ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ត្រូវចោទនេះ ស្លា.ប់ក្នុងគុកកន្លះខែមុន ទើបបែកធ្លាយ​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ជន​ត្រូវ​ចោទ​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ទី​១៦  ធ្នូ ឆ្នាំ​២០១៧ ហើយ​ទើបតែ​បែកធ្លាយ​នៅ​ពេល​នេះ តែ​អ្នកខ្លះ​ថា…

ខេត្តកណ្តាល ៖ តាម​ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ជន​ត្រូវ​ចោទ​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ទី​១៦  ធ្នូ ឆ្នាំ​២០១៧ ហើយ​ទើបតែ​បែកធ្លាយ​នៅ​ពេល​នេះ តែ​អ្នកខ្លះ​ថា ​ជា​ករណី​វាយតប់​គ្នា​ទេ ។ ទោះជា​បែប​ណា មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​អំពី​ការ​ធ្វេសប្រហែស​ចំពោះ​ករណី​នេះ ។ តាម​របាយការណ៍​ពន្ធនាគារ​អះអាង​ថា ជន​ត្រូវ​ចោទ​លោត​សម្លាប់​ខ្លួន តែ​តុលាការ​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ​ឱ្យ​ពិត​ប្រាកដ​​​ថា តើ​ជា​ករណី​លោត​សម្លាប់​ខ្លួន ឬ​ជា​ករណី​អ្វី​ផ្សេង ។

ចំណែក​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ មុត លី​ណា​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាប់ចោទ​ពី​បទ​«​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​»​ប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ តាម​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ ។ ជន​នេះ​ត្រូវ​បាន​លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ។

ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​ថ្ងៃ​១៦ ខែធ្នូ ឆ្នាំ​២០១៧ ជន​ត្រូវ​ចោទ​បាន​លោត​សម្លាប់​ខ្លួន​ពីលើ​ស៊ីទែន​ទឹក​ដ៏​ធំ​មួយ​ក្នុង​ពន្ធនាគារ តែ​អ្នកដឹង​រឿង​ខ្លះ​អះអាង​ថា ទំនង​មិនមែន​ជា​ការ​លោត​សម្លាប់​ខ្លួន​ទេ តែ​ជា​ករណី​វាយតប់​គ្នា​ក្នុង​ពន្ធនាគារ ។ លោក ចាត សី​ុ​នាង ប្រធាន​ពន្ធនាគារ​ខេត្ត​បានឱ្យ​ដឹង​ថា ពិតជា​មាន​ជន​ជាប់​ចោទ​ឡើង​លោត​ពីលើ​សី​ុ​ទែន​ផ្ទុក​ទឹក​ក្នុង​ពន្ធនាគារ​មែន ហើយ​គ្រូពេទ្យ នគរបាល​យុត្តិធម៌ និងលោក​​ព្រះ​រាជអាជ្ញា​រង បាន​មក​ធ្វើ​កោសល្យវិច័យ​រួច​អស់ហើយ ឯ​សព​ក៏​បាន​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដែរ ។

ទោះបីជា​យ៉ាងណា នៅ​ថ្ងៃ​ទី​២ ខែមករា លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ថ្លែង​ថា អយ្យការ​កំពុង​ស៊ើបអង្កេត​ករណី​នេះ ដោយ​ពុំ​ទាន់​សម្រេច​ថា​យ៉ាងណា​នៅឡើយ​ទេ ។ អ្នក​ច្បាប់​មួយ​រូប​អះអាង​ថា ជន​ត្រូវ​ចោទ​បាន​ស្លាប់ ដូច្នេះ​សំណុំរឿង​នេះ​ត្រូវ​បាន​រលត់​បណ្តឹងអាជ្ញា ។ នេះ​បើ​យោង​តាម​មាត្រា​៧​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

សូម​រំឭក​ថា ជន​ត្រូវ​ចោទ​រូប​នេះ​ខណៈ​ស្រវឹង​បាន​យក​ដុំ​ថ្ម​គប់​ផ្ទះ​របស់​គេ ក៏​ត្រូវ​ម្ចាស់ផ្ទះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន ។ ជន​នេះ កាលពីមុន​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ នៅផ្ទះ​របស់​ស្ត្រី​ឈ្មោះ​ព្រុំ សុវណ្ណ អាយុ​៣៩​ឆ្នាំ ស្ថិត​ក្នុងភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ក្រោយ​ពេល​ផឹកស្រា​ស្រវឹង ឈ្មោះ មុត លី​ណា​ន ក៏​នឹក​ឃើញ​រឿង​គំនុំ​រវាង​រូបគេ​និង​ឈ្មោះ ព្រុំ ភារ​ម្យ ត្រូវជា​ប្អូនប្រុស​របស់​ស្ត្រី​ឈ្មោះ ព្រុំ សុវណ្ណ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​កាលពី​១០​ឆ្នាំ​មុន ។ ពេល​នោះ​ឈ្មោះ មុត លី​ណា​ន ក៏​យក​ដុំ​ថ្ម​និង​ដុំឥដ្ឋ​គប់​សំដៅ​ផ្ទះ​របស់​ស្ត្រី​ឈ្មោះ ព្រុំ សុវណ្ណ បណ្តាល​ឱ្យ​ធ្លុះធ្លាយ​ជញ្ជាំង​ផ្ទះ​ដែល​ធ្វើ​ពី​ស័ង្កសី និង​ទ្វារ​បង្គន់​ធ្វើ​អំពី​ជ័រ ។ ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង ម្ចាស់ផ្ទះក៏​បាន​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​កោះ​ខែល ទើប​មានការ​ឃាត់ខ្លួន​ឈ្មោះ មុត លី​ណា​ន នាំ​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។ កន្លង​មក ជន​ឈ្មោះ មុត លី​ណា​ន នេះ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​រយៈ​ពេល​៨​ខែ​ដែរ កាលពី​ឆ្នាំ​២០១០​ពី​បទ​ហិង្សា​ដោយ​ចេតនា ៕ ​

អត្ថបទសរសេរ ដោយ