បច្ចេកវិទ្យា​រីក​ចម្រើន យុវជន​កម្ពុជា​ផ្លាស់​ប្ដូរ​ការ​អាន​សៀវភៅ


រាជធានី​ភ្នំពេញ ៖ E-Reader ឬ​ការ​អាន​តាម​អេ​ឡិច​ត្រូ​និក បាន​ជ្រាប​ចូល​សង្គម​កម្ពុជា ដោយ​យុវជន​មួយ​ចំនួន​បាន​ប្តូរ​ពី​ការ​អាន​សៀវភៅ​នៅ​លើ​ក្រដាស មក​អាន​តាម​ឧបករណ៍​អេ​ឡិច​ត្រូ​និក​វិញ ។ ពួក​គេ​អាច​អាន​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ កុំព្យូទ័រ និង​អាយ​ផេ​ត​ជាដើម តែ​ឧបករណ៍​ទាំងនេះ ហាក់​មិនសូវ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​អាន​ទេ ហើយ​វា​ថែម​ទាំង​ផ្តល់​ផល​ប៉ះពាល់​ដល់​ភ្នែក​ផង​ដែរ ។

បច្ចុប្បន្ន​នេះ មាន​ឧបករណ៍​ឈ្មោះ Kindle ត្រូវ​បាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​អះអាង​ថា ងាយស្រួល​អាន​ដូច​សៀវភៅ​ដែរ ហើយ​យុវជន​កម្ពុ​ជាមួយ​ចំនួន ក៏​ចាប់ផ្តើម​ងាក​មក​អាន​នៅ​លើ​ឧបករណ៍​នេះ​វិញ ។

Kindle គឺជា​ឧបករណ៍​អាន​សៀវភៅ​តាម​អេ​ឡិច​ត្រូ​និក ត្រូវ​បាន​ពេញ​និយម​ប្រើប្រាស់​នៅ​លើ​ពិភពលោក តែ​នៅ​កម្ពុជា​ហាក់​មិនសូវ​មាន​អ្នក​ស្គាល់​ទេ ។

ឧបករណ៍​នេះ រចនា និង​លក់​ដោយ​ក្រុមហ៊ុន Amazon ។ អ្នក​ប្រើប្រាស់​អាច​រក​ទិញ ទាញ​យក និង​អាន​សៀវភៅ​អេ​ឡិច​ត្រូ​និក កាសែត ទស្សនាវដ្តី និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផ្សេង​ៗ​បាន ។

កញ្ញា ស ពិសី បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ដែល​បាន​ប្តូរ​មក​អាន​សៀវភៅ​តាម Kindle រយៈពេល​៤​ខែ​បាន​ប្រាប់​ថា ការ​អាន​តាម Kindle ផ្តល់​ភាព​ងាយស្រួល​ជាង​សៀវភៅ ។

កញ្ញា​បន្ត​ថា ដោយសារ​តែ​ឧបករណ៍​នេះ​តូច ស្រាល ងាយស្រួល​យក​តាម​ខ្លួន មើល​បាន​ច្រើន ចំណាយ​លុយ​តិច ហើយ​សៀវភៅ​ខ្លះ download បាន​ដោយ​មិន​ចំណាយ​លុយ ។ ម្យ៉ាងវិញទៀត Kindle ក៏​មាន​តម្លៃ​សមរម្យ​ដែរ ។

កញ្ញា ស ពិសី អះអាង​ថា ៖« កាលពីមុន​ពេល​អត់​មាន Kindle ខ្ញុំ​អាន​តាម​ទូរស័ព្ទ ឬ​កុំព្យូទ័រ ប៉ុន្តែ​ចំណុច​ពិសេស​របស់ Kindle វា​ល្អ​ជាង ។ ពេល​យើង​អាន យើង​ផ្តោត​ទៅ​លើ​តែ Kindle ដែល​យើង​កាន់​នៅ​លើ​ដៃ តែបើ​យើង​អាន​តាម​ទូរស័ព្ទ ខ្ញុំ​គិត​ថា ខ្ញុំ​បែង​ចែក​អារម្មណ៍​អត់​សូវ​បាន ។ ណាមួយ​ទៀត Kindle មាន​ចំណុច​ពិសេស​ត្រង់​ថា យើង​ទៅ​ណា​មក​ណា ទៅ​សមុទ្រ​អី ក៏​យើង​អាច​យក​វា​ទៅ​អាន​បាន ព្រោះ​ស្គ្រី​ន​របស់​វា​តម្រូវ​នឹង​បរិយាកាស​ខាងក្រៅ អីចឹង វា​អាច​ជួយ​យើង​បាន​ដែរ » ។

កញ្ញា​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ប្រើប្រាស់​ឧបករណ៍​នេះ ជួយ​ឱ្យ​កញ្ញា​អាន​បាន​ច្រើន​ជាង​មុន ។

លោក ថៃ វ៉ា​ន់​ថា ហៅ jerry thai ជា​ស្ថាបនិក​ក្រុមហ៊ុន​ថត​នៅ​កម្ពុជា @homePhotography គឺជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​អាន​។ លោក​បាន​ចំណាយពេល​ប្រមាណ​១​ម៉ោង​ក្នុង​១​ថ្ងៃ​ដើម្បី​អាន ប៉ុន្តែ​លោក​បាន​ជ្រើសរើស​ការ​អាន​តាម​អេ​ឡិច​ត្រូ​និក តាម​រយៈ​ឧបករណ៍ Kindle​។ លោក​បាន​ចាប់ផ្តើម​ប្តូរ​មក​អាន​តាម​ឧបករណ៍​នេះ​ជិត​១​ឆ្នាំ​ហើយ ។ លោក​បាន​ប្រាប់​ថា អាន​តាម​ឧបករណ៍​នេះ​ងាយស្រួល​ជាង​សៀវភៅ ។
លោក​បានឱ្យ​ដឹង​ថា គុណសម្បត្តិ​នៃ​ឧបករណ៍​នេះ ទោះជា​អាន​ច្រើន​ប៉ុនណា ក៏​មិន​ឈឺភ្នែក ព្រោះ​ស្គ្រី​ន​របស់​វា​មិន​ចាំង ងាយស្រួល​មើល ហើយ​វា​ស្រាល និង​ស្រួល​កាន់​ជាង​សៀវភៅ ។

លោក ថៃ វ៉ា​ន់​ថា និយាយ​ថា ៖« វា​ងាយស្រួល​ប្រើ​ជាង​សៀវភៅ ហើយ​នៅ​ក្នុង​ហ្នឹង វា​មាន​សៀវភៅ​ច្រើន ។ ប្រសិនបើ​យើង​ប្រើ​ជា​លក្ខណៈ Official ពី Amazon គឺ​សៀវភៅ​នោះ​វា Save នៅ​ក្នុង​អុ​ី​ន​ធើ​រ​ណេ​ត ថ្ងៃ​ណា​យើង​ចង់ download មក​វិញ​ក៏​បាន ។ បើ​សៀវភៅ​វិញ ពេល​ដែល​យើង​បើក​ម្តង​វា​ពិបាក ជា​ធម្មតា យើង​ឃើញ​ហើយ​សៀវភៅ​វា​កោង ដល់​អីចឹង កន្លែង​កាច់​វា​ហ្នឹង​ពិបាក​មើល​ណាស់ ចេះ​តែ​ទើស កាន់​ទៅ​អត់​ស្រួល​ទេ ហើយ​ពេល​យើង​អាន​ត្រូវការ​រយៈពេល​យូរ​ទៀត​កាន់តែ​យ៉ាប់ ។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​មើលឃើញ​ខុស​គ្នា ហើយ​បើ​ធៀប​នឹង​ឧបករណ៍​ផ្សេង​ដូច​ជា ទូរស័ព្ទ ឬ​ថេ​ប​ប្លេ​ត នៅ​ធ្ងន់​ជាង Kindle ឆ្ងាយ​ណាស់ » ។

លោក ស៊ិ​ន កុសល ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន និង​ជា​អ្នកលក់ Kindle តាម​អន​ឡាញ បាន​ប្រាប់​ថា ការ​អាន​តាម Kindle​មាន​អត្ថប្រយោជន៍​ច្រើន ដោយសារ​ឧបករណ៍​នេះ​ស្រាល​ងាយស្រួល​យក​តាម​ខ្លួន និង​អាច​ផ្ទុក​សៀវភៅ​បាន​ពី​១​ពាន់​ទៅ​៣​ពាន់​ក្បាល ព្រមទាំង​អាច​អាន​បាន​គ្រប់​ភាសា​ទាំងអស់ មិន​ថា​អង់គ្លេស បារាំង ឬ​ខ្មែរ​ទេ ។

លោក​បានឱ្យ​ដឹង​ដែរ​ថា អាន​នៅ​លើ Kindle អាច​អាន​បាន​យូរ​ជាង​អាន​នៅ​លើ​ទូរស័ព្ទ​ដៃ ឬ​អាយ​ផេ​ត ដោយសារ​តែ​ស្គ្រី​ន​វា​ដូច​ក្រដាស​មិន​ធ្វើ​ឱ្យ​ឈឺភ្នែក ហើយ​វា​ជា​ឧបករណ៍​ដែល​កាន់​ថ្ម​បាន​យូរ សាក​៤​ម៉ោង តែ​អាច​ប្រើ​បាន​រហូត​ដល់​១​ខែ ឬ​២​ខែ ។

ជាមួយ​គ្នា​នេះ​ដែរ ឧបករណ៍​នេះ​ក៏​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​អាន​ផង​ដែរ ប្រសិនបើ​អាន​ជួប​ពាក្យ​ពិបាក​ៗ គេ​អាច​ឆែក​មើល​អត្ថន័យ​ភ្លាម​ៗ ដោយ​មិន​ចាំបាច់​ប្រើ​អ៊ីន​ធើ​រ​ណេ​ត ដោយសារ​វា​មាន​វចនានុក្រម​ស្រាប់​នៅ​លើ​នោះ​។ ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​អាន​ចង់​ដាក់​ពណ៌​ចំណាំ​នៅ​លើ​នោះ គេ​អាច​ដាក់​ពណ៌​សម្រាប់​ចំណាំបាន ។ មិន​តែ​ប៉ុណ្ណោះ គេ​ក៏​អាច​សរសេរ​ពាក្យ​កត់សម្គាល់​លើ​នោះ​បាន​ដែរ ។

លោក ស៊ិ​ន កុសល បាន​ចាប់ផ្តើម​លក់​ឧបករណ៍​អាន​តាម​អេ​ឡិច​ត្រូ​និក​នេះ​កាលពី​ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក​មើលឃើញ​ថា Kindle ផ្តល់​អត្ថប្រយោជន៍​ច្រើន និង​ដើម្បី​ជំរុញ​ឱ្យ​មានការ​អាន​ផង​ដែរ ។

លោក​បន្ត​ថា នៅ​ឆ្នាំ​ដំបូង​ដែល​លោក​ចាប់ផ្តើម​លក់ ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​យុវជន​កម្ពុជា​ទេ ដោយសារ​តែ​មិនសូវ​មាន​អ្នក​ស្គាល់ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧​នេះ​ឃើញ​ថា មានការ​ចាប់អារម្មណ៍​គួរសម ប៉ុន្តែ​ក៏​តែ​មាន​កម្រិត ។ លោក​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ចាប់អារម្មណ៍​តិចតួច​ពី​យុវជន ក្នុង​១​ខែ​លោក​អាច​លក់​បាន​ពី​១០​គ្រឿង​ទៅ​៣០​គ្រឿង ហើយ​ខែ​ខ្លះ​អាច​លក់​បាន​៥០​គ្រឿង ។

សម្រាប់​អតិថិជន​ដែល​បញ្ជា​ទិញ​ភាគច្រើន គឺ​សិស្ស និង​អ្នកមាន​ការងារ​ធ្វើ ប៉ុន្តែ​ក៏​មាន​ឪពុក​ម្តាយ​ខ្លះ​ទិញ​សម្រាប់​ឱ្យ​កូន​តូច​ៗ​របស់​ពួក​គេ​ដែរ ដោយសារ​ពួក​គាត់​ចង់ឱ្យ​កូន​ចេះ​ប្រើ​ឧបករណ៍​នេះ ។

ទាក់ទិន​នឹង​ការ​ប្តូរ​ទម្លាប់​ពី​ការ​អាន​តាម​សៀវភៅ មក​អាន​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នេះ លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting យល់​ថា ការងា​កមក​អាន​តាម​អេ​ឡិច​ត្រូ​និក​ធ្វើ​ឱ្យ​អ្នក​អាន​មាន​ភាព​​បត់បែន ងាយស្រួល​យក​តាម​ខ្លួន និង​ជួយ​ថែរក្សា​បរិស្ថាន ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​អាន​បែក​អារម្មណ៍​ទៅ​បណ្តាញ​ផ្សេង​ៗ ដែល​ពេល​ខ្លះ គាត់​អាច​នឹង​អាន​បណ្តើរ និង​លេង​បណ្តាញ​សង្គម​បណ្តើរ ។

លោក​ថា ប្រសិនបើ​នៅ​កម្ពុជា​មានការ​លក់​សៀវភៅ​លើ​អន​ឡាញ ត្រូវ​គ្រប់គ្រង​ឱ្យ​ច្បាស់លាស់ ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ច្បាប់​កម្មសិទ្ធិបញ្ញា ។

លោក ង៉ែត ជូ ថ្លែង​ថា ៖« ចង់​មិន​ចង់ វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ហើយ ប្រសិនបើ​ច្បាប់​កម្មសិទ្ធិបញ្ញា​មិន​អាច​គ្រប់គ្រង​បាន » ។

យ៉ាងណាមិញ អ្នកវិភាគ​សេដ្ឋកិច្ច​រូប​នេះ​លើក​ឡើង​ថា បើ​ទោះបីជា Kindle ជា​ឧបករណ៍​ងាយស្រួល​អាន ស្រួល​យក​តាម​ខ្លួន និង​ផ្ទុក​សៀវភៅ​បាន​ច្រើន លោក​ថា មិន​អាច​ប៉ះ​ពាល់​ការ​បោះ​ពុ​ម្ភ​ជា​សៀវភៅ​បាន​ទេ ព្រោះ​ដោយសារ​ទម្លាប់​នៃ​អាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​ទូលំទូលាយ ។ ហេតុនេះ ពួក​គេ​មិនសូវ​ទិញ​ឧបករណ៍​វិនិយោគ​ទៅ​លើ​ការ​អាន​ទេ ហើយ​ប្រសិនបើ​អ្នកនិពន្ធ​សៀវភៅ​កម្ពុជា​ងាក​មក​លក់​សៀវភៅ​តាម​អ៊ីន​ធើ​រ​ណេ​ត​វិញ ក៏​ទីផ្សារ​មិនសូវ​ទូលំទូលាយ​ដែរ ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ