រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ទូរគមនាគមន៍ និងICT ជាវិស័យដែលមានសក្តានុពល និងត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ទី៤នាពេលអនាគត បន្ទាប់ពីផ្លូវ ភ្លើង និងទឹក ខណៈអ្នកជំនាញខាងវិស័យនេះពេលបច្ចុប្បន្ននៅតិចតួចនៅឡើយ ។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា វិស័យទូរគមនាគមន៍ និងICTរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក្រសួងកំពុងខិតខំជំរុញឲ្យមានការតភ្ជាប់ដល់គ្រប់ឃុំ គ្រប់ភូមិនៅឆ្នាំ២០២០ និងរំពឹងនៅឆ្នាំ២០២៣ នឹងមានសេវាអុីនធើរណេតគ្របដណ្ដប់ទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងខិតខំរៀបចំបទប្បញ្ញត្តិ និងគោលនយោបាយ ដែលផ្ដល់អាទិភាពធ្វើយ៉ាងណាជំរុញច្បាប់នេះឲ្យចេញ ក្នុងគោលបំណងធានាការពារ និងលើកទឹកចិត្តអ្នកវិនិយោគ, ធានាដល់អ្នកប្រើប្រាស់ និងការកៀរគរចំណូលថវិកាជាតិ ។
លោករដ្ឋលេខាធិការថ្លែងថា ៖« បច្ចុប្បន្ន យើងកំពុងតែវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាដែលជាឆ្អឹងខ្នងយ៉ាងសំខាន់ ដោយផ្ដោតទៅលើខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ខ្សែកាប្លិ៍អុបទិកលើគោក និងអង់តែន ខណៈសព្វថ្ងៃនេះ យើងមានក្រុមហ៊ុនខ្សែកាប្លិ៍ក្រោមបាតសមុទ្រចំនួន២ ដែលកំពុងប្រតិបត្តិការ។ ចំណែកសេវាកម្មវិញ មានដូចជា សេវាជាសំឡេង អុីនធើរណេត និងសេវាតម្លៃបន្ថែមផ្សេងទៀត ។ រីឯICT វិញ គឺផ្ដោតទៅលើការសរសេរកម្មវិធី (Programming) និង Application ហើយជំហានបន្ទាប់ គឺយើងផ្ដោតទៅលើគោលនយោបាយដែលបានដាក់ចេញកន្លងមក » ។
លោកថ្លែងបន្តថា ៖« ក្នុងគោលនយោបាយនេះ យើងផ្ដោតលើការតភ្ជាប់បណ្ដាញអ៊ីនធើរណេតទូទាំងប្រទេសនៅឆ្នាំ២០២០ ខណៈឆ្នាំ២០១៨ខាងមុខនេះ គ្រប់ស្រុកនឹងមានការតភ្ជាប់ ហើយឆ្នាំ២០២០អាចនឹងដល់គ្រប់ឃុំ គ្រប់ភូមិ ។ បន្ទាប់មក គឺផ្ដោតលើការត្រៀមខ្លួនលើការប្រើប្រាស់វិស័យ ICT ដែលជាវិស័យមួយសំខាន់ ខណៈសព្វថ្ងៃនេះ ការប្រើប្រាស់ ICT នៅមានការយល់ដឹងតិចតួចនៅឡើយ » ។
លោកបណ្ឌិត ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដែរថា តិចណូឡូជី បើអត់មានមនុស្ស មិនអាចធ្វើអី្វកើតទេ ។ រាល់ថ្ងៃនេះ ក្រសួងក៏កំពុងផ្ដោតលើការបណ្ដុះបណ្ដាលធនធាន និងសមត្ថភាពជំនាញ ដើម្បីជំរុញធ្វើម៉េចឲ្យយុវជនយល់ច្បាស់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់វិស័យបច្ចេកវិទ្យា ហើយក្រសួងកំពុងបង្កើតឲ្យមានមជ្ឈមណ្ឌលច្នៃប្រឌិតមួយដើម្បីជំរុញឲ្យយុវជនដែលមានគំនិតល្អៗ មានឱកាសបញ្ចេញមតិ ហើយយើងមានគ្រូដើម្បីជួយជ្រោមជ្រែងពួកគេ ។
លោកបណ្ឌិតថ្លែងថា ៖« រាល់ថ្ងៃនេះ វិស័យទូរគមនាគមន៍របស់យើងទៅមុខហើយ គ្រាន់តែទៅមុខយឺតជាងគេ ស្មើគេ ឬលឿនជាងគេប៉ុណ្ណោះ ។ អីចឹង ដើម្បីទៅមុខលឿន យើងត្រូវប្រមូលផ្ដុំនូវធនធានរបស់យើង » ។ លោកថា ៖« ក្នុងបរិបទបច្ចុប្បន្ននេះ យើងមិនមែនឲ្យត្រីគាត់ហូបទេ ហើយក៏មិនត្រឹមតែបង្រៀនគាត់ឲ្យចេះស្ទូចត្រីដែរ គឺយើងត្រូវបង្រៀនគាត់ឲ្យចេះយកត្រីមកធ្វើម្ហូបក្នុងហាងទៀត ព្រោះយើងកំពុងតែស្ថិតក្នុងសមាហរណកម្មអាស៊ាន ដែលមានលំហូរសេរីចំនួន៣ គឺកម្លាំងពលកម្ម, សេវាកម្ម និងទំនិញ។ អីចឹង បើភាពប្រកួតប្រជែងយើងនៅមានកម្រិតទាប ធ្វើម៉េចអាចប្រកួតប្រជែងបាន ។ ដូច្នេះ មានតែជំរុញឲ្យមានធនធានផ្នែកឌីជីថលទេ ដើម្បីជួយជំរុញផ្នែកប្រកួតប្រជែងជាមួយគេបាន ព្រោះនិន្នាការនៃបច្ចេកវិទ្យាកំពុងឆ្ពោះទៅមុខហើយ អ្វីៗនឹងត្រូវការបច្ចេកវិទ្យាជាចាំបាច់ » ។
យោងតាមការបញ្ជាក់ពីលោកបណ្ឌិត ខូវ មករា គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំនេះ ការជាវសេវាអ៊ីនធើរណេតប្រើប្រាស់ស្មើនឹងជាង៦៦% នៃប្រជាពលរដ្ឋសរុប ហើយអាចឈានដល់៧០%នៅឆ្នាំ២០១៨ និងរំពឹងថា នៅឆ្នាំ២០២០ នឹងឈានដល់៨០%។ ចំណែកការតភ្ជាប់ នឹងមានគ្រប់ទីកន្លែងនៅឆ្នាំ២០២០ ហើយឆ្នាំ២០២៣ លោកជឿជាក់ថា នៅទូទាំងប្រទេសកម្ពុជា នឹងមានសេវាអ៊ីនធើរណេតគ្របដណ្ដប់ ១០០% ។
នាយកគ្រប់គ្រងក្រុមហ៊ុន All Public Relations កញ្ញា ផេង គឹមហ៊ន មើលឃើញថា ៖ «ជាការពិត ធនធានសម្រាប់វិស័យ ICT របស់យើងនៅមានកម្រិតមែនទែន តែទោះបីយ៉ាងណា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) កំពុងតែខិតខំជំរុញការបណ្ដុះបណ្ដាលលើផ្នែកនេះ ហើយខ្ញុំរំពឹងថា យើងនឹងមានសិស្សនិស្សិតចូលរៀនជំនាញនេះកាន់តែច្រើននៅថ្ងៃអនាគត ហើយក៏ជាឱកាសការងារសម្រាប់ពួកគេផងដែរ» ៕
ចែករំលែកព័តមាននេះ