ខេត្តស្វាយរៀង ៖ បុគ្គលិកក្រុមហ៊ុនម្នាក់ដែលដើររាយខ្សែកាបទូរស័ព្ទតាមបង្គោលភ្លើងដោយគ្មានការស្លៀកពាក់បង្ការគ្រោះថ្នាក់ និងខ្វះការប្រុងប្រយ័ត្ន ត្រូវចរន្តភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោលភ្លើងយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១ មករា នៅចំណុចខាងមុខវិទ្យាល័យ ហ៊ុនសែន កំពង់រោទ៍ ស្ថិតក្នុងភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ។ បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍
បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវចរន្តភ្លើងឆក់ស្លាប់នេះឈ្មោះ ឈន ឆាយ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ជាកម្មករខ្សែកាបរបស់ក្រុមហ៊ុនមួយ ។ អ្នកភូមិបានរាយការណ៍ថាគេឃើញបុគ្គលិក ក្រុមហ៊ុនមួយក្រុមក្នុងនោះក៏មានជនរងគ្រោះម្នាក់ដែរបានដើរតបណ្តាញខ្សែកាបទូរស័ព្ទពីបង្គោលមួយទៅបង្គោលមួយតាមបង្គោលភ្លើងអគ្គិសនី ។ លុះពង្រាយមកដល់ចំណុចភូមិឃុំកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងឡើងឈរអូសខ្សែកាបលើកដៃឡើងខ្ពស់ក៏បានប៉ះខ្សែកាបអគ្គិសនី(ខ្សែស្រាត)បណ្តាលឱ្យស្រូបឆក់ជាប់នៅលើបង្គោលភ្លើងស្លាប់ភ្លាមៗតែម្ដង ។
ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងអ្នកធ្វើដំណើរតាមដងផ្លូវនាំគ្នាមកចោមរោមមើលហើយបានរាយកាណ៍ឱ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ឡើងយកសពជនរងគ្រោះចុះមកដីវិញ ។
ប្រភពដដែលបានបន្តទៀតថា ក្រុមការងារតបណ្តាញខ្សែកាបទូរស័ព្ទនេះ ខ្វះបច្ចេកទេសហើយប្រើមនុស្សឱ្យឡើងរាយខ្សែកាបតាមបង្គោលភ្លើងអគ្គិសនីដោយមិនបានបិទចរន្តភ្លើង បំពាក់ឧបករណ៍ការពារឱ្យបានត្រឹមត្រូវ ទើបបណ្តាលឱ្យឆក់ស្លាប់បែបនេះ ។ ប្រជាពលរដ្ឋបានរិះគន់តៗគ្នាថា មិនគួរប្រើមនុស្សឱ្យឡើងរាយខ្សែកាបទូរស័ព្ទតាមបង្គោលភ្លើងអគ្គិសនីបែបហ្នឹងទេ ។ ម្យ៉ាងវិញទៀតខាងក្រុមហ៊ុនមិនបានដាក់បង្គោលដោយខ្លួនឯងគឺយកខ្សែកាបទូរស័ព្ទទៅរាយផ្ញើជាមួយបង្គោលអគ្គិសនី ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ បើខាងក្រុមហ៊ុនដាក់បង្គោលខ្លួនឯងទើបគ្មានគ្រោះថ្នាក់ ។
ប្រជាពលរដ្ឋរស់នៅជិតកន្លែងគ្រោះថ្នាក់នោះបានឱ្យដឹងថា បង្គោលភ្លើងអគ្គិសនីដែលឆក់មនុស្សនេះ កាលពីប៉ុន្មានថ្ងៃមុនមានទុស្សេបែកផ្កាភ្លើងបង្កឱ្យអ្នកនៅជិតនោះភ័យខ្លាចហើយបានរាយការណ៍ទៅខាងមន្ត្រីអគ្គិសនីឱ្យមកពិនិត្យម្តងហើយ ក៏ប៉ុន្តែមិនដឹងថា មន្ត្រីអគ្គិសនីបានមកជួសជុល ឬយ៉ាងណានោះទេ ។ នៅថ្ងៃកើតហេតុ ក៏មានក្រុមហ៊ុនទូរស័ព្ទយកខ្សែកាបមករាយតាមបង្គោលភ្លើងអគ្គិសនីពីបង្គោលមួយទៅបង្គោលមួយ លុះមកដល់ត្រង់ចំណុចបង្គោលខាងលើក៏ឆក់ស្លាប់តែម្ដង ។ ក្នុងការឡើងទៅដាក់សពដែលឆក់ស្លាប់ជាប់លើបង្គោលភ្លើងនោះ អាជ្ញាធរអគ្គិសនីបានមកបិទភ្លើង និងជួយដាក់មនុស្សចុះពីបង្គោលភ្លើងដែលឆក់នោះ ។ សពក្រោយពីសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ