ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ត្រជាក់​ខ្លាំង ហើយ​មាន​ភ្លៀងរលឹម​ពេញ​១​ថ្ងៃ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​អាកាសធាតុ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ត្រជាក់​ខ្លាំង ដោយ​មាន​លាយឡំ​ជាមួយនឹង​រលឹម​តាំងពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច ហើយ​បន្ទាប់​ពី​រាំងភ្លៀង…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​អាកាសធាតុ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ត្រជាក់​ខ្លាំង ដោយ​មាន​លាយឡំ​ជាមួយនឹង​រលឹម​តាំងពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច ហើយ​បន្ទាប់​ពី​រាំងភ្លៀង ក៏​មាន​ចុះ​អ័​ព្វ​ងងឹតស្លុប​ផង​ដែរ​។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ត្រជាក់​ខ្លាំង​កាលពី​ប៉ុន្មាន ថ្ងៃមុន​រហូត​ដល់​១៤.៣​ទៅ​១៥.២​អង្សា​សេ ដែល​ធ្វើ​ឱ្យ​រងា​ត្រជាក់​ខ្លាំង​ស្ទើរតែ​ទ្រាំ​មិន​បាន ក៏​បណ្តាល​ឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់ ក្លាយទៅជា​កើត​ជំងឺ​ផ្តាសាយ និង​កើត​ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។

ប៉ុន្តែ​ក្រោយមក​ក៏​មាន​អាកាសធាតុ​ដូច​ធម្មតា​ឡើង​វិញ រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦​នេះ ស្រាប់តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ឡើង​វិញ ដោយ​មាន​លាយឡំ​ជាមួយនឹង​ភ្លៀងរលឹម​ផង​ដែរ​។ ទោះបីជា​បែប​នេះ​ក៏​ដោយ គេ​សង្កេត​ឃើញ​សិស្ស​ទៅ​រៀន​នៅ​តាម​សាលា​នីមួយ​ៗ​រៀងខ្លួន​ៗ អាជីវករ​លក់ដូរ​ក៏​ប្រកប​របរ​តាម​ធម្មតា​ដែរ ប៉ុន្តែ​ពួក​គេ​គ្រាន់តែ​មាន​អារម្មណ៍​ថា នៅ​ឆ្នាំ​២០១៧​នេះ អាកាសធាតុ​មាន​សភាព​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ច្រើន​។ ចំណែក​អ្នកខ្លះ​មានការ​ព្រួយបារម្ភ ខណៈ​មាន​អាកាសធាតុ​ត្រជាក់​ហើយ​លាយ​ទៅ​ដោយ​ភ្លៀង​ធ្វើ​ឱ្យ​តម្លៃ​កសិផល​ពោតក្រហម និង​ដំឡូង​មី​ចុះថោក ហើយ​ពេល​កសិករ​កំពុង​ប្រមូល​ផល​ពេល​ត្រូវ​ទឹកភ្លៀង​ញឹកញាប់ អាច​បណ្តាល​ឱ្យ​ស្អុយរលួយ​ខូចខាត​អស់​ជា​ច្រើន​ផង​ដែរ​។

ដូច្នេះ​ហើយ បើ​ទោះបីជា​តម្លៃ​ពោត និង​ដំឡូង​មី​ធ្លាក់​ចុះ​ពេល​មេឃ​ភ្លៀងរលឹម​ក៏​ដោយ ពួក​គេ​នៅ​តែ​បន្ត​ប្រមូល​ផល​ឥត​ឈប់​នោះ​ឡើយ ដើម្បី​យក​ទៅ​លក់​បាន​ប្រាក់​សង​ជំពាក់​បំណុល​គេ និង​សល់​មួយ​ចំនួន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ចុងឆ្នាំ​២០១៧​នេះ មាន​ភ្លៀង​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ព្រោះ​កាលពី​២​ឆ្នាំ​កន្លង​ទៅ​ក្តៅ​ខ្លាំង ធ្វើ​ឱ្យ​ត្រពាំង​បឹងបួ ក្លាយទៅជា​រីង​ខះ​អស់ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក ប្រើប្រាស់​ប្រចាំ​ថ្ងៃ រហូត​ដល់​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​ចែក​ទឹក​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ