រាជធានីភ្នំពេញ ៖ ស្ត្រីបម្រើការងារនៅក្នុងហាងខារ៉ាអូខេម្នាក់ បានឃុបឃិតគ្នាជាមួយបុរសម្នាក់ទៀត ដែលជាប្រុសស្នេហ៍ធ្វើសកម្មភាព ដាក់ថ្នាំសណ្ដំនៅក្នុងទឹកត្នោតជូរឲ្យបុរសអ្នករត់ម៉ូតូឌុបម្នាក់ទៀត ដែលជាអ្នកស្គាល់រាប់អានគ្នាផឹក លុះពេលដឹងថាជនរងគ្រោះត្រូវថ្នាំសណ្ដំមានអាការៈទន់ខ្លួនហើយ បាននាំទៅដេកនៅបន្ទប់ផ្ទះជួលមួយកន្លែង។ នៅពេលជនរងគ្រោះសន្លប់ហើយ បានលួចយកម៉ូតូ ១គ្រឿងគេចខ្លួនទៅកាន់ខេត្តស្វាយរៀងរយៈពេល៤ខែ ទើបត្រឡប់ចូលមកភ្នំពេញវិញ ហើយត្រូវបានម្ចាស់ម៉ូតូប្រទះឃើញ ក៏បានឃាត់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧មកម្លេះ ដែលមានរយៈពេល៤ខែមកហើយ នៅចំណុចបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទើបតែនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានជនរងគ្រោះ និងសាច់ញាតិប្រទះឃើញ នៅតាមផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្ដិ៍កន្ទោក ដើម្បីចាត់ការតាមច្បាប់។
នគរបាលបានឲ្យដឹងថា ស្ត្រីដែលជាជនសង្ស័យខាងលើនោះឈ្មោះ វឿន ចន្ធូ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេមួយកន្លែង ភូមិថ្នល់ទទឹង ភូមិដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកប្រុសស្នេហ៍មិនត្រូវបានស្គាល់ឈ្មោះឡើយ ហើយកំពុងគេចខ្លួន។ ដោយឡែកបុរសដែលជាជនរងគ្រោះឈ្មោះ យ៉ន យ៉ាន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ បាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1K-3849 មានលេខតួ និងលេខម៉ាស៊ីន 9012061។ ប្រភពដដែលបានបន្តទៀតថា កាលពីវេលាម៉ោង៣ និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ត្រីសង្ស័យខាងលើរួមជាមួយនឹង ប្រុសស្នេហ៍បានខលហៅជនរងគ្រោះទៅផឹកទឹកត្នោតជូរ នៅភូមិព្រៃបឹង សង្កាត់កន្ទោក លុះពេលផឹកនៅទីនោះមួយសន្ទុះក្រោយ មកក៏បានប្ដូរទៅផឹកស៊ីនៅបន្តនៅតូបលក់សាច់ក្រកអាំង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោកទៀត។
ហើយខណៈនោះជនសង្ស័យបាន ដាក់ថ្នាំសណ្ដំនៅក្នុងទឹកត្នោតជូរឲ្យជនរងគ្រោះផឹក លុះនៅពេលជនរងគ្រោះស្រវឹងវង្វេងបាត់ស្មារតី ជនសង្ស័យបាននាំជនរងគ្រោះទៅកាន់បន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក រួចបានដាក់ឲ្យដេកសន្លប់នៅក្នុងបន្ទប់នោះ បន្ទាប់មកជនសង្ស័យរួមជាមួយប្រុសស្នេហ៍ បានជិះម៉ូតូរបស់ជនសង្ស័យជិះគេចខ្លួនទៅកាន់ខេត្តស្វាយរៀងបាត់ស្រមោល។ ប្រភពខាងលើបានបន្តទៀតថា ចំណែកជនរងគ្រោះបានសន្លប់រហូតដល់ថ្ងៃបន្ទាប់ទើបដឹងខ្លួន ហើយបានតាមរកស្ត្រីជើងល្អនោះ គ្រប់ច្រកល្ហកប៉ុន្តែមិនបានឃើញឡើយ ប៉ុន្តែនៅតែព្យាយាមតាមរករហូតមិឈប់នោះទេ លុះនៅថ្ងៃទី២៦ ធ្នូ ២០១៧ វេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ទើបប្រទះឃើញជនសង្ស័យខាងលើកំពុងស្ថិតនៅតាមផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាង់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់ខ្លួននាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍កន្ទោកតែម្តង សាកសួរ និងចាត់ការតាមច្បាប់ ចំណែកប្រុសស្នេហ៍បានគេចខ្លួនបាត់ស្រមោល៕
https://youtu.be/RTjA56imo-o
ចែករំលែកព័តមាននេះ