ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​មិន​ទាន់​បញ្ចប់​នៅឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ការ​សិក្សា​ពី​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នោះ មិន​ទាន់​បញ្ចប់​នៅឡើយ ហើយ​ក៏​ពុំ​អាច​កំណត់​ពេលវេលា និង​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាក់លាក់​ដែរ ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ការ​សិក្សា​ពី​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នោះ មិន​ទាន់​បញ្ចប់​នៅឡើយ ហើយ​ក៏​ពុំ​អាច​កំណត់​ពេលវេលា និង​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាក់លាក់​ដែរ ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ម្សិលមិញ​ថា ការ​សិក្សា​ពី​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ហើយ​គម្រោង​នេះ​នឹង​ត្រូវ​វិនិយោគ​លើ​ទឹកប្រាក់​ប៉ុន្មាន ក៏​មិន​ទាន់​ជាក់លាក់​នៅឡើយ​ដែរ ដោយសារ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ទើប​បង្ហាញ​ពី​របាយការណ៍​សិក្សា​បឋម​ប៉ុណ្ណោះ កាលពី​ម្សិលមិញ​នេះ ។

លោក​បន្ត​ថា ៖« រហូត​មក​ទល់​ពេល​នេះ យើង​មិនដឹង​ថា ការ​សិក្សា​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា និង​ចាប់ផ្តើម​សាងសង់​នា​ពេល​ណា​ទេ ហើយ​ចំណាយ​ថវិកា​វិនិយោគ​ប៉ុន្មាន​ក៏​មិន​ទាន់​ដឹង​ដែរ » ។ លោក​បន្ត​ថា ៖« គម្រោង​នេះ​ជា​ការ​ស្នើ​សុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន ហ្សូ​អា​បេ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ទៅ​កាន់​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មី​ៗ​នេះ » ។

តាម​ផែនការ​ដែល​បាន​គ្រោងទុក គម្រោង​នេះ​នឹង​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ធុន​ស្រាល ប្រភេទ AGT មាន​ប្រវែង​ប្រមាណ​១៨​គីឡូម៉ែត្រ ដែល​នឹង​ចាក​ចេញពី​មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល មហាវិថី​មុនី​រ៉េ​ត ឆ្ពោះ​មក​ផ្លូវ​លេខ​២១៧ ទៅ​កាន់​ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​ព្រ​លាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ និង​បែកខ្នែង​ទៅ​តំបន់​ផ្លូវ​កប់​ស្រូវ ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ឯករាជ្យ បាន​ថ្លែង​ថា ការ​សាង​សង់​រថភ្លើង​លើ​អាកាស​នឹង​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ហើយ​វា​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​មាន​ភាព​ស៊ី​វិ​ល័យ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។ លោក​បន្ត​ថា ៖« វា​ជា​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ » ។

សូម​រំឭក​ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​៦ ដល់​៩ ខែសីហា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ជួយ​គិតគូរ​ផ្ដល់​ជំនួយ​ជា​ហិរញ្ញវត្ថុ​និង​បច្ចេក​ទេស ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​ដឹក​ជញ្ជូន ជា​ពិសេស រៀបចំ​ឲ្យ​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​បែប​នេះ ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​ពលរដ្ឋ ព្រមទាំង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេង​ៗ ។​

លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ីដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែងប្រាប់​សហការី​សារព័ត៌មាន​កោះសន្ដិភាព​កាលពី​ពេល​ថ្មី​ៗ​នេះ ថា ជប៉ុន​នឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​គម្រោង​​នេះ​រយៈពេល​១​ឆ្នាំ​ពេញ ហើយ​វា​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​ចំនួន​អ្នកដំណើរ​ចេញចូល​ព្រ​លាន​យន្តហោះ​បាន​កើន​ឡើងជា​លំដាប់ ។

លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ីដេ​ហ៊ី​សា បាន​ពន្យល់​ថា ៖« ចំណុច​ល្អ​មាន​៣ នៃ​រថភ្លើង​ស្វ័យប្រវត្តិ​របស់​ជប៉ុន គឺថា រថភ្លើង​នេះ ពេល​សាងសង់ គឺ​ចំណាយ​តិច​ជាង​រថភ្លើង​ធម្មតា ។ ទី​២ ការ​​រំខាន​ដោយ​សំឡេង​តិច ដោយសារ​តែ​យើង​ប្រើប្រាស់​កង់​កៅស៊ូ ។ ទី​៣ ទូរថភ្លើង​តូច ដូច្នេះ​ហើយ​យើង​អាច​បើកបរ​បង្វែរ​ទិស​ដៅ​យ៉ាង​ស្រួល ។ ដូច្នេះ បានជា​យើង​អាច​សាងសង់​នៅ​លើ​ផ្លូវអាកាស​បាន ។ ឧទាហរណ៍ រថភ្លើង​ធម្មតា យើង​ត្រូវ​តែ​ប្រើ​ជា​ផ្លូវដែក ហើយ​យើង​ត្រូវការ​ស្នើ​សុំ​ប្រជាជន​ឲ្យ​ប្តូរ​ទីតាំង​យ៉ាងច្រើន ។ ក៏​ប៉ុន្តែ​ចំពោះ​រថភ្លើង​អូ​តូ​ម៉ា​ទិ​ក​នេះ យើង​អាច​ឲ្យ​វា​ដើរ​បាន​នៅ​លើ​មហាវិថី ហើយ​ការ​ស្នើ​សុំ​ប្តូរ​ទីតាំង គឺ​តិច » ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​បន្ថែម​ថា បើ​ប្រៀបធៀប​ជាមួយ Sky Train នៅ​ទីក្រុង​បាងកក គឺ Sky Train នៅ​ទីក្រុង​បាងកក​ដូច​ជា​ត្រូវការ​ប្រើ​ដែក ។ ដូច្នេះ វា​មាន​ឮ​សូរ​សំឡេង​ច្រើន (​សំឡេង​ឮ​ខ្លាំង​) ត្រូវការ​ទីតាំង​ដីធ្លី​ច្រើន ហើយ​ការ​ចំណាយ​ក្នុង​ការ​សាងសង់​ក៏​ថ្លៃ​ដែរ ។

លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ីដេ​ហ៊ី​សា អះអាង​ថា​៖ « រថភ្លើង​អូ​តូ​ម៉ា​ទិ​ក​នេះ គឺ​ចំណាយ​តិច មាន​សំឡេង​រំខាន​ក៏​តិច ហើយនឹង​ប្រើប្រាស់​ដីធ្លី​ក៏​តិច​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ