ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​នៅ​ពេល​អ្នក​ចុក​រួយ​ចង្កេះ?

6 ឆ្នាំ មុន

អ្វី​ទៅ​ជា​ការ​ចុក​រួយ​ចង្កេះ ? ការ​ចុក​រួយ​ចង្កេះ (​ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​) អាច​ធ្វើ​ឲ្យ​មាន​ឈឺ​គ្រប់កន្លែង ចាប់ពី​ឆ្អឹងជំនីរ​រហូត​មក​ដល់​ជើង ។ ខ្នង​ភាគ​ខាងក្រោម​ត​ភ្ជាប់​រាង​កាយ​ភាគ​ខាងលើ​ទៅ​នឹង​រាង​​កាយ​ភាគ​ខាងក្រោម ។ គឺជា​ទីប្រជុំ​ទម្ងន់​ភាគច្រើន​នៃ​រាង​កាយ…

អ្វី​ទៅ​ជា​ការ​ចុក​រួយ​ចង្កេះ ?

ការ​ចុក​រួយ​ចង្កេះ (​ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​) អាច​ធ្វើ​ឲ្យ​មាន​ឈឺ​គ្រប់កន្លែង ចាប់ពី​ឆ្អឹងជំនីរ​រហូត​មក​ដល់​ជើង ។ ខ្នង​ភាគ​ខាងក្រោម​ត​ភ្ជាប់​រាង​កាយ​ភាគ​ខាងលើ​ទៅ​នឹង​រាង​​កាយ​ភាគ​ខាងក្រោម ។ គឺជា​ទីប្រជុំ​ទម្ងន់​ភាគច្រើន​នៃ​រាង​កាយ ។ គឺ​ដោយ​មាន​តួ​នាទី​យ៉ាង​ដូច្នេះ​ហើយ​ទើប​ខ្នង​ភាគ​ខាងក្រោម​នេះ ងាយ​នឹង​រង​គ្រោះ​ខ្លាំង​ណាស់ នៅ​ពេល​ណា​ដែល​អ្នក​ចាប់​លើក​ឈោង​ចាប់​អ្វីមួយ ឬ​ងាក​បែរ​ខ្លួន ។

មនុស្ស​ស្ទើរតែ​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​មានការ​ឈឺ​ខ្នង​ម្តង​មួយ​កាល នៅ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន ។ ដំណឹង​ល្អ​នោះ​គឺថា ជំងឺ​ឈឺ​ខ្នង​ភាគ​ខាងក្រោម​អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​ពេល​​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយមក បន្ទាប់​ពី​បាន​ព្យាបាល​ជា​មូលដ្ឋាន​ខ្លះ​ដោយ​ខ្លួនឯង ។ ក៏​ប៉ុន្តែ បើសិនជា​អ្នក​មានការ​ឈឺចាប់​ខ្លាំង ហើយ​យូរ​ជា​ច្រើន​ស​ប្តា​ហ៍ សូម​ទៅ​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត ។

តើ​អ្វី​ដែល​ជា​មូលហេតុ​នៃ​ការ​ចុក​រួយ​ចង្កេះ ?
រួយ​ចង្កេះ ឬ​ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​ច្រើន​តែ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ច្រើន​ខ្លាំង​ពេក (overuse) ការ​ប្រឹងប្រែង​លើស​កម្លាំង​(strain) ឬ​ដោយ​របួស ។ ឧទាហរណ៍​ដូច​ជា​គេ​ច្រើន​តែ​ធ្វើ​ឲ្យ​មាន​ឈឺ​ខ្នង​នៅ​ក្នុង​ពេល​លេង​កីឡា ឬ​ធ្វើការ​ក្នុង​ស្រែ​ចម្ការ មានការ​ប៉ះទង្គិច​(​រញ្ជួយ​) ខ្លួន​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ ឬ​ខំប្រឹង​លើក​អ្វីមួយ​ដែល​ធ្ងន់​ពេក ។

ការ​ដែល​មាន​អាយុ​កាន់តែ​ច្រើន​ក៏​ធ្វើ​ឲ្យ​មាន​ឈឺ​ខ្នង​ដែរ ។ ឆ្អឹង និង​សាច់ដុំ​របស់​អ្នក​បាន​បាត់បង់​ភាព​រឹងប៉ឹង​អស់ហើយ កាលណា​អ្នក​ចាស់​ទៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ងាយ​រង​របួស​កើនឡើង ។ ថាស ស្ពោត​ៗ (spongy discs) នៅ​ចន្លោះ​ឆ្អឹងខ្នង (vertebrae) អាច​ត្រូវ​បាន​សឹក​រេចរឹល លែង​ជា​ទ្រនាប់ (cushion) ល្អ​នៅ​ចន្លោះ​ឆ្អឹង​តទៅ​ទៀត​ហើយ ។ ថាស​មួយ​ដែល​ប៉ោង​លៀន​ចេញ (herniated disc) អាច​សង្កត់​មក​លើ​សរសៃប្រសាទ ហើយ​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ឡើង​បាន ។

ចំពោះ​អ្នកខ្លះ ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​អាច​ជា​លទ្ធផល​នៃ​ជម្ងឺ​សន្លាក់ (arthritis) ការ​បាក់​ឆ្អឹងខ្នង (compression fractures) ដោយសារ​ឆ្អឹង​ពុក​(osteoporosis) ឬ​ដោយ​មក​ពី​អ្នកមាន​បញ្ហា​ឆ្អឹងខ្នង​តាំងពី​ពេល​កើតមក ។

ជា​រឿយ​ៗ វេជ្ជបណ្ឌិត​មិន​បានដឹង​អំពី​មូលហេតុ​នៃ​ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​ទេ ក៏​ប៉ុន្តែ​ជម្ងឺ​នេះ​អាច​នឹង​ទៅ​ជា​ជម្ងឺ​រ៉ាំរ៉ៃ​មួយ បើសិនជា​អ្នកមាន​ស្ត្រេ​ស ឬ​មានការ​ធ្លាក់​ទឹកចិត្ត។

តើ​វា​មាន​រោគ​សញ្ញា​ដូច​ម្តេច​ខ្លះ ?
អាស្រ័យ​ទៅ​តាម​មូលហេតុ ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម អាច​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ ៖

1.​ដូច​ជា ស្ពឹក​ៗ (dull) ក្តៅ​ងំ​(burning) ឬ​ចាក់​ដោត (sharp)
2.​នៅ​ចំណុច​ណាមួយ ឬ​កន្លែង​ធំ​មួយ
3.​កើតឡើង​បន្តិច ម្តង​ៗ ឬ​ភ្លាម​ៗ​តែ​ម្តង
4.​កើត​មាន​ពេល​សាច់ដុំ​កម្រើក ឬ​ឡើង​រឹង
5.​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ជើង (leg symptoms) ដូច​ជា​ឈឺចាប់ ស្ពឹក​មិនដឹង​អ្វី (numbness) ឬ​រមាស់ ឆៀប​ៗ (tingling) ជួនកាល​រាល​ទៅ​ដល់​ក្រោម​ជង្គង់ ។ រោគ​សញ្ញា​ទាំង​អស់នេះ អាច​លេច​ចេញ​មក​ដោយ​ខ្លួនឯង ឬ​ជាមួយនឹង​ការ​ឈឺ​ខ្នង​ភាគ​ខាងក្រោម ។ រោគ​សញ្ញា​ជើង​ច្រើន​តែ​បណ្តាល​មក​ពី​មាន​បញ្ហា​នៅ​លើ​ឆ្អឹងខ្នង​ខាងក្រោម ដែល​សង្កត់​ទៅ​លើ​សរសៃប្រសាទ​ណាមួយ​ដែល​ត​ភ្ជាប់​ទៅ​ជើង ។

មាន​បញ្ហា​ដ៏​កម្រ​មាន​ប៉ុន្តែ​ធ្ងន់​មួយ ដែល​គេ​ហៅ​ថា ប្រជុំ​សញ្ញា cauda equina syndrome ដែល​អាច​នឹង​កើត​មាន​ឡើង​កាលណា​ចុងបញ្ចប់​នៃ​ខួរឆ្អឹងខ្នង​ត្រូវ​បាន​គាបសង្កត់ ។ សូម​ឆាប់​រក​ការ​ព្យាបាល បើសិនជា​លោក​អ្នក​អស់កម្លាំង ស្ពឹក​ជើង​ទាំង​ពីរ ឬ​បាត់បង់​ការ​ត្រួតពិនិត្យ​លើ​ប្លោក​នោម ឬ​ពោះវៀន ។

ពួក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ការ​ឈឺ​ខ្នង ៖
1.​មាន​សភាព​ស្រួចស្រាល់ (Acute) បើកាលណា​មានការ​ឈឺ​ចុកចាប់​រហូត​ដល់​ពេល​៣​ខែ ។ ការ​ឈឺ​ខ្នង​ភាគ ច្រើន​ៗ តែ​ស្រួចស្រាល់​ក៏​ប៉ុន្តែ​នឹង​បាត់​ទៅ​វិញ​ទៅ​ក្នុង​ពេល​៤​ទៅ​៦​ស​ប្តា​ហ៍ ក្រោយ​ពី​បាន​ធ្វើការ​ព្យាបាល​នៅផ្ទះ ។

2.​លាប់​ឡើង​វិញ (Recurrent) បើកាលណា​រោគ​សញ្ញា​ស្រួចស្រាល់​ត្រលប់​មក​វិញ ។ មនុស្ស​ភាគច្រើន តែ​មានការ​ឈឺ​ខ្នង​លាប់​មក​វិញ​យ៉ាង​ហោច​ណាស់​ក៏​ម្តង​ដែរ ។

3.​រ៉ាំរ៉ៃ (Chronic) បើកាលណា​ការ​ឈឺ​ខ្នង​នេះ រំខាន​លោក​អ្នកជា រឿយ​ៗ លើស​ពី​៣​ខែ ។
តើ​គេ​ធ្វើ​រោគវិនិច្ឆ័យ​ការ​រួយ​ចង្កេះ​យ៉ាងដូចម្តេច ?

វេជ្ជបណ្ឌិត​នឹង​ចោទសួរ​សំណួរ​មួយ​ចំនួន ទាក់ទង​ទៅ​នឹង​សុខភាព​របស់​លោក​អ្នក ពី​មុន អំពី​រោគ​សញ្ញា និង​អំពី​ការ​ធ្វើ​សកម្មភាព​របស់​លោក​អ្នក ។ គាត់​ក៏​នឹង​ពិនិត្យ​រាង​កាយ​​លោក​អ្នក​ដែរ ។ ចម្លើយ និង​ការ​ពិនិត្យ​រាង​កាយ​របស់​លោក​អ្នក​នឹង​ជួយ​វេជ្ជបណ្ឌិត​ឲ្យ​រក​ឃើញ​មូលហេតុ​នៃ​ជំងឺ​នេះ​បាន ។ ក្នុង​ករណី​ភាគច្រើន វេជ្ជបណ្ឌិត​អាច​នឹង​កំណត់​ការ​ព្យាបាល​បាន​តាំងពី​ការ​ពិនិត្យ​លើក​ដំបូង​ម្ល៉េះ ។

អ្នកជំងឺ​ភាគច្រើន​មិន​ចាំបាច់​ត្រូវ​ពិនិត្យ​អ្វី​បន្ថែម​ទៀត​ទេ ។ តេស្ត​រូបភាព (Imaging tests) ដូច​ជា​ការ​ឆ្លុះ​កាំរស្មីអ៊ិច (X-rays), CT scans, និង MRIs មិនសូវ​ជា​មាន​ប្រយោជន៍​​ប៉ុន្មាន​ទេ ។ ក្នុង​ករណី​ជា​ច្រើន វេជ្ជបណ្ឌិត​មិន​ប្រើ​វិធី​ទាំងនោះ​ទេ បើ​កាល​ណា​គាត់​សង្ស័យ​ថា​មាន​បញ្ហា​ធ្ងន់ ដូច​ជា​មាន​ថាស​លាន​ចេញ​(herniated disc )​មាន​បាក់ឆ្អឹង ឬ​មហារីក ឬ​បើសិនជា​ត្រូវ​ធ្វើការ​វះកាត់ ។ លោក​អ្នក​អាច​ត្រូវធ្វើ​តេស្ត​រូបភាព បើសិនជា​ចាំបាច់​ទាមទារ​ការ​ជួសជុល​សំណង ឬ​មានការ​ប្តឹងផ្តល់ ។

តើ​ធ្វើការ​ព្យាបាល​រោយ​ចង្កេះ​យ៉ាងដូចម្តេច?
ការ​ឈឺ​ចុកចាប់​ខ្នង​អាច​នឹង​ត្រូវ​បាន​ធូរស្រាល​ទៅ​ជាមួយនឹង​ការ​ព្យាបាល​ខាងក្រោម​នេះ​៖

1.​ក្នុង​ពេល​មួយ ឬ​ពីរ​ថ្ងៃ​ដំបូង សូម​សម្រាក​នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ផាសុកភាព (comfortable position) ។ សូម​សាកល្បង​ដេក​ផ្អៀងខ្លួន ហើយ​ដាក់​ខ្នើយ​កល់​ចន្លោះ​ក្បាលជង្គង់ ទាំង​ពីរ ។ សូមកុំ​ដេក​ក្នុង​ស្ថានភាព​តែ​មួយ​យូរ​ពេក ។ ក្នុង​ចន្លោះ​ពី​ពីរ​ទៅ​បី​ម៉ោង សូម​ងើប​ដើរ​បន្តិច (១០​ទៅ​២០​នាទី​) រួច​ដេក​សម្រាក​ក្នុង​ស្ថានភាព​មាន​ផាសុក​ភាព​មក​វិញ ។

2.​សូម​ប្រើ​ឱសថ​បំបាត់​ការ​ឈឺចាប់​បើសិនជា​ចាំបាច់ មាន​អា​សេ​តា​មី​ណូ​ហ្វែ​ន ដូច​ជា (Tylenol) ឬ​ឱសថ anti-inflammatory ដូច​ជា​អាស្ពីរីន ឬ ibuprofen (​មាន Advil ឬ Motrin) ។ តាម​ធម្មតា​ឱសថ​ទាំង​អស់នេះ​មាន​ប្រសិទ្ធ​ភាពល្អ​បើសិនជា​លោក​អ្នក​លេប​វា​ឲ្យ​បាន​ទៀងទាត់ មិន​រង់ចាំ​ដល់​ឈឺ​បាន​លេប​នោះ​ទេ ។

3.​សូម​ដាក់​អ្វី​ក្តៅ​ស្អំ​ចង្កេះ ឬ​ងូតទឹក​ក្តៅ ឧណ្ហ​ៗ រយ​:​ពេល​១៥​ទៅ​២០​នាទី រាល់​ពីរ ឬ​បី​ម៉ោង​ម្តង ។ គេ​មិនដឹង​ច្បាស់​ទេ​ថា តើ​ត្រូវ​ស្អំ​កំ​ដៅ ឬ​ស្អំ​ទឹកកក សូម​សាកល្បង​មើល​តើ​មួយ​ណា​ដែល​ល្អ ។

4.​សូម​ឆាប់​វិល​ត្រលប់​មក​ធ្វើ​សកម្មភាព​ដូច​ធម្មតា​ឡើង​វិញ ។ ការ​ដេក​សម្រាក​លើ​គ្រែ​ចំនួន​មួយ ឬ​ពីរ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​ជម្ងឺ​កាន់តែ អាក្រក់​ទៅ​ៗ​បាន ។
ការ​ដើរ​គឺជា​ការ​ហាត់ប្រាណ​ដ៏​សាមញ្ញ និង​ល្អ​បំផុត នៅ​ក្នុង​ពេល​ដែល​មានការ​ឈឺ​ខ្នង ។

វា​ជួយ​ធ្វើ​ឲ្យ​ឈាម​រត់​ល្អ និង​ធ្វើ​ឲ្យ​សាច់ដុំ​រឹងប៉ឹង ។ អ្នក​អាច​ចាប់ផ្តើម​ដើរ​មុន​ដំបូង​ចំនួន​៥​ទៅ​១០​នាទី​សិន រួច​សឹម​បង្កើន​ពេលវេលា បន្តិច​ម្តង​ៗ ។ ការ​ដើរ​ក្នុង​ទឹក​ត្រឹម​ចង្កេះ ឬ​ត្រឹម​ទ្រូង​ក៏​ជា​លំ​ហាត់​មួយ​ល្អ​ដែរ ។

វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​(physical therapist) អាច​ផ្តល់​អនុសាសន៍​អំពី​ការ​ហាត់ប្រាណ​ពិសេស​ខ្លះ ដែល​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ខ្នង​របស់​លោក​អ្នក​រឹង​មាំ​បាន ។ នោះ​គឺជា​លំ​ហាត់ ងាយ​ៗ​មួយ​ចំនួន ដែល​គេ​ហៅ​ថា core stabilization ។ គឺ​សាច់ដុំ​របស់​​ដងខ្លួន ដែល​ជា​អ្នក​ទ្រ​ឆ្អឹងខ្នង ។ ធ្វើ​ឲ្យ​សាច់ដុំ​ទាំង​អស់នោះ រឹង​មាំ​អាច​ជួយ​កែ​លំអ​ជំហរ​របស់​លោក​អ្នក រក្សា​ដងខ្លួន​របស់​លោក​អ្នក​ឲ្យ​ស្ថិត​នៅ​ក្នុង​តុល្យភាព រួច​កាត់​បន្ថយ​គ្រោះថ្នាក់​បាន ។

មាន​អ្នកខ្លះ​បាន​សះជា​ពី​ការ​ឈឺ​ខ្នង​ដោយ​ធ្វើការ​ព្យាបាល​ខ្លះ​ទៀត​ដូច​ជា ធ្វើ​ម៉ាស្សា ការ​ច្របាច់​ឆ្អឹងខ្នង (spinal manipulation) ហៅ​ថា chiropractic ឬ osteopathic manipulation ឬ​ដោយ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ (acupuncture) ។ អ្នកខ្លះ​បាន​សះជា ក៏​ប៉ុន្តែ​អ្នកខ្លះ​ទៀត​មិន​សះជា​ទេ ។ លោក​អ្នក​អាច​សាកល្បង​វិធី​ណាមួយ​មើល ក្រែង​អាច​ជួយ​បាន ។

បើសិនជា​មាន​រោគ​សញ្ញា​ធ្ងន់ ឬ​បើសិនជា​មិន​បាត់​ទេ​បន្ទាប់​ពី​បាន​ព្យាបាល​ចំនួន​ពី​រស​ប្តា​ហ៍​រួច​មក សូម​ទៅ​ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​លោក​អ្នក ។ លោក​អ្នក​ប្រហែល​ត្រូវការ​ឱសថ​ដែល​ខ្លាំង​ជាង ឬ​អាច​ត្រូវ​ធ្វើការ​ព្យាបាល​ដោយ​ចលនា​(physical therapy) ។

ការ​ដែល​មានការ​ឈឺ​ខ្នង​ជាប់ អាច​ធ្វើ​ឲ្យ​លោក​អ្នក​មានការ​ធ្លាក់​ទឹកចិត្ត (depression)​បាន ហើយ​ការ​ធ្លាក់​ទឹកចិត្ត​នោះ​អាច​នឹង​មាន​ឥទ្ធិពល​មក​លើ​ការ​ឈឺចាប់​នោះ​វិញ ។ អ្នក​ដែល​មានការ​ធ្លាក់​ទឹកចិត្ត ហើយ​មានការ​ឈឺចាប់​រ៉ាំរ៉ៃ​អាច​ត្រូវ​ទទួល​ការពិគ្រោះ​បញ្ហា​រួម​ជាមួយនឹង​ការ​ប្រើ​ឱសថ ។ គ្រូពេទ្យ​ខាង​ផ្លូវចិត្ត (cognitive-behavioral therapist) អាច​ជួយ​បង្រៀន​លោក​អ្នក​បាន​អំពី​ការ​គ្រប់គ្រង​ស្ត្រេ​ស និង​ជំនាញ​ក្នុង​ការ​ត្រួតត្រា​លើ​ការ​ឈឺចាប់ ។ ឱសថ Antidepressant ក៏​អាច​ជួយ​បាន​ដែរ ។

មាន​អ្នកមាន​ជម្ងឺ​ឈឺ​ខ្នង​តែ​មួយ​ចំនួន​តូច​ទេ​ដែល​ត្រូវ​វះកាត់ ។ ការ​វះកាត់​អាច​មាន​ប្រសិទ្ធភាព​បើសិនជា​លោក​អ្នកមាន​លាន​ចេញ​ថាស​ទ្រាប់​ឆ្អឹងខ្នង herniated disc ឬ​ឈឺ​ខ្នង​ដោយ​មាន​រោគ​សញ្ញា​ខូច​សរសៃប្រសាទ​ផង​ដែរ ដូច​ជា​មាន ស្ពឹក​ៗ ជើង​ជាដើម ។ បើ​ទោះបីជា​មាន​យ៉ាង​ដូច្នេះ​ក្តី អ្នកជម្ងឺ​ភាគច្រើន​អាច​បាន​ធូរស្រាល​មក​វិញ​ដោយ​មិន​ចាំបាច់​វះកាត់​ទេ ។ ការ​វះកាត់​មិន​ប្រាកដជា​ធានា​ថា​ធ្វើ​ឲ្យ​បាត់​ឈឺ​បាន​រហូត​នោះ​ទេ ។ មុន​នឹង​សម្រេចចិត្ត​វះកាត់ យក​ល្អ​ត្រូវ​សាកសួរ​គេឯង​ជា​មុន​សិន (second opinion) ។

តើ​លោក​អ្នក​អាច​បង្ការ​មិន​ឲ្យ​ការ​ឈឺ​ខ្នង​លាប់​មក​វិញ​បាន​ដោយ​របៀប​ណា ?
បន្ទាប់​ពី​ធ្លាប់​បាន​ឈឺ​ខ្នង​ម្តង​រួច​មក លោក​អ្នក​អាច​នឹង​មាន​ឈឺ​ជា​ថ្មី​ម្តងទៀត ។ ដើម្បី​ធ្វើ​ឲ្យ​ខ្នង​របស់​លោក​អ្នកមាន​សុខភាព​ល្អ និង​ដើម្បី​ជៀសវាង​ការ​ឈឺចាប់​ជា​បន្ត​ទៅ​ទៀត សូម​លោក​អ្នក​អនុវត្ត​ដូច​តទៅ​នេះ​៖

1.​សូម​ប្រកាន់​យក​ជំហរ​ល្អ​នៅ​ក្នុង​ពេល​អង្គុយ ឈរ ឬ​ដើរ ។

2.​សូម​ឧស្សាហ៍​ហាត់ប្រាណ​ដែល​មិនសូវ​មានការ​ប៉ះពាល់ ។ សូម​ដើរ ហែល​ទឹក ឬ​ធាក់​កង់​នៅ​មួយ​កន្លែង (a stationary bike)​។ សូម​ពត់​ដងខ្លួន​មុន​នឹង​ហាត់ប្រាណ ។

3.​សូម​ពាក់​ស្បែកជើង​កែង ទាប​ៗ ដែល​មាន​កែង​រឹង​មាំ​ល្អ ។

4.​សូម​ដេក​ផ្អៀងខ្លួន លើ​ពូក​មិន​ទន់​ពេក​មិន​រឹង​ពេក ដែល​នឹង​មិនសូវ​ធ្វើ​ឲ្យ​ខ្នង​របស់​លោក​អ្នក​ឈឺចាប់​ពេក ។

5.​សូម​ឧស្សាហ៍​ត្រួតពិនិត្យ​ទម្ងន់​របស់​លោក​អ្នក ។ ការ​ដែល​មាន​ទម្ងន់​ធ្ងន់​ខ្លាំង​ពេក ជា​ពិសេស​ត្រង់​ចង្កេះ អាច​នឹង​មាន​សម្ពាធ​ខ្លាំង​មក​លើ​ខ្នង​របស់​លោក​អ្នក ។

6.​សូមកុំ​ប្រឹង​លើក​របស់ ធ្ងន់​ៗ​ខ្លាំង​ពេក ។ បើសិនជា​ត្រូវ​លើក សូម​បន្ទន់​ជង្គង់​រួច​រក្សា​ខ្នង​ឲ្យ​នៅ​ត្រង់ កាន់​របស់​ធ្ងន់​នោះ​ជាប់​នឹង​ពោះ ហើយ​សូមកុំ​ប្រឹង​លើក​ផង រួច​បង្វិលខ្លួន​ផង​ក្នុង​ពេល​ជាមួយ​គ្នា ។ សូម​មើល​រូបភាព​ស្តី​ពី​បច្ចេកទេស​ក្នុង​ការ​លើក​ដែល​ត្រឹមត្រូវ (proper lifting technique) ។

បើសិនជា​លោក​អ្នក​ត្រូវ​អង្គុយ ឬ​ឈរ​ធ្វើការ​យូរ ៖
1.​សូម​យកចិត្តទុកដាក់​ដល់​ជំហរ​របស់​លោក​អ្នក ។ សូម​អង្គុយ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន ទាញ​ស្មា​ទៅ​ក្រោយ​បន្តិច ។

2.​សូម​ប្រាកដ​ថា កៅអី​របស់​លោក​អ្នកមាន​បង្អែក​ល្អ ។
3.​សូម​ឧស្សាហ៍​សម្រាក រួច​ងើប​ដើរ​ចុះឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ