ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ដំណាំ​ត្រប់កំពុង​ប្រឈម​នឹង​សត្វល្អិត​យាយី

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ដាំ​ដំណាំ​ត្រប់​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ត្អូញត្អែរ​ពី​ផលវិបាក​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ផលដំណាំ​ត្រប់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ជា​ទម្ងន់ ដោយសារ​ការ​យាយី​ពី​សត្វល្អិត ។ លោក សាម សុ​វ៉ា​ន់ ម្ចាស់​ចម្ការ​ត្រប់​មួយ​កន្លែង​នៅ​ភូមិ​ពង្រ…

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ដាំ​ដំណាំ​ត្រប់​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ត្អូញត្អែរ​ពី​ផលវិបាក​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ផលដំណាំ​ត្រប់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ជា​ទម្ងន់ ដោយសារ​ការ​យាយី​ពី​សត្វល្អិត ។

លោក សាម សុ​វ៉ា​ន់ ម្ចាស់​ចម្ការ​ត្រប់​មួយ​កន្លែង​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ត្អូញត្អែរ​ពី​ផលដំណាំ​ត្រប់​របស់​លោក ដែល​កំពុង​ប្រមូល​ផល​ថា ទិន្នផល​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុងឆ្នាំនេះ ។

កសិករ​រូប​នេះ​បាន​អះអាង​ថា ការ​ប្រមូល​ផល​ផ្លែ​ត្រប់​ម្តង​ៗ​បាន​ត្រឹមតែ​៣០០​គីឡូក្រាម​ប៉ុណ្ណោះ គឺ​ធ្លាក់​ចុះ​ច្រើន​បើ​ធៀប​នឹង​ពេល​មុន​ៗ ដោយសារ​បច្ចុប្បន្ន មាន​សត្វល្អិត​យ៉ាងច្រើន​បាន​និង​កំពុង​យី​យា​ដល់​ផលដំណាំ​របស់​លោក ទើប​បណ្តាល​ឱ្យ​វា​គ្មាន​ផ្លែ​ច្រើន​បែប​នេះ ។

លោក​ថា ៖« អ្វី​ដែល​កាន់តែ​អាក្រក់​នោះ គឺ​ត្រប់​ភាគច្រើន​ខូច​ដោយសារ​សត្វល្អិត​ចូល​ស៊ី​លម្អងផ្កា ប៉ុន្តែ​ពេល​នេះ ខ្ញុំ​កំពុង​ថែបំប៉ន​ដាក់​ជី និង​បាញ់ថ្នាំ ស្តារ​ឡើង​វិញ​ក្រែង​បាន​ទទួលផល​ខ្លះ » ។

លោក សាម សុ​វ៉ា​ន់ បាន​ចាប់​យក​របរ​ដាំ​ត្រប់​នេះ​អស់​រយៈពេល​៣​ឆ្នាំ​ហើយ នៅ​លើ​ផ្ទៃដី​ទំហំ​៣.២០០​ម៉ែត្រ ។ ការ​ដាំ​ដំណាំ​ត្រប់​នេះ​មាន​ទាំង​ត្រប់វែង និង​ត្រប់ស្រួយ ហើយ​លោក​មិន​ដែល​ជួប​បញ្ហា​ទេ តែងតែ​ទទួល​បាន​ផល​ល្អ ប៉ុន្តែ​ទើបតែ​ឆ្នាំ​នេះ​មាន​បញ្ហា​សត្វល្អិត​ស៊ី​លម្អងផ្កា ។

ម្ចាស់​ចម្ការ​រូប​នេះ​បន្ថែម​ថា ការ​ធ្វើស្រែ និង​ដាំ​ដំណាំ​មិនសូវ​ខុស​គ្នា​ទេ បើ​ស្រូវ​លក់​បាន​ថ្លៃ គឺ​ធ្វើ​បាន​តែ​ម្តង ហើយ​បើ​ស្រូវប្រាំង​វិញ ដែល​គេ​មាន​ដី និង​ប្រភព​ទឹក គឺ​អាច​ធ្វើ​បាន​រហូត​ដល់​ទៅ​៣​ដង ។ ចំណែក​ដំណាំ​បន្លែ​វិញ យើង​ធ្វើ​បាន​គ្រប់​រដូវ ផុត​ពី​ដំណាំ​មួយ​ចូល​ដំណាំ​មួយទៀត ។

បញ្ហា​មាន​សត្វល្អិត​បំផ្លាញ​ដំណាំ​ត្រប់​នេះ កើត​មាន​សឹងតែ​គ្រប់​ចម្ការ ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ គ្មាន​ម្ចាស់​ចម្ការ​ណា​ម្នាក់​អាច​ដឹង​ពី​ការ​កកើត​សត្វល្អិត​នេះ​ទេ ។

នៅ​ថ្ងៃ​ទី​១៤ ធ្នូ កន្លង​មក លោក សាម សុ​វ៉ា​ន់ បាន​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​ក្រុង​ឬ​ខេត្ត សូម​ជួយ​ផ្តល់​មតិយោបល់​គួរ​ប្រើប្រាស់​ថ្នាំ​បាញ់​សត្វល្អិត​ប្រភេទ​ណា ដែល​អាច​កម្ចាត់​សត្វល្អិត​កុំឱ្យ​ចូល​ស៊ី​លម្អងផ្កា ធ្វើ​ឱ្យ​ត្រប់​មិន​ងាយ​ចេញ​ផ្លែ ព្រោះ​បណ្តា​ឆ្នាំ​មុន​ៗ ដំណាំ​របស់​លោក​ទទួល​បាន​ទិន្នផល​ខ្ពស់​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ