី​៦​នាក់​) និង​ថ្នាក់​ទី​៣ មាន​ចំនួន​២៤​នាក់ (​ស្រី​១២​នាក់​)​។ ជាមួយនឹង​ការ​បំបែក​ថ្នាក់​នេះ​ដែរ ព្រោះ​ចង់​ឲ្យ​លោកគ្រូ អ្នកគ្រូ មក​បង្រៀន​នៅ​ពេល​ព្រឹក​ស្មើភាព​គ្នា ព្រោះ​បើ​មិន​បំបែក​សាលា​ត្រូវ​ដាក់​វេន​គ្នា​បង្រៀន​ព្រឹកល្ងាច ម្យ៉ាង​ពេល បំបែក​សិស្ស​ឲ្យ​រៀន​ព្រឹកល្ងាច​ប៉ះ​សិស្ស​តូច​ៗ ម្លោះ​ហើយ​សាលា​ដាក់​វេន​រៀន​តែ​មួយ​ព្រឹក ទាំង​សិស្ស​ទាំង​គ្រូ​ទាំងអស់​គ្នា​តែ​ម្តង​។ ការ​លំបាក​មួយទៀត​គឺ ការ​រៀបចំ​បិទ​តារាង​ចំណាត់ថ្នាក់ ពិន្ទុ​សិស្ស បិទ​កាលវិភាគ និង​រូបភាព​អប់រំ​ផ្សេង​ៗ​ទៀត​ក៏​លំបាក​ដែរ គឺ​មិន​ហ៊ាន​បិទ​តែ​ម្តង ព្រោះ​កន្លង​មក មាន​ក្មេង​ៗ​មក​លេង​ក្នុង​សាលា​បាន​ហែក​ចោល​។

លោក​គ្រួ​អ្នកគ្រូ​ទាំង​ពីរ​បាន​បញ្ជាក់​ដែរ​ថា កន្លង​មក​មាន​ខាង​អង្គការ មួយ​ចំនួន​បាន​មក​មើល​ដែរ​ពី​ការ​ខ្វះខាត​សាលារៀន​នេះ ប៉ុន្តែ​ក៏​ស្ងាត់​ទៅ​វិញ ។ ចំណែក​លោកនាយក​សាលា​ក៏​បាន​ធ្វើ​សំណើរ​ទៅ​ស្រុក ខេត្ត​ដែរ តែ​នៅ​ស្ងាត់ឈឹង មិន​ទាន់​ទទួល​ដំណឹង​ជា​វិជ្ជមាន​ឡើយ​។ ជា​ចុង​ក្រោយ​លោក គ្រូ​អ្នក​គ្រួ​ទាំងអស់ សូម​សំណូមពរ​ដល់ ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជូ​យក​សាង​អាគារ​សិក្សា​១​ខ្នង មាន​៥​បន្ទប់​ផង ព្រោះ​សាលា​នៅ​ខ្វះ​ថ្នាក់​ម​ត្តេ​យ្យ ខ្វះ​បន្ទប់​ទីចាត់ការ និង​បន្ទប់​ថ្នាក់​សម្រាប់​សិស្ស​រៀន​។ បើ​តាម​ការ​បញ្ជាក់​ពី​លោក យី ភួ​ន មេឃុំ​ស្វាយ​ជ្រុំ​បាន​ឲ្យ​ដឹង​ថា សាលា​ពិតជា​ខ្វះ​បន្ទប់រៀន ជួប​ការ​លំបាក​រយៈពេល​២​ឆ្នាំ​ហើយ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ​ស្វាយ​ជ្រុំ សូម​អំពាវនាវ ដល់​សប្បុ​សជន​នានា និង​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​សាងសង់​សាលា​មួយ​ខ្នង​នេះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ