ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​តាម​បែប E Learning ផ្តល់​ប្រយោជន៍​ដូច​ម្តេច​ដល់​អ្នក​សិក្សា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចេកវិទ្យា​បាន​ផ្លាស់​ប្តូរ​បែបផែន​ជីវិត​ជា​ច្រើន ក្នុង​នោះ​ការ​សិក្សា​ពី​ចម្ងាយ​តាម​បែប E Learning បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដល់​អ្នក​មិនសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ចាកចេញ​ទៅ​សិក្សា​នៅ​បរទេស​ផ្ទាល់ ។ លោក សេ​រ័​ត្ន…

រាជធានី​ភ្នំពេញ ៖ បច្ចេកវិទ្យា​បាន​ផ្លាស់​ប្តូរ​បែបផែន​ជីវិត​ជា​ច្រើន ក្នុង​នោះ​ការ​សិក្សា​ពី​ចម្ងាយ​តាម​បែប E Learning បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដល់​អ្នក​មិនសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ចាកចេញ​ទៅ​សិក្សា​នៅ​បរទេស​ផ្ទាល់ ។

លោក សេ​រ័​ត្ន ដែល​ធ្លាប់​សិក្សា​កម្រិត​អនុ​បណ្ឌិត​ផ្នែក​សារព័ត៌មាន​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន តាម​រយៈ​ប្រព័ន្ធ E Learning បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​សិក្សា​តាម​ប្រព័ន្ធ E Learning គឺជា​មធ្យោបាយ​មួយទៀត​សម្រាប់​អ្នក​មិនសូវ​មាន​ពេលវេលា​គ្រប់​គ្រាន់​ក្នុង​ការ​ចេញ​ទៅ​សិក្សា​នៅ​បរទេស និង​អាច​សិក្សា​តាម​រយៈ​ប្រព័ន្ធ​ថ្មី​នេះ​បាន ។

លោក​បន្ត​ថា អ្នក​សិក្សា​តាម​ប្រព័ន្ធ E Learning ជា​អ្នក​មានការ​ទទួលខុសត្រូវ​លើ​ខ្លួន​ឯង​ខ្ពស់ និង​អាច​ជួយ​ឲ្យ​មាន​ភាព​ជា​អ្នកដឹកនាំ​លើ​ខ្លួនឯង​បាន​ច្រើន ព្រោះ​ការ​សិក្សា​តាម​ប្រព័ន្ធ​ថ្មី​នេះ គឺជា​ការ​សិក្សា​ពី​ចម្ងាយ ដោយ​មិន​សិក្សា​ផ្ទាល់​ជាមួយ​គ្រូ​ឡើយ ។

លោក​បន្ថែម​ថា ការ​សិក្សា​តាម​ប្រព័ន្ធ​នេះ អ្នក​សិក្សា​មានឱកាស​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អ្នក​សិក្សា​ជាមួយ​គ្នា តាម​រយៈ​វី​ដេ​អូ ខន​ហ្វឺ​រិ​ន ដោយ​គ្រូ​ណាត់​ម៉ោង​គ្នា ដើម្បី​រក​ពេលវេលា​សម​ស្រប​ណាមួយ ដែល​អ្នក​សិក្សា​អាច​ជួប​ឆ្លង​ឆ្លើយ និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក សេ​រ័​ត្ន មាន​ប្រសាសន៍​បន្ត​ថា ៖«​ការ​សិក្សា​តាម​ប្រព័ន្ធ E Learning អ្នក​សិក្សា​ត្រូវ​ធ្វើការ​ជាមួយ​គ្រូ ឬ​សាស្ត្រាចារ្យ​ដើម្បី​អាន ឬ​ស្រាវជ្រាវ​លើ​ប្រធានបទ​ណាមួយ​ដែល​សាលា​បាន​ដាក់​ឲ្យ ។ ហេតុនេះ ការ​ទទួលខុសត្រូវ​របស់​អ្នក​សិក្សា​មាន​សារសំខាន់​ណាស់ ដើម្បី​កំណត់​ភាព​ជោគជ័យ​លើ​ការ​សិក្សា​របស់​ពួក​គេ » ។

ទោះជា​យ៉ាងណា លោក សេ​រ័​ត្ន មិន​បាន​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​សាលា​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា តម្លៃ​នៃ​ការ​សិក្សា វា​អាស្រ័យ​លើ​សាលា​នីមួយ​ៗ ។

លោក តែ ឡូ​រិ​ន សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន បាន​ថ្លែង​ថា គ្រឹះ​ស្ថានឧត្តមសិក្សា​របស់​លោក មិន​មាន​កម្មវិធី​បណ្តុះបណ្តាល​បែប​នេះ​ទេ ព្រោះ​មិនដឹង​ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឬ​អត់ ។ លោក​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​សិក្សា​បែប​នេះ មាន​ការ​សិក្សា​ច្រើន​នៅ​តាម​ប្រទេស​ជឿនលឿន ប៉ុន្តែ​នៅ​កម្ពុជា​មិនសូវ​មាន​ច្រើន​ទេ ។

សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ជេ​ត ជាលី បាន​មាន​ប្រសាសន៍​ដែរ​ថា សាកលវិទ្យាល័យ​នេះ​មាន​កម្មវិធី​បណ្តុះបណ្តាល​បែប​នេះ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​លម្អិត ដោយសារ​លោក​ជាប់រវល់​ប្រជុំ ។

លោក សេ​រ័​ត្ន បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​សិក្សា​តាម​បែប E Learning ធ្វើ​ឲ្យ​យើង​ចំណេញ​ទាំង​ពេលវេលា និង​ប្រាក់​កាស ដោយសារ​អ្នក​សិក្សា​មិន​ចាំបាច់​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ដែល​ត្រូវ​ចំណាយ​ច្រើន​លើ​ថ្លៃ​ម្ហូបអាហារ ការ​ស្នាក់​នៅ និង​សេវាកម្ម​ធ្វើ​ដំណើរ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ