ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ផ្លែស្វាយ​កំពុង​តែ​រីក​ចម្រើន បែរជា​មាន​ឧបសគ្គ​មក​រារាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ផ្លែ​ស្វាយកែវរ​មៀតកំពុង​មាន​ទីផ្សារ​ទាំង​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​នាំ​ចេញ បែរជា​មាន​បញ្ហា​មួយ​យ៉ាង​ធំ ធ្វើ​ឲ្យ​កសិករ​ភាគច្រើន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ផលិត​ឱ្យ​មានគុណ​ភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ភាគី​បញ្ជា​ទិញ ជា​ពិសេស​គឺ​ការ​នាំ​ចេញ​បាន​តិច ហើយ​មាន​ឧបសគ្គ​ច្រើន​ទាំង​បច្ចេកទេស​ថែទាំ និង​បញ្ហា​ភូតគាម​អនាម័យ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ផ្លែ​ស្វាយកែវរ​មៀតកំពុង​មាន​ទីផ្សារ​ទាំង​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​នាំ​ចេញ បែរជា​មាន​បញ្ហា​មួយ​យ៉ាង​ធំ ធ្វើ​ឲ្យ​កសិករ​ភាគច្រើន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ផលិត​ឱ្យ​មានគុណ​ភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ភាគី​បញ្ជា​ទិញ ជា​ពិសេស​គឺ​ការ​នាំ​ចេញ​បាន​តិច ហើយ​មាន​ឧបសគ្គ​ច្រើន​ទាំង​បច្ចេកទេស​ថែទាំ និង​បញ្ហា​ភូតគាម​អនាម័យ ។

លោក ទូច សា​ម៉េ​ត កសិករ​ម៉ៅ​ដើម​ស្វាយ​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ៖ «សព្វ​ថ្ងៃនេះ ឲ្យ​តែ​ផ្លែ​ស្អាត ទីផ្សារ​អត់​បញ្ហា​ទេ ប៉ុន្ដែ​អ្វី​ដែល​យើង​កំពុង​តែ​ឆ្ងល់​នោះ គឺ​ទិន្នផល​វា​តិច​ពេក ទោះបី​ប្រើ​ថ្នាំ​សម្លាប់​ដង្កូវ​យ៉ាងណា ក៏​មិន​បាត់​ដែរ មិនដឹង​ថា​មក​ពី​អាកាសធាតុ ឬ​ក៏​ការ​ប្រើប្រាស់​បច្ចេកទេស​មិន​ត្រឹមត្រូវ » ។

លោក​បន្ត​ថា ៖« ប្រើ​ថ្នាំ​ដែរ តែ​វា​អត់​ងាប់ ប្រហែលជា​ខ្ញុំ​មើលងាយ​សត្រូវ​ពេក ទើប​ស្វាយ​ខ្ញុំ​ទទួល​បាន​ផល​តិច​ដូចនេះ ខណៈ​ស្វាយ​កំពុង​មាន​ហាងឆេង » ។ ស្វាយ​ឥឡូវ គឺ​លក់​បាន​១​គីឡូ​១​ពាន់​រៀល តែ​សម្រាប់​លោក គឺ​ម៉ៅ​បាន​ប្រហែលជា​៤​ពាន់​ដុល្លារ​ទេ ព្រោះ​ផ្លែ​បាន​តិច ហើយ​អត់​សូវ​ស្អាត​ទៀត ប៉ុន្តែ​នៅ​មាន​ឈ្មួញ​គាត់​មក​រក​ជា​ហូរហែ តែ​លោក​គ្មាន​ស្វាយ​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់ ។

លោក កាក់ ឡា ម្ចាស់​ចម្ការ​ស្វាយ​នៅ​ស្រុក​ដងទង់ ខេត្តកំពត បាន​ប្រាប់​ថា បញ្ហា​ដង្កូវ​គឺ​វា​មាន​តាម​ខែ អាច​ថា​មក​ពី​អាកាសធាតុ​ក៏​ថា​បាន ហើយ​បើ​ខែ​ណា​វា​មាន​ហើយ ទោះ​បាញ់ថ្នាំ​ការពារ​ទៀត​ក៏​អត់​បាត់​ដែរ ហើយ​យើង​ក៏​មិន​អាច​ការពារ​វា​បាន​ដូច​គ្នា​ដែរ ។

លោក​បញ្ជាក់​ថា ទោះបី​រដូវ​ខ្លះ​វា​ខូចខាត​ច្រើន​មែន តែ​សម្រាប់​លោក​អាច​ថា​បាន​គ្រាន់​ថ្លៃ​ដែរ ព្រោះ​បាន​នាំ​ទៅ​លក់​នៅ​វៀតណាម​ផ្ទាល់ ដោយ​ក្នុង​១​គីឡូក្រាម បាន​តម្លៃ​៣​ពាន់​រៀល​ដែរ ហើយ​ក្នុង​១​ជើង គិត​ជា​ប្រាក់​បាន​ពី​៨​ទៅ​១០​លាន​រៀល ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​សមាគម​ស្វាយ​ប្រចាំ​ខេត្តកំពង់ស្ពឺ លោក សុខ គ្រៀ​ជ ប្រាប់​ឲ្យ​ដឹង​ថា ផ្លែស្វាយ​ឥឡូវ​គឺ​មិន​ខ្វះ​ទីផ្សារ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​កសិករ​ភាគច្រើន​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​ផលិត​ឱ្យ​មានគុណ​ភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នាំ​ចេញ ។

លោក​ថា ៖« ទាក់ទង​នឹង​ដង្កូវ សត្វល្អិត​ដែល​ស៊ី​ផ្កា ឬ​ក្ដឹប​ស្វាយ គឺ​វា​មិនមែន​ជា​បញ្ហា​ចោទ​​ទេ នេះ​ដោយសារ​ប្រជា​កសិករ​កន្លង​ទៅ​គាត់​ប្រើប្រាស់​ថ្នាំ​ដដែល​ៗ ដោយ​មិន​បាន​អនុវត្ត​តាម​បច្ចេកទេស​កសិកម្ម ដែល​ធ្វើ​ឲ្យ​សត្វ​ដង្កូវ​ទាំងនោះ​វា​ស៊ាំ​ទៅ​នឹង​ថ្នាំ » ។

លោក​បាន​បញ្ជាក់​ថា សម្រាប់​សមាគម គឺ​កំពុង​បន្ត​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​កសិ​ករ​អំពី​បច្ចេកទេស​កសិកម្ម សុវត្ថិភាព​ស្តង់ដា​ចំណីអាហារ រួម​បញ្ចូល​ទាំង​ស្តង់ដា​នៃ​ការ​ប្រើប្រាស់​ថ្នាំ​/​ជី​កសិកម្ម ការ​រក្សា​ទុកដាក់ ការ​វេច​ខ្ចប់ និង​ការ​សម្លាប់​មេរោគ មុន​នឹង​យក​ទៅ​លក់​នៅ​ទីផ្សារ ។

គួរ​រំឭក​ថា នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក Kim Weon Jin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ដែល​ផុត​អាណត្តិ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ផ្លែស្វាយ​កម្ពុជា​នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ ។ ការ​ប្រកាស​នេះ វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ទីផ្សារ​ស្វាយ​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ