ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កៀរ​ម៉ូតូ​ទៅ​បុក​នឹង​ស្លាក​គណៈបក្ស​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​បែក​មុខ និង​រយះ​ដៃជើង​សន្លប់​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ក្រុងប៉ៃលិន លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បើក​ទៅ​កៀរ​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​រង​របួសធ្ងន់​សន្លប់​តែ​ម្តង ។…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​បែក​មុខ និង​រយះ​ដៃជើង​សន្លប់​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ក្រុងប៉ៃលិន លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បើក​ទៅ​កៀរ​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​រង​របួសធ្ងន់​សន្លប់​តែ​ម្តង ។ ក្រោយ​កើតហេតុ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​យក​ទៅ​ព្យាបាល និង​លាង​ឲ្យ​របួស ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ឥ​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ខាងត្បូង​ចំណតរថយន្ត​ឈ្នួល​ក្រុងប៉ៃលិន ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បង្ក​ឡើង​ដោយ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រឿង បាន​បើកបរ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​តែ​ជិះ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ណា​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ (​រង​របួសធ្ងន់​) ។ ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ប៉ៃលិន ១B-០០៩៤ រង​ការ​ខូចខាត​ទាំងស្រុង ។

ចំណែក​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ ពួក​គាត់​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​កំពុង​តែ​បើកបរ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ក៏​ជិះ​បត់​ឆ្វេង​ឆ្លងផ្លូវ​ថ្នល់​ផុត​គំនូស​កណ្ដាល ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បានរ​បើកបរ​មក​ពីក្រោយ ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា បណ្ដាល​ឱ្យ​រេ​ចង្កូត​ទៅ​កៀរ​អ្នក​ជិះ​ម៉ូតូ​ដួល រង​របួសធ្ងន់​សន្លប់​ម្នាក់ឯង​តែ​ម្តង ។ ក្រោយមក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដឹក​យក​ទៅ​ព្យាបាល និង​លាង​របួស​ភ្លាម​ៗ ។ ចំណែក​រថយន្ត​ដែល​បាន​បើក​កៀរ​ជន​រង​គ្រោះ បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ ដើម្បី​ចាប់​ម្ចាស់​យក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ