ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​មាន់​ជល់​មាន​តម្លៃ​ថ្លៃ​៩២​ក្បាល​ចោល

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​កម្ទេច​មាន់​ជល់​ចំនួន​៩២​ក្បាល ដែល​បង្ក្រាប​បាន​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ថៃ ផា​នី…

ខេត្តកណ្ដាល ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​កម្ទេច​មាន់​ជល់​ចំនួន​៩២​ក្បាល ដែល​បង្ក្រាប​បាន​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ថៃ ផា​នី ហៅ​ម៉ា​ប់ កូនប្រសា​រលោក​ហ៊ុន សាន ។

ដីកា​សម្រេច​លោក​ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ​ព្រមទាំង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល យល់​ឃើញ​ថា «​ការ​ថែរក្សា​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល មានការ​លំបាក និង​ចំណាយ​សោហ៊ុយ​ផ្សេង​ៗ ដើម្បី​បង្ការ​កុំឱ្យ​មាន​បទល្មើស​កើត​ឡើងជា​ថ្មី និង​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​នេះ »​។

គួរ​រំលឹក​ថា ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​ឃុំ​អរិយ​ក្សត្រ ខេត្តកណ្ដាល និង នៅ​ស្រុក​បាទី ខេត្តតាកែវ លោក ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត ។ រីឯ​អ្នកលេង​ល្បែង​ជល់​មាន់​៦៤​នាក់ ត្រូវ​បាន​តុលាការ​តុលាការ​ជំនុំជម្រះ​ភ្លាម រួច​ផ្តន្ទាទោស​មួយ​ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ ហើយ​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ ។

មន្ត្រី​តុលាការ​បញ្ជាក់​ថា លោក ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពី​បទ​”​ភ្នាក់ងារ​ល្បែងស៊ីសង​ខុសច្បាប់ តាម​មាត្រា​៥​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង ។

សូម​បញ្ជាក់​ថា ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ចំនួន​ពីរ​កន្លែង ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ​បន្ត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​រូបគេ​បាន​ចូលខ្លួន​ប្រគល់​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។ លោក​ឧត្តមសេនីយ៍ទោ​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​បញ្ជាក់​ថា តាម​តួលេខ​ចុង​ក្រោយ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ក្នុង​រង្វង់​ប្រតិបត្តិការ​ចុះ​បង្ក្រាប មាន​ចំនួន​៦៤​នាក់ ខណៈ​ដំបូង​មនុស្ស​ជាង​១៥០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ខ្លះ​ជា​ជាងសំណង់ ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​។ សម្រាប់​វត្ថុ​តាង​ដែល​ត្រូវ​បាន​រឹបអូស​វិញ ។ លោកស្នងការ​បាន​បញ្ជាក់​ថា រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រមទាំង​មាន់​ជល់​ជាង​១០០​ក្បាល ។

ចំណាត់ការ​ដ៏​ក្តៅ​របស់​សមត្ថកិច្ច​នេះ​បន្ទាប់​ពី​មាន​បទបញ្ជា​ដាច់​ណាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បញ្ជា​ឱ្យ​ម្ចាស់​សង្វៀន​ជល់​មាន់​ល្មើសច្បាប់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល និង​នៅ​ស្រុក​បាទី​ខេត្តតាកែវ ឱ្យ​ប្រគល់​ខ្លួន​ឱ្យ​កម្លាំង​សមត្ថកិច្ច ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

សម្តេច​តេ​ជោ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា «​ខ្ញុំ​បញ្ជា​ឱ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ជា​បន្ទាន់ ។ បើ​ពួក​គេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឱ្យ​ខាង​តែ​បាន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​លើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬ​ក៏​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏​ដោយ​» ។ ប្រ​តិ​បត្ត​បង្ក្រាប​សង្វៀន​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​នគរបាល​របស់​លោក​ប្រមាណ​១៥០​នាក់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ជាង​២០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ