ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ យ៉ា​ទី នៅ​តែ​ជា​តួអង្គ​សំខាន់​ក្នុង​ក្រសែភ្នែក​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​បឹង​កេ​ត និង​ក្រុម Sanna Khan Hoa របស់​វៀតណាម កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ធ្នូ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​បឹង​កេ​ត និង​ក្រុម Sanna Khan Hoa របស់​វៀតណាម កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ធ្នូ ហើយ​ធ្វើ​ឱ្យ​អ្នកចាំទី​ដ៏​ឆ្នើម​របស់​ក្រុម​បឹង​កេ​ត​គឺ​កីឡាករ ស៊ូ យ៉ា​ទី រង​របួសធ្ងន់ គេ​កត់​សម្គាល់ថា កីឡាករ​រូប​នេះ​ទទួល​បានការ​លើកទឹកចិត្ត​កាន់តែ​ខ្លាំង​ពី​អ្នកគាំទ្រ ។

បើ​ទោះជា​ស្ថានភាព​ចង្កេះ​ដែល​បាន​ធ្វើទុក្ខ​មិន​ទាន់​ជា​សះ​១០០​ភាគរយ ក៏​មានការ​អះអាង​ថា មិន​ប៉ះពាល់​ចំពោះ​ការ​លេង​របស់​លោក​នៅ​ពេល​ក្រោយ​នោះ​ដែរ ដោយសារ​តែ​របួស​នោះ​គឺ​អាច​ប៉ះប៉ូវ​បាន​។

អ្វី​ដែល​គេ​មើលឃើញ​ច្បាស់​នឹង​ភ្នែក​នោះ គឺ​លោក​នៅ​តែ​ជា​តួអង្គ​សំខាន់​ក្នុង​ពិភព​បាល់ទាត់​កម្ពុជា​ដោយសារ​តែ​សមត្ថភាព​ចាំទី​មានការ​កើន​ឡើងជា​បន្តបន្ទាប់ និង​កាន់តែ​លេង​បាន​ល្អ​នា​ពេល​ចុង​ក្រោយ ។

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក ស្ថានភាព​របស់​ស៊ូ យ៉ា​ទី មិន​គួរ​ឱ្យ​បារម្ភ​ទៀត​ទេ បន្ទាប់​ពី​លោក​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​បាន​ទាំង​អនុញ្ញាត​ឱ្យ​លោក​ចេញពី​មន្ទីរពេទ្យ អាច​ដើរហើរ​បាន​ដូច​អ្នក​មិន​មាន​បញ្ហា​ឆ្អឹង​ទូទៅ​ដែរ ។ ក្នុង​ពេល​លោក​ប៉ះទង្គិច​ភ្លាម​ៗ គេ​ឃើញ​អ្នកគាំទ្រ​ភ័យ​ស្លន់ស្លោ ព្រោះតែ​ការ​ប៉ះទង្គិច​នោះ​គឺ​មាន​សភាព​ធ្ងន់​រហូត​ធ្វើ​ឱ្យ​លោក​ឈរ និង​ធ្វើ​ចលនា​លែង​កើត​។

ទោះបី​យ៉ាងណា ក្រោយ​ការ​ប៉ះទង្គិច​បណ្ដាល​ឱ្យ​រង​របួស​ភ្លាម កីឡាករ ស៊ូ យ៉ា​ទី បាន​​អះអាង​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា របួស​របស់​លោក​បាន​ធូរស្រាល​ច្រើន​ហើយ ប៉ុន្ដែ​ខាង​ក្រុម​គ្រូពេទ្យ​តម្រូវ​ឱ្យ​លោក​បន្ត​សម្រាក​ព្យាបាល​ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ​បន្ថែម​ទៀត​សិន ទោះបីជា​លោក​ត្រូវ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​គ្រែ​សម្រាក ក៏​មិន​ទាន់​អាច​ទៅ​ហ្វឹកហាត់ ឬ​ធ្វើ​សកម្មភាព​កីឡា​ណាមួយ​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់ទី​តាំង​ឆ្អឹង​របួស​នោះ​ដែរ ។

ក្នុង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ គេ​ឃើញ​កីឡាករ​រូប​នេះ​នៅ​តែ​មាន​កីឡាករ​ល្បី​ចេញ​ចូល​ទៅ​សួរសុខទុក្ខ​ជា​ប្រចាំ ដែល​អាច​និយាយ​បាន​ស្ថានភាព​របួស​របស់​លោក​គឺជា​ក្ដី​បារម្ភ​របស់​មិត្ត​រួម​ក្រុម ហើយ​ក៏​បាន​បង្ហាញ​ថា លោក​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ក្រុម ពោល​គឺ​មិនមែន​ជា​កីឡាករ​ដែល​ខ្វះ​ទំនាក់ទំនង និង​មានការ​កាច់​កុង​គ្នា​ក្នុង​ក្រុម​ដូច​គ្នា​នឹង​កីឡាករ​លេចធ្លោ​មួយ​ចំនួន​នោះ​ដែរ ។

លោក​ត្រូវ​គេ​អះអាង​ថា ជា​កីឡាករ​ដែល​មាន​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​មិត្ត​រួម​ក្រុម និង​ក្រៅ​ក្រុម ហើយ​អ្នកគាំទ្រ​លោក​ក៏​មាន​ចំនួន​ច្រើន​មិន​ចាញ់​កីឡាករ​ល្បីឈ្មោះ​ផ្សេង​ទៀត​នោះ​ទេ ជា​ពិសេស​ចាប់តាំងពី​លោក​ក្លាយជា​អ្នកចាំទី​លំដាប់​ជួរ​មុខ ។ ជាក់ស្ដែង​ស្ថានភាព​របួស​របស់​លោក​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ហើយ​មិត្ត​រួម​អាជីព និង​អ្នក​គាំទ្រ​​ក៏​មិនមែន​ទើបតែ​សស្រាក់សស្រាំ​នឹង​ការ​យកចិត្តទុកដាក់​នោះ​ដែរ គឺ​មានការ​ស្រឡាញ់​រាប់អាន​ចំពោះ​លោក​បែប​នេះ​ជា​យូរ​មក​ហើយ ។

លោក​បាន​ប្រកាស​ក្រោយ​ពេល​របួស​ថា នឹង​ខិតខំ​ហ្វឹកហាត់​ឱ្យ​ឆ្អឹង​របួស​មាន​សភាព​ដូច​ដើម ហើយ​បង្ហាញខ្លួន​ក្នុង​ក្រុម​បឹង​កេ​ត​ឱ្យ​កាន់តែ​ខ្លាំង ដោយ​លោក​ប្រកាស​ថា គ្មាន​ការ​ដោះ​ដូរ​ក្រុម និង​គ្មាន​ការ​ដក​ចោល​ពី​ក្រុម​នៅ​ពេល​លោក​មាន​បញ្ហា ឬ​មាន​របួស​ណា​មួយ​​នោះ​ទេ ។ ការ​ប្រកាស​ថា ស្ថានភាព​របួស​របស់​លោក​មាន​សភាព​ល្អ​ប្រសើរ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ត្រេកអរ​យ៉ាង​ខ្លាំង ជា​ពិសេស​ភរិយា​របស់​លោក និង​អ្នកគាំទ្រ​ដែល​សុទ្ធតែ​ចង់​ឃើញ​លោក​ត្រឡប់​មក​កាន់​តួនាទី​ក្នុង​ក្រុម​ជា​ថ្មី​ឱ្យ​បាន​ឆាប់​។

គួរ​បញ្ជាក់​ថា ស៊ូ យ៉ា​ទី ជា​កីឡាករ​ល្បីឈ្មោះ​កើត​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​១៩៩១ ដែល
កាល​ពីមុន លោក​គឺជា​សមាជិក​សំខាន់​ម្នាក់​ក្នុង​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ​បាន​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៀត​ផង ។

លោក​ក៏​មាន​ប្រវត្តិ​លេង​ឱ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ កាលពីមុន​ផង​ដែរ ដោយ​កាលពី​ឆ្នាំ​២០១១ លោក​ក៏​ជា​សមាជិក​ក្នុង​ក្រុម​កងទ័ព​នាយកដ្ឋាន​ភស្តុ​ភារ​ក្នុង​ពេល​កេរ្តិ៍ឈ្មោះ​មិន​ទាន់​ល្បី​ខ្លាំងក្លា​នៅឡើយ ។ លោក​ជា​កីឡាករ​ល្បីឈ្មោះ​ដែល​បាន​បង្ហាញខ្លួន​លើក​ដំបូង​​នៅ​ក្រៅប្រទេស​ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​ទីលាន​បាល់ទាត់​ប្រទេស​ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១២ ដែល​កាលនោះ​លោក​បាន​ជួយ​ក្រុម​ទទួល​បាន​លទ្ធផល​ស្មើ ។

កីឡាករ ស៊ូ យ៉ា​ទី បាន​អះអាង​ថា លោក​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​នៅ​ក្នុង​ពេល​នេះ ដោយសារ​តែ​លោក​យកតម្រាប់​តាម​អាយ​ដល​គឺ កីឡាករ គួ​ច សុ​កុម្ភៈ ដោយ​ក្រោយមក​តាម​ការ​បង្វឹក​របស់​គ្រូ​បរទេស​គឺ​លោក Iker Casillas លោក Lee Tae Hoon និង​លោក Alex Ferguson ជាដើម កាន់តែ​ធ្វើ​ឱ្យ​លោក​ឈាន​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ