ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ដែល​គួរ​ជ្រើសរើស​សម្រាប់​ផ្ញើ​រូបភាព និង​វី​ដេ​អូ​ឱ្យ​នៅ​រក្សា​គុណភាព

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពិតជា​មាន​ច្រើន​សម្បូរ​បែប និង​ពេញ​និយម​ទៅ​តាម​ប្រទេស ។ ចំណែក​នៅ​កម្ពុជា​ភាគច្រើន​គឺ​ពេញ​និយម​ប្រើ Facebook, Line, WhatApps ឬ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពិតជា​មាន​ច្រើន​សម្បូរ​បែប និង​ពេញ​និយម​ទៅ​តាម​ប្រទេស ។ ចំណែក​នៅ​កម្ពុជា​ភាគច្រើន​គឺ​ពេញ​និយម​ប្រើ Facebook, Line, WhatApps ឬ Telegram ជាដើម​។ កម្មវិធី​ទាំងនេះ​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញការងារ មិន​ថា​ក្រុមហ៊ុន​ឯកជន ឬ​ស្ថាប័ន​សាធារណៈ​នោះ​ទេ គឺ​សុទ្ធតែ​ប្រើប្រាស់​ទៅ​តាម​ស្ថានភាព​ការងារ​ផ្សេង​ៗ​គ្នា ឬ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ។

ថ្វី​ដ្បិតតែ​វា​មាន​តួនាទី​ក្នុង​ការ​ទំនាក់ទំនង​ដូច​គ្នា ប៉ុន្ដែ​ប្រសិនបើ​ពាក់ព័ន្ធ​នឹង​ការ​ផ្ញើ​រូប​ភាព និង​វី​ដេ​អូ​វិញ គឺ​មិន​ដូច​គ្នា​ទេ​។ ដូច្នេះ ថ្ងៃនេះ កោះសន្ដិភាព​សូម​លើកយក​កម្មវិធី​មួយ​ចំនួន​មក​បង្ហាញ​ដើម្បី​ជា​មូលដ្ឋាន​ខ្លះ​ៗ​សម្រាប់​លោក​អ្នក​សាកល្បង និង​ឈ្វេង​យល់ ។

បើ​តាម​លោក សេង រ​ដ្ឋា គ្រូបង្រៀន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាលា​បច្ចេកទេស ដុន​បូ​ស្កូ ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ថា ៖« បណ្ដាញ Facebook, Instagram វា​មាន​សារ​សំខាន់​​សម្រាប់​អ្នក​រកស៊ី ពីព្រោះ​គេ​អាច​ផ្សព្វផ្សាយ​ទំនិញ​គេ​ទៅ​ដល់​អតិថិជន​យ៉ាង​ឆាប់​រហ័ស ។ ចំពោះ Telegram និង WhatsApp វា​មាន​ភាព​ពេញ​និយម​សម្រាប់​អ្នក​ធ្វើការ​ងារ ទំនាក់ទំនង​បាន​ឆាប់រហ័ស និង​មិន​រញ៉េរញ៉ៃ​ស្មុគស្មាញ​ច្រើន​ដូច Facebook ទេ ហើយ​យើង​អាច​ផ្ញើ​រូបភាព ឬ​វី​ដេ​អូ​តាម​រយៈ Telegram បាន​យ៉ាង​ងាយស្រួល​ផង​ដែរ » ។

លោក​បញ្ជាក់​ថា ៖« បើសិន​ចង់​ផ្ញើ​រូប ឬ​វី​ដេ​អូ​កុំ​ឲ្យ​បែក កម្មវិធី Telegram ក៏​យើង​អាច​ផ្ញើ​បាន​រហូត​ដល់ 1.5G ដែរ តែ​ត្រូវ​ផ្ញើ​ជា Send File ព្រោះ​វា​រក្សា​គុណភាព​រូបភាព​របស់​យើង​នៅ​ដដែល ហើយ​បើ​ចង់​ផ្ញើ​វី​ដេ​អូ គឺ​ត្រូវ​បំ​លែង​ទៅ​ជា File Zip មុន​នឹង​ធ្វើការ​ផ្ញើ​ចេញ​ទៅ​កាន់​ការិយាល័យ ។ ចំណែក Facebook Messeger យើង​អាច​ផ្ញើ​បាន​តែ​25MB ប៉ុណ្ណោះ » ។

លោក ឈិ​ន ធា​រ៉ាត់ អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​ធម្មតា លោក​ចូល​ចិត្ត​ប្រើ​កម្មវិធី WeTransfer ។ លោក​ថា ៖« WeTransfer យើង​អាច​ទាញ​កម្មវិធី​នោះ​យក​មក​ប្រើ​ដោយ​មិន​គិតថ្លៃ និង​អាច​ផ្ញើ​ឯកសារ​បាន​រហូត​ដល់ 2GB ។

ចំណែក WeTransfer «Plus» យើង​អាច​ផ្ញើ​ឯកសារ​បាន​រហូត​ដល់ 20GB ហើយ​អាច​រក្សា​ទំហំ​បាន 100 GB ប៉ុន្តែ​បើ​រូបភាព ឬ​វី​ដេ​អូ​ធំ​នោះ យើង​ផ្ញើ​តាម​Google Drive គឺ​វា​អាច​រក្សា​គុណភាព​នៃ​រូបភាព និង​វី​ដេ​អូ​នោះ​ឲ្យ​នៅ​ដដែល » ។

គួរ​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា មាន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​ប្រមាណ ៦៦% នៃ​ប្រជាជន​សរុប និង​មាន​អ្នក​ប្រើប្រាស់​ស៊ី​មកា​ត​ប្រមាណ​ជាង​២២​លាន​​នាក់​។ កំណើន​នេះ​មិនមែន​សម្រាប់​ប្រើ​តែ​លើ​ទូរស័ព្ទ​ប៉ុណ្ណោះ ទេ ថែម​ប្រើ​ស៊ី​មកា​តទៅ​លើ​ម៉ាស៊ីន ដូច​ជា​ដាក់​តាម​រថយន្ដក្រុង និង​ប្រព័ន្ធ​GPS ជាដើម ។

យោង​តាម​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍ បាន​ឲ្យ​ដឹង​កាលពី​ស​ប្ដា​ហ៍​មុន​ថា គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឆ្នាំ​២០២០ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និង​កំពុង​ខិតខំ​ជំរុញ​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវាកម្ម​ឲ្យ​ដល់​​គ្រប់​ឃុំ​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០ ហើយ​រំពឹង​ថា នៅ​ឆ្នាំ​២០២៣ សេវា​អ៊ី​ន​ធើ​រ​ណេ​ត​នឹង​គ្រប​បណ្ដ​ប់​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ