រាជធានីភ្នំពេញ ៖ គោ១ហ្វូងដែលម្ចាស់លែងឲ្យដើរស្មៅបែបអនាធិបតេយ្យរាល់ថ្ងៃនោះ ត្រូវបានក្រុមខ្លាសរបស់សាលាខណ្ឌពោធិ៍សែន ជ័យដេញកៀងចាប់ប្រមូលយកទៅទុកនៅក្នុងដីឡូត៍មួយកន្លែង បន្ទាប់ពីម្ចាស់របស់វាមិនអើពើចាប់ចងដាក់ក្រោលឲ្យបានត្រឹមត្រូវ និងបានលែងឲ្យដើរស៊ីស្មៅនៅលើសួនច្បាររង្វង់មូលថ្នល់បំបែកចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមផ្ទាំងព្រះឆាយាលក្ខណ៍នៃការអបអរសាទរព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះករុណាសម្ដេចព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដើរប្រសេចប្រសាចតាមដងផ្លូវ កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើការណែនាំដល់ម្ចាស់ទៅតាមគោលការណ៍របស់សាលាខណ្ឌ ក្នុងបំណងឲ្យម្ចាស់អនុវត្តតាម ចាប់គោចង និងដាក់ក្រោលឲ្យបានត្រឹមត្រូវ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងផលប៉ះពាល់នានាជាច្រើនទៀត។
ក្រុមខ្លាសបាននិយាយថា គោ១ហ្វូងនេះអត់ដឹងថាម្ចាស់របស់វាជានរណានោះទេ បានលែងឲ្យដើរស៊ីអនាធិបតេយ្យបំផុត ហើយពួក វាបានដើរស៊ីសំរាមតាមដងផ្លូវ និងតាមកន្លែងដែលមានគំនរសម្រាម មិនតែប៉ុណ្ណោះវាបានយាយីសួនច្បាររង្វង់មូលថ្នល់បំបែក ចោមចៅ និងសួនច្បារមុខអាកាសយានដ្ឋាអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ព្រមទាំងដើរយ៉ាងប្រសេចប្រសាចតាមដងផ្លូវសំខាន់ៗមួយចំនួនមាន ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងមហាវិថីសហព័ន្ធរុស្សី ព្រមទាំងផ្លូវវេងស្រេងជារៀងរាល់ថ្ងៃ។ ដោយឡែកម្ចាស់របស់វាមិនដែលបានខ្វាយខ្វល់នឹងអើពើ ដើរតាមដេញចេញនោះទេ ទុកឲ្យពួកវាដើរ និងឈរស៊ីស្មៅបង្អួតរាងដាក់អ្នកដំណើរ ជាពិសេសក្បួនគណៈប្រតិភូជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវទេចរណ៍បរទេសដែលធ្វើដំណើរឆ្លងកាត់ចេញ និងចូលអាកាសយានដ្ឋាន។ ដែលជាហេតុបង្កឲ្យមានការប៉ះពាល់សណ្ដាប់ធ្នាប់សារធារណៈ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពដងផ្លូវ មើលទៅគ្មានសណ្ដាប់ធ្នាប់ទាល់តែសោះ ដែលជាហេតុធ្វើឲ្យ អាជ្ញាធរទទួលរងនូវការរិះគន់ជាបន្តបន្ទាប់ទៀតផង។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែបែបនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់បញ្ជាទៅតាមបណ្ដាសង្កាត់ទាំងអស់ ជាពិសេសសង្កាត់ដែលស្ថិតនៅជាប់ផ្លូវជាតិខាងលើ និងមានផ្លូវទីប្រជុំជនច្រើនឲ្យមានការវិធានការ និងចំណាត់ការក្ដៅចំពោះហ្វូង គោទាំងនោះដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវឲ្យមានរបៀបរៀបរយ និងសោភ័ណភាពល្អបញ្ចៀសឲ្យបាននូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង និងបង្កឡើងដោយហ្វូងគោ។ បទបញ្ជានោះបានធ្វើឡើងយូរមកហើយ ចំណែកសង្កាត់ពាក់ព័ន្ធជា ពិសេសសង្កាត់ចោមចៅទី១ ទី២ ទី៣ និងកាកាប តែងបានសហការណ៍ជាមួយក្រុមខ្លាស ចុះចាប់ប្រមូលហ្វូងគោអនាធិបតេយ្យ ខាងលើជាបន្តបន្ទាប់មកហើយ ព្រមទាំងឲ្យម្ចាស់ចូលខ្លួនទៅជួបដើម្បីធ្វើការណែនាំ រហូតដល់ការផាកពិន័យថែមទៀតផង ទើបប្រគល់គោឲ្យវិញ ប៉ុន្តែក្រោយមកនៅតែមិនព្រមរាងចាលទៀត នៅតែលែងគោចោលអនាធិបតេយ្យដដែល។
ប្រភពខាងលើបានបន្តទៀតថា ដោយឡែកនៅវេលាល្ងាច ថ្ងៃទី២៧ ខែធ្នូ គោមួយហ្វូងមានឈ្មោលមានញី និងមានតូចមានធំបាន ដើរស៊ីស្មៅនៅសួនច្បាររង្វង់មូលថ្នល់បំបែកចោមចៅ ក្រោមផ្ទាំងព្រះឆាយាលក្ខណ៍នៃការអបអរសាទរព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះករុណាសម្ដេចព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដើរតាមផ្លូវយ៉ាងប្រសេចប្រសាច ពេលនោះកម្លាំងក្រុមខ្លាសខណ្ឌបាននាំ គ្នាដេញចាប់បានចំនួន៨ក្បាល បន្ទាប់មកបាននាំយកទៅចងទុកនៅក្នុងដីឡូត៍មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ តាមគោលការណ៍របស់សាលាខណ្ឌ រង់ចាំម្ចាស់ចូលទៅជួប ហើយរហូតដល់ល្ងាចថ្ងៃទី២៨ ធ្នូនៅមិនទាន់រកម្ចាស់ឃើញនៅឡើយ៕
https://youtu.be/fNZDcBJ0MzI
ចែករំលែកព័តមាននេះ