ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ប៉ៃលិន​ចង់​បោះបង់​របរ​ចិញ្ចឹម​ជ្រូក ព្រោះតែ​តម្លៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ខេត្ត​ប៉ៃលិន ដែល​ចាប់​យក​របរ​ចិញ្ចឹម​ជ្រូក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពេល​នេះ កំពុង​តែ​រារែក​ចង់​បោះបង់​របរ​នេះ​ចោល ដោយសារ​តែ​តម្លៃ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​មិន​ប្រសើរ​ឡើង ហើយ​កាន់តែ​ដុនដាប​ទៅ​ៗ ។ មិនតែប៉ុណ្ណោះ…

ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ខេត្ត​ប៉ៃលិន ដែល​ចាប់​យក​របរ​ចិញ្ចឹម​ជ្រូក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពេល​នេះ កំពុង​តែ​រារែក​ចង់​បោះបង់​របរ​នេះ​ចោល ដោយសារ​តែ​តម្លៃ​ជ្រូក​រស់នៅ​លើ​ទីផ្សារ​មិន​ប្រសើរ​ឡើង ហើយ​កាន់តែ​ដុនដាប​ទៅ​ៗ ។

មិនតែប៉ុណ្ណោះ ថែម​ទាំង​គ្មាន​ឈ្មួញ​ដើរ​ទិញ​ទៀត ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​ខាតបង់​ដោយសារ​ការ​ឲ្យ​ចំណី​រាល់ថ្ងៃ ខណៈ​ជ្រូក​កាន់តែ​ចាស់ កាន់តែ​ស៊ី​ច្រើន ។

បើ​តាម​ការ​អះអាង​ពី​លោក នី សែ​ម រស់នៅ​ភូមិ​ថ្មី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ កន្លង​មក បាន​ឲ្យ​ដឹង​ថា លោក​ចាប់​យក​របរ​ចិញ្ចឹម​ជ្រូក​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​ត្រឹមតែ​តម្លៃ​ធ្លាក់​ចុះ​ទេ ថែម​ទាំង​គ្មាន​ទីផ្សារ​ទៀត ។ បើ​នៅ​តែ​បែប​នេះ លោក​នឹង​បោះបង់​ការ​ចិញ្ចឹម ហើយ​ងាក​ទៅ​ប្រកប​របរ​ផ្សេង​វិញ ។

លោក នី សែ​ម រៀបរាប់​ថា ៖« គ្រួសារ​ខ្ញុំ​ចិញ្ចឹម​ជ្រូក​ជាង​២០​ក្បាល ដោយ​បិតស្រា​យក​កាក​សំណល់​ឱ្យ​វា​ស៊ី ។ របរ​នេះ ខ្ញុំ​ចិញ្ចឹម​យូរ​ឆ្នាំ​មក​ហើយ ដោយ​កាលពីមុន ជ្រូករ​ស់​លក់​​ឱ្យ​ឈ្មួញ​បាន​តម្លៃ​៦​ពាន់​ទៅ​៧​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្តែ​បច្ចុប្បន្ន​នេះ លក់​បាន​ត្រឹមតែ​១​គីឡូក្រាម​៥​ពាន់​ទៅ​៥.៥០០​រៀល​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ទៀត​អត់​ទាំង​ឃើញ​មាន​ឈ្មួញ​ដើរ​ទិញ​ទៀត ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួក​យើង​មានការ​លំបាក​យ៉ាង​ខ្លាំង»។

លោក​បន្ដ​ថា បើសិនជា​តម្លៃ​ទីផ្សារ​ជ្រូក​រស់នៅ​តែ​ធ្លាក់​បែប​នេះ​ទៀត លោក​នឹង​បោះបង់​ចោលការ​ចិញ្ចឹម​នេះ ហើយ​ងាក​ទៅ​ដាំ​បន្លែ ឬ​ប្តូរ​មុខរបរ​ផ្សេង​វិញ ព្រោះ​ការ​លក់​ជ្រូក​មាន​ការ​ខាត ហើយ​លំបាក​រក​ប្រាក់​ទិញ​ចំណី​ឱ្យ​ជ្រូក​ស៊ី​។ លោក​ថា ៖« រាល់​ថ្ងៃនេះ បើ​អត់​បិតស្រា អត់បាយ​ស្រា​ដាក់​ឱ្យ​វា​ស៊ី​ទេ ខ្ញុំ​បោះបង់​ចោល​តាំងពី​យូរណាស់​មក​ហើយ»។

កសិករ​ម្នាក់​ទៀត​ឈ្មោះ ឡុ​ង ព្រឿ​ង បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ ការ​ចិញ្ចឹម​​​ជ្រូក​មិន​ចំណេញ​ទេ ហើយ​បងប្អូន​នៅ​ក្នុងភូមិ​ដែល​ចិញ្ចឹម​ជ្រូក​ជា​ច្រើន​នាក់ ពេល​នេះ បាន​បោះបង់​ការ​ចិញ្ចឹម​មួយ​ចំនួន ដោយ​ខ្លះ​ធ្វើ​ចំណាកស្រុក​ទៅ​រកស៊ី​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ខ្លះ​ទៀត​ដាំ​បន្លែ និង​ផ្លែ​ឈើ​បន្តិចបន្តួច​សម្រាប់​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ ។

លោក​បញ្ជាក់​ថា ៖« ប្រសិនបើ​គ្មាន​ការ​រឹត​បន្ដឹង​បញ្ហា​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​ទេ របរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ឯទៀត នឹង​ត្រូវ​ដួល​រលំ » ។

លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ បើ​ទោះបីជា​តម្លៃ​ជ្រូក​រស់​ធ្លាក់​ចុះ​ក៏​ដោយ ក៏​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​មិន​ធ្លាក់​ចុះ​ដែរ គឺ​ក្នុង​រង្វង់​១៣.០០០​ទៅ​១៤.០០០​រៀល​ក្នុង​១​គីឡូក្រាម​ដដែល ។

លោក ប៊ុ​ន ហៀ​ង សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ជ្រូក​កម្ពុជា​បាន​ជួប​វិបត្តិ ដោយសារ​តែ​ការ​នាំ​ចូល​លើស​តម្រូវការ​ពី​ប្រទេស​ជិតខាង ជា​ពិសេស ពី​ប្រទេស​វៀតណាម ។ ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នេះ ត្រូវ​បាន​មើលឃើញ​ថា​មាន​ចំនួន​ច្រើន​ទាំង​មានច្បាប់ និង​អត់​ច្បាប់ ជា​ពិសេស​នាំ​ចូល​តាម​ច្រករបៀង ជា​លក្ខណៈ​តាម​ម៉ូតូ ឬ​តាម​រ៉ឺ​ម៉ក​ត​កន្ទុយ ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន បើ​យើង​សង្កេត​មើល​ពី​ការ​ចិញ្ចឹម​ក្នុងស្រុក យើង​មិន​អាច​ផ្គត់​ផ្គង់​ទីផ្សារ​បាន​ទេ ដោយសារ​តែ​តម្លៃ​ជ្រូក​ក្នុងស្រុក​ទាប​ពេក ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិ​ដ្ឋាន​គ្មាន​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​បន្ត ដូចនេះ​ហើយ​ទុក​ឲ្យ​ឈ្មួញ​បន្ត​នាំ​ចូល​មក​ផ្គត់ផ្គង់​វិញ» ។

លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា តាម​ការ​វាយតម្លៃ​ដែល​ទទួល​បាន​ពី​អ្នក​ចិញ្ចឹម ទាំង​ក្រុមហ៊ុន និង​កសិករ​បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​ត្រូវ​ចំណាយ​ថ្លៃដើម​ប្រមាណ​៧​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ហើយ​កសិករ​វិញ​ត្រូវ​ចំណាយ​​ថ្លៃដើម​ប្រមាណ​៨​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។ ប៉ុន្តែ​នៅ​ពេល​លក់​ចេញ​វិញ ក្នុង​១​គីឡូក្រាម សម្រាប់​ជ្រូក​ដែល​ចិញ្ចឹម​ពី​ក្រុមហ៊ុន បាន​តម្លៃ​ជាង​៦​ពាន់​រៀល​ក្នុង​១​គីឡូ​ក្រាម ហើយ​ជ្រូក​របស់​កសិករ​លក់​បាន​តែ​ប្រមាណ​៥.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូ​ក្រាម ដូចនេះ សម្រាប់​កសិករ​គឺ​ខាត​ធ្ងន់ធ្ងរ​ជាង​ក្រុមហ៊ុន ។

លោក​និយាយ​ថា ៖« ក្នុង​ជ្រូក​១​ក្បាល ទាំង​កសិករ និង​ម្ចាស់​កសិដ្ឋាន​ធំ​ៗ ត្រូវ​ខាតដើម​ជា​មធ្យម​១០​ម៉ឺន​រៀល តែ​ត្រូវ​បង្ខំចិត្ត​លក់​ជ្រូក​នោះ​ចេញ ព្រោះ​ទុក​យូរ​ទៅ ជ្រូក​ត្រូវ​ស៊ី​ចំណី ហើយ​ជ្រូក​ដែល​គ្រប់​អាយុ វា​ស៊ី​កាន់តែ​ច្រើន តែ​មិន​ឡើង​គីឡូ​ទៀត​ទេ » ។

តាម​គោលការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់​ឲ្យ​ឈ្មួញ​នានា​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅប្រទេស ចំនួន​តែ​១.២៥០​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ក៏​ប៉ុន្តែ​ធាតុ​ពិត បរិមាណ​នេះ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ការ​នាំ​ចូល​ជាក់ស្តែង​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង មិន​ក្រោម​៣​ពាន់​ក្បាល​ទេ​ក្នុង​១​ថ្ងៃ ខណៈ​តម្រូវការ​ក្នុង​ស្រុក មាន​ប្រមាណ​៨​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ ។

ដោយឡែក​លោកស្រី​បណ្ឌិត អុក សា​វិ​ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹង​ថា តាម​ពិត​បញ្ហា​ទីផ្សារ​ជ្រូក​នៅ​កម្ពុជា យើង​ក៏​ចង់​បិទ​ទីផ្សារ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែរ តែ​យើង​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​កម្ពុជា​ជា​ទីផ្សារ​សេរី ដូចនេះ​ការ​នាំ​ចេញ​នាំ​ចូល​ត្រូវ​តែ​មាន មិន​ដូច​ប្រទេស​ប្រកាន់​ទីផ្សារ​កុម្មុយនីស្ដ​ទេ។

លោកស្រី​និយាយ​ថា ៖« កសិករ និង​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​សូម​មានការ​អត់ធ្មត់​បន្តិច នៅ​ក្នុង​កាលៈទេសៈ​នេះ ហើយ​រាជរដ្ឋាភិបាល​មិន​នៅ​ស្ងៀម​ទេ ពោល​គឺ​ទាំង​ក្រសួង​កសិ​កម្ម និង ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ថ្លៃដើម​នៃ​ការ​ផលិត​ជ្រូក​ធ្លាក់​មក​នៅ​ទាប ដើម្បី​ឲ្យ​កសិករ​អាច​រក​ប្រាក់​ចំណេញ​បាន » ។

លោកស្រី​បណ្ឌិត​បន្ត​ថា បច្ចុប្បន្ន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​បញ្ចុះតម្លៃ​ភ្លើង​ឲ្យ​នៅ​ទាប ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​ផលិត ។

ម្យ៉ាងទៀត​លោកស្រី​បាន​ផ្ដល់​យោបល់​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ឱ្យ​បាន​ច្រើន​បន្តិច ព្រោះ​បើ​ចិញ្ចឹម​ជ្រូក​កាន់តែ​ច្រើន​ការ​ខាតបង់​កាន់តែ​តិច ហើយ​រំពឹង​ថា តាម​រយៈ​សកម្មភាព​នានា​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន តម្លៃ​ជ្រូក​នឹង​ងើបឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោកស្រី​អគ្គនាយករង​បាន​និយាយ​ថា ៖ « យើង​បាន​ស្នើ​ទៅ​កាន់​អគ្គនាយក​កាំកុង​ត្រូល ដើម្បី​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​នាំ​ចូល​ជ្រូក​មិន​ស្របច្បាប់​ពី​ប្រទេស​ជិតខាង ហើយ​ក្រសួងកសិកម្ម​ក៏​នឹង​រៀបចំ​ឲ្យ​មាន​កន្លែង​ត្រួតពិនិត្យ​សុខភាព​សត្វ មុន​អនុញ្ញាត​នាំ​ចូល​ដែរ​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ដល់​សត្វ​ក្នុងស្រុក » ។

លោក​ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្នុង​នាម​ជា​វិស័យ​ឯកជន និង​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា សាទរ​ចំពោះ​រៀបចំ​ឱ្យ​មាន​កន្លែង​ត្រួត​ពិនិត្យ​សុខភាព​សត្វ មុន​នាំ​ចូល ។ ទាំងនេះ វា​អាច​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ដែល​មាន​ជំងឺ​​មក​ក្នុងស្រុក ដែល​បង្ក​បញ្ហា​ដល់​ជ្រូក​របស់​កសិករ ហើយ​ជា​ពិសេស​អាច​ការពារ​ការ​ឆ្លង​ជំងឺ​នានា​ដល់​អ្នក​បរិភោគ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ