ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​មន្ត្រី​​​ម្នាក់​ស្រវឹងស្រា បើករថយន្ត​បុក​រះ​ឥត​ប្រណី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​មន្ត្រី​​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ផង​នោះ បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក LAND CRUISER PRADO មួយ​គ្រឿង ក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ជោគ​ជាំ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​មន្ត្រី​​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ផង​នោះ បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក LAND CRUISER PRADO មួយ​គ្រឿង ក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ជោគ​ជាំ ទៅ​បុក​រះ​បាក់​អស់​របង​ថ្ម​មួយ​ផ្ទាំង ម៉ូតូ​ចំនួន​២​គ្រឿង កង់​មួយ​គ្រឿង និង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៨​ខែ បាន​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ប្រជាពលរដ្ឋ​ទប់​កំហឹង​មិន​បាន​ក៏​នាំ​គ្នា​យក​ដុំ​ថ្ម​គប់ និង​វាយ​សំពង​​​រថយន្ត​មួយ​គ្រឿង​នោះ ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផង​ដែរ ហើយ​ត្រូវ​បាន​ឪពុក​មក​ដល់​ធ្វើ​អន្តរាគមន៍ និង​ដោះ​លែង​ឲ្យ​ទៅ​វិញ​បាត់​ស្រមោល​។

ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ខាង​មុខ​ផ្ទះ​លេខ​១១Z ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​ ។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ ហេង ស្រី​ម៉ុំ អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី ស្នាក់​នៅផ្ទះ​ជួល​លេខ​១១Z ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការ​មន នាង​មាន​ផ្ទៃពោះ​៨​ខែ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​។ ម៉ូតូ​ដែល​រង​ការ​ខូចខាត​នោះ​គឺ​ទី​១-​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ១I-៩១៤២ មួយ​គ្រឿង និង​ទី​២-​ម៉ាក ZOOMER-X ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ ១FW-៩៤០៤ មួយ​គ្រឿង និង​កង់​ចំនួន​១​គ្រឿង និង​បាក់​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន ១​ផ្ទាំង​ផង​ដែរ​។

តា​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LAND CRUISER PRADO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៩៦៧៨ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ ៤៨៨ ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ​។ លុះ​មក​ដល់​ចំណុច​ខាងលើ ដែល​ជា​ផ្លូវ​ទាល់​ទៅ​មុខ​ទៀត​មិន​រួច​នោះ រថយន្ត​ម៉ាក LAND CRUISER PRADO ក៏​ឈប់​នៅ​ស្ងៀម​មួយ​កន្លែង ដោយ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​ៗ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ជា ច្រើន​រស់នៅ​ក្បែរ​ខាង​នោះ ពួក​គាត់​ក៏​បាន​ដើរ​សំដៅ​ទៅ​ប្រាប់ ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ពួក​គាត់ដើរទៅ​គោះ​ទ្វារ​ប្រាប់​នោះ តែ​បុរស​អ្នក​បើកបរ​រថយន្ត​មិន​បាន​បើកទ្វារ ឬ បើក​កញ្ចក់​និយាយ​ជាមួយនឹង​ពួក​គាត់​ឡើយ ដោយសារ​តែ​រូបគេ​ស្ថិត​នៅ​ក្នុង​សភាព​ស្រវឹងស្រា​យ៉ាង​ជោគ​ជាំ និង​បាត់បង់​ស្មារតី​លែង​ដឹង​អ្វី​ទាំងអស់​ទៅ​ហើយ ​។ ពេល​នោះ ក៏​ស្រាប់តែ​បុរស​អ្នកបើកបរ​រថយន្ត​រូប​នោះ​បាន​ដាក់​លេខ​បើក​ថយក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅ​បុក ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ម្នាក់​ខាងលើ ដែល​កំពុង​តែ​ឈរ​មុខ​ផ្ទះ​ដួល រួច​ហើយ​បន្ត​ទៅ​បុក និង​កិន​ម៉ូតូ​ទាំង ២​គ្រឿង និង​កង់​ចំនួន​មួយ​គ្រឿង​ទៀត​តែ​ម្តង​។

ដោយ​ឃើញ​សភាព​បែប​នោះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ផ្ទុះ​កំហឹង​នាំ​គ្នា​យក​ដំ​ថ្ម និង ដំបង​ទៅ​វាយ​កម្ទេច​រថយន្ត​មួយ​គ្រឿង​នោះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ចំណែក​ឯ​បុរស​អ្នកបើកបរ​នៅ​អង្គុយ​ក្នុង​រថយន្ត​ចាក់សោ​ខាងក្នុង​ជាប់​មិន​ហ៊ាន​ចេញ​ក្រៅ​ឡើយ​ ។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើការ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន រួម​ទាំង​ឪពុក​របស់​បុរស​ជា​អ្នក​បើករថយន្ត​ដែល​គេ​បាន ដឹង​ថា ជា​មន្ត្រី​​​ដ៏​មាន​ឥទ្ធិពល​ម្នាក់ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​រំដោះ​រូប​កូន​យក​ចេញ​ទៅ​បាត់​ស្រមោល​។ ដោយ​ទុក​តែ​រថយន្ត​បង្ក និង​កូនចៅ រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន នាំ​គ្នា​ធ្វើការ​ព្យាយាម​ដោះ​ស្រាយ ដោយ​ស្ងាត់​ៗ​ជាមួយនឹង ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង និង​កង់​ចំនួន​១​គ្រឿង រួម​ទាំងម្ចាស់ផ្ទះ​ដែល​បាក់​របង​មួយ​ផ្ទាំង​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ