ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញទីតាំងទទួលបញ្ចាំម៉ូតូ​ចោរប្លន់ជាច្រើនគ្រឿង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ស្ទាវ​៦​នាក់​រួម​ជាមួយ​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ក្រោយពី​ក្រុម​ចោរ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ក្នុងភូមិ​ព្រៃ​បឹង…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ស្ទាវ​៦​នាក់​រួម​ជាមួយ​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ក្រោយពី​ក្រុម​ចោរ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែន​ជ័យ ។ ក្រុម​ចោរ​បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​ទៅ​លក់​ឲ្យ​ជន​ម្នាក់​ដែល​ជា​អ្នក​ទទួល​បញ្ចាំ ក្រោយមក​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ ដឹក​នាំ​ដោយ​លោក​អធិការ​នគរបាលខណ្ឌ​ក្រោម​ការ​សម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ និង​ចុះ​ទៅ​បង្ក្រាប​ផ្ទះ​ទទួល​ផល​ចោរកម្ម និង​ជា​ជាង​ជួសជុល​ទិញ​លក់​ម៉ូតូ ដែល​មាន​ទីតាំងស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចោរ​កាប់​ប្លន់​ម៉ូតូ​ត្រូវ​ចាប់ខ្លួន​នោះ ១-​ឈ្មោះ ផល ចា​រ៉ា​ន់ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​អិន សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២-​ឈ្មោះ វ៉ា​ន់ សុខ​នី​ត អាយុ​​១៧​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​សាមគ្គី​៥ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៣-​ឈ្មោះ អេ​ង លី​ហុ័​ងអាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៤-​ឈ្មោះ ប៊ុត ជាលី​នុ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ។ ៥-​ឈ្មោះ ភាព មក​រា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ។ ៦-​ឈ្មោះ លី សុគន្ធ​បញ្ញា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៧-​គឺជា​មុខសញ្ញា​ទទួលផល​ចោរកម្ម​ឈ្មោះ ហួ​ន វិចិត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ និង​ទិញ​លក់​ម៉ូតូ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​ម៉ូតូ​ដែល​ពួក​គេ​ប្លន់​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-9384 រក​ឃើញ​នៅផ្ទះ​ទទួលផល​ចោរកម្ម​របស់​ឈ្មោះហួ​ន វិចិត្រ ហើយ​ម៉ូតូ​ខាងលើ​នោះ​គឺជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ឈាង ផា​ន្នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ម៉ូតូ​ស្គូ​ពី​នោះ​ត្រូវ​បាន​អ្នក​ទទួលផល​ចោរកម្ម​ខាងលើ ដោះ​បំបែកចេញ​អស់ហើយ​ក្នុង​បំណង​លក់​គ្រឿង​កាប់​សាច់ ។ ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ខាងលើ​រួម​ជាមួយ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត​ត្រូវ​បាន​នគរបាល​ដកហូត​យក​ចេញពី​ទីតាំង​ទទួល​បញ្ចាំ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ចាត់ការ​តាម​ច្បាប់ ។

ជន​រង​គ្រោះ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នា​យប់​ថ្ងៃ​ទី​១៩ ធ្នូ ខ្លួន​បាន​ខ្ចី​ម៉ូតូ​បង​ជិះ​ទៅ​លេង​សង្សារ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​(​កំ​បូល​)​លុះ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ក្រុម​ចោរប្លន់​មាន​គ្នា​ប្រមាណ​ជិត​២០​នាក់​ជិះ​ម៉ូតូ​ជាង​១០​គ្រឿង​តាមពីក្រោយ​និង​ស្ទាក់ផ្លូវ​ឲ្យ​ឈប់ រួច​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​មក​លើ​ខ្លួន​ទាំង​កំរោល ។ ពេលនោះ​ខ្លួន​បាន​ស្រែក​អង្វរ​និង​លើកដៃ​សំពះ​សុំ​ការ​អត់ឱន​ដែរ​តែ​ជន​ទាំងនោះ​នៅ​តែ​កាប់​មក​លើ​ខ្លួនគ្មាន​ប្រណី ។ ទោះបី​ខ្លួន​ខំប្រឹង​រត់គេច​ក៏​ជន​ទាំងនោះ​នៅ​តែ​តាម​ដេញ​កាប់សម្លាប់​ដដែល​ប៉ុន្តែ​សំណាងល្អ​ខ្លួន​បាន​រត់​រួច​ទាំង​ការ​ឈឺចាប់ ទើប​ក្រុម​ចោរ​ទាំងនោះ​លើកយក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​អស់ ហើយ​ខ្លួន​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​ទើប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ៕ ​

អត្ថបទសរសេរ ដោយ