ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ស្ករត្នោត​កំពង់ស្ពឺ​ស្នើ​សុំ​ដី​សម្បទាន​សម្រាប់​ដាំ​ដើម​ពពេល

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដើម​ពពេល​ជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ស្ករត្នោត​ឲ្យ​មាន​គុណ​ភាព ។ ដើម្បី​ឱ្យ​ស្ករត្នោត​កំពង់ស្ពឺ​នៅ​តែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ​រសជាតិ​ឆ្ងាញ់ និង​រក្សា​អត្តសញ្ញាណ​ជាតិ ប្រធាន​សមាគម​ស្ករត្នោត កំពង់ស្ពឺ​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ដី​សម្បទាន​របស់​រដ្ឋ​មួ​យក​នែ្ល​ង​ឱ្យ​សមាគម​ដាំ​ដើម​ពពេល ខណៈ​បច្ចុប្បន្ន…

ខេត្តកំពង់ស្ពឺ ៖ ដើម​ពពេល​ជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ស្ករត្នោត​ឲ្យ​មាន​គុណ​ភាព ។ ដើម្បី​ឱ្យ​ស្ករត្នោត​កំពង់ស្ពឺ​នៅ​តែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ​រសជាតិ​ឆ្ងាញ់ និង​រក្សា​អត្តសញ្ញាណ​ជាតិ ប្រធាន​សមាគម​ស្ករត្នោត កំពង់ស្ពឺ​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ដី​សម្បទាន​របស់​រដ្ឋ​មួ​យក​នែ្ល​ង​ឱ្យ​សមាគម​ដាំ​ដើម​ពពេល ខណៈ​បច្ចុប្បន្ន សមាជិក​អ្នក​ឡើងត្នោត​កំពុង​ជួប​បញ្ហា​ប្រឈម ។

លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បានឱ្យ​ដឹង​ថា ចាប់​តាំង​ពី​រោងចក្រ​វាយនភ័ណ្ឌ និង​សំណង់​ស៊ី​វិល​ចាប់ផ្តើម​មាន​ច្រើន​មក​ឃើញ​ថា អ្នក​ឡើងត្នោត​បោះបង់​ទៅ​ធ្វើ​សំណង់​ច្រើន ហើយ​អ្វី​ដែល​កាន់តែ​ព្រួយបារម្ភ​បំផុត​នោះ គឺ​ពាក់ព័ន្ធ​នឹង​វត្ថុធាតុដើម ពិសេស​ដើម​ពពេល ដែល​ជា​ធាតុ​ផ្សំ​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ស្ករ​សព្វថ្ងៃ និង​អនាគត ។

លោក​បន្ត​ថា ៖« ឥឡូវនេះ ខ្ញុំ​កំពុង​តែ​ស្នើ​ទៅ​មន្ទីរ​កសិកម្ម សុំ​ឲ្យ​រាជរដ្ឋាភិបាល​អាច​រក​មើល​ដី​សម្បទាន​របស់​រដ្ឋ​មួយ​កន្លែង​ណា​មាន​ទំហំ​២​ឬ​៣​ហិ​កតា ផ្តល់​ឱ្យ​សមាគម​ដាំ​ដើម​ពពេល​ទុក​ប្រើប្រាស់​បន្ត​នា​ថ្ងៃ​អនាគត ព្រោះ​សព្វ​ថ្ងៃនេះ ព្រៃ​ពពេល វា​ចង់​បាត់បង់​អស់​ទៅ​ហើយ ។ ក្នុង​ការ​ផលិត​ស្ករ​កន្លង​មក អ្នក​ឡើងត្នោត​ទៅ​រក​ដើម​ពពេល​នេះ​ឆ្ងាយ​ពី​សហគមន៍​ប្រហែល​ពី​៥០​ទៅ​៦០​គីឡូម៉ែត្រ​ទម្រាំ​នឹង​បាន ហើយ​នៅ​ព្រៃ​ឆ្ងាយ​ៗ ជិត​ភ្នំ​ខ្ពស់​ៗ​ថែម​ទៀត » ។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ​ថា ក្នុង​ករណី​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​ដី​មួយ​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ គម្លាត​ឆ្ងាយ​ជិត លោក​មិន​គិត​ទេ ឱ្យ​តែ​មាន​ដី​ទុក​ដាំ​ដើម​ពពេល​សម្រាប់​​កសិករ​យក​មក​ប្រើ​ធ្វើ​ជា​ធាតុ​ផ្សំ​ផលិត​ស្ករត្នោត និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ ព្រោះ​កន្លង​ទៅ​នេះ អ្នក​ឡើងត្នោត​ក្នុង​១​គ្រួសារ​ចំណាយ​ទិញ​សម្បក​ពពេល​នេះ អស់ប្រាក់​ប្រហែល​៦០​ម៉ឺន​រៀល​ក្នុង​១​ឆ្នាំ ។

លោក សំ សា​រឿ​ន គូសបញ្ជាក់​ថា ៖«​ដើម ឬ​សម្បក​ពពេល​នេះ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ស្ករត្នោត​ឱ្យ​មានគុណ​ភាពល្អ និង​រសជាតិ​ឆ្ងាញ់ ។

បើ​គ្មាន​ដើម​ពពេល​ទេ​នោះ សមាគម និង​អ្នក​ឡើងត្នោត នៅ​ថ្ងៃ​អនាគត​នឹង​ជួប​បញ្ហា​ខ្លាំង​​មែនទែន ។ ដូចនេះ តាម​រយៈ​កាសែត​កោះសន្តិភាព ខ្ញុំ​ទទូច​សុំ​ទៅ​ប្រមុខ​រដ្ឋា​ភិបាល​ជួយ​ដោះស្រាយ ឬ​ផ្តល់​ដី​កន្លែង​ណាមួយ​ឱ្យ​សមាគម​ទុក​ឱ្យ​កសិករ​ឡើងត្នោត​បន្ត​អាជីវកម្ម​ដើម្បី​ចូលរួម​ថែរក្សា​កេរដំណែល​ពី​ដូនតា ពីព្រោះ​ដើម​ត្នោត​ជា​អត្ត​សញ្ញាណ​​ជាតិ ខណៈ​បច្ចុប្បន្ន ស្ករត្នោត​កំពង់ស្ពឺ​កំពុង​ល្បី និង​ទទួល​បាន​មេដាយមាស​នៅ​អាស៊ី ដែល​ជា​ផលិតផល​មានគុណ​ភាព​ស្តង់ដា​លើសគេ គឺ​ស្ករត្នោត​កម្ពុជា » ។

តាម​ប្រធាន​សមាគម​ដែល​ធ្លាប់​មានបទពិសោធន៍​ឡើងត្នោត​ជាង​២០​ឆ្នាំ​នៅ​ក្នុង​ជីវិត អះអាង​ថា ៖« សមាគម​នឹង​បន្ត​ធ្វើ​ឱ្យ​កេរ្តិ៍​ស្ករត្នោត​កាន់តែ​ល្បី​ឡើង​ៗ និង​រក្សា​គុណភាព​ល្អ ។ ដរាប​ខ្ញុំ​នៅ​ជា​ប្រធាន​សមាគម ខ្ញុំ​នឹង​ដុត​ដៃជើង ដើម្បី​ធ្វើ​សកម្មភាព​នេះ​ឱ្យ​បាន​ជោគជ័យ ។ ដូច​សម្តេច​ធ្លាប់​មាន​ប្រសាសន៍​ថា ដរាបណា​សម្តេច​នៅ​តែ​ជា​នាយក​រដ្ឋ​មន្ត្រី សម្តេច​នឹង​កសាង​ប្រទេស​ឱ្យ​រីក​ចម្រើន​ទូលំទូលាយ ។ អីចឹង ក្នុង​នាម​ខ្ញុំ​នៅ​តែ​ជា​ប្រធាន​សមាគម ខ្ញុំ​នឹង​ខំប្រឹង​ជួយ​ដល់​ផលិតករ កសិករ និង​ធ្វើ​ឱ្យ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ល្បី​បន្ត​ទៅ​ទៀត » ។

គួរ​រំឭក​ថា ការ​ប្រកប​មុខរបរ​ស្ករត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ ក្រៅពី​ជួប​បញ្ហា​ប្រឈម​ខាងលើ សមាគម​មួយ​នេះ​ក៏​ព្រួយបារម្ភ​ថា គួរ​ធ្វើ​យ៉ាងណា ឱ្យ​ផលិតកម្ម​ស្ករត្នោត​មាន​និរន្តរភាព​នៅ​ពេល​អនាគត​ផង​ដែរ ព្រោះ​មនុស្ស​ជំនាន់​ក្រោយ​មិនសូវ​ចាប់អារម្មណ៍​ចង់​បន្តវេន​អាជីវកម្ម​ពី​ដូនតា​ទេ ដោយ​ពួក​គេ​ងាក​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ