ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​មិន​ព្រម​ទុំ ទាល់តែ​លេង​តាម​ច្បាប់​ទើប​ជ្រុះ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ទី បុរិន្ទ ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​អម​ដោយ​លោក ហ៊ឹ​ម ពុ​ទ្ឋា​សុរិយៈ ជា​អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ទី បុរិន្ទ ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​អម​ដោយ​លោក ហ៊ឹ​ម ពុ​ទ្ឋា​សុរិយៈ ជា​អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ បាន​ចុះ​អនុវត្ត​សាលក្រម​រុះរើ​ដោយ​បង្ខំ​រោង​ស្តង់​លក់​ឈើ​មួយ​កន្លែង​ជាប់​ខាងជើង​សាលាសង្កាត់ ដើម្បី​យក​ដី​ប្រគល់​ឱ្យ​សាលាសង្កាត់​វិញ​តាម​បណ្តឹង​របស់​លោកស្រី​ចៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ យ៉ាងនេះ​ក្តី​ពេល​ចុះ​អនុវត្ត​សាលក្រម​ខាងលើ​នេះ​មិន​មាន​ភាគី​ចុង​ចម្លើយ​នោះ​ទេ ។

យោង​តាម​ពាក្យបណ្តឹង​របស់​លោកស្រី ភួ​ន ឈួ​យ​អេ​ង ចៅសង្កាត់​ផ្សារឆ្នាំង​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០០០ ឈ្មោះ សុខ សុភា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ បាន​ខ្ចី​ដី​ទំហំ​២៥​គុណ​នឹង​២១​ម៉ែត្រ ពី​គណៈបក្ស​ប្រជាជន​ស្រុក​កំពង់ឆ្នាំង​តាម​រយៈ​មេឃុំ​ផ្សារឆ្នាំង​ដើម្បី​យក​ធ្វើ​រោង​ដេប៉ូ​លក់​ផល​អនុ​ផល​ព្រៃឈើ​រយៈពេល​១​ខែ​ជា​បណ្តោះអាសន្ន ។ ប៉ុន្តែ​ដល់​ពេល​កំណត់​ឈ្មោះ សុខ សុភា មិន​ព្រម​រុះរើ​ស្តង់​ឈើ​នោះ​ចេញ​ឡើយ​រហូត​ដល់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៣ ចៅសង្កាត់​បាន​អញ្ជើញ​ឈ្មោះ សុខ សុភា មក​ប្រជុំ​ពិភាក្សា​ដើម្បី​ឱ្យ​រុះរើ​ស្តង់​នោះ​ចេញ ព្រោះ​ត្រូវ​យក​ដី​សាងសង់​សាលាសង្កាត់​ថ្មី​ក្រោម​គម្រោង ADB ហើយ​ពេល​នោះ ឈ្មោះ សុខ សុភា បាន​ឯកភាព​គ្នា​យល់ព្រម​រុះរើ នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ ។ លុះដល់​ពេល​កំណត់​ឈ្មោះ សុខ សុភា នៅ​តែ​មិន​ព្រម​រុះរើ​ស្តង់​លក់​ឈើ​ដែល​ខ្ចី​ពី​សាលាសង្កាត់​ដដែល ។

យោង​តាម​សាលក្រម​លេខ​០៥ «​ខ​» ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥ បាន​បញ្ជាក់​ថា ចំណុច​វិវាទ​គឺ​ចុង​ចម្លើយ​ឈ្មោះ សុខ សុភា សំអាង​ថា ដី​នោះ​ត្រូវ​បាន​សហគមន៍​ដេប៉ូ​ឈើ កែវ លន់ ជា​អ្នក​ចែក​ឱ្យ ។ ប៉ុន្តែ​ក្នុង​សាលក្រម​ដដែល​ក៏​បាន​បញ្ជាក់​ថា ឈ្មោះ សុខ សុភា ពិតជា​បាន​ខ្ចី​ដី​ទំហំ​២៥​គុណ​នឹង​២១​ម៉ែត្រ ពី​គណៈបក្ស​ប្រជាជន​ស្រុក​កំពង់ឆ្នាំង​ពិតប្រាកដ​មែន ដោយ​មាន​លិខិត​ស្នាម​ផ្តិត​មេដៃ​ខ្ចី​ដី និង​មាន​បោះត្រា​របស់​សាលាសង្កាត់​ពិតប្រាកដ​មែន​ដោយ​លិខិត​នេះ​បាន​រក្សា​ទុក​យ៉ាង​ត្រឹមត្រូវ​បាន​ផ្លូវច្បាប់ ។

ដោយហេតុ​នេះ​ហើយ​តុលាការ​បាន​សម្រេច​ទទួលស្គាល់​ដើមបណ្តឹង​បាន​ប្តឹង​ពិតជា​ត្រឹមត្រូវ ព្រោះ​មាន​ឯកសារ និង​សាក្សី​ច្បាស់លាស់ ចំណែក​ចុងចោទ​គ្មាន​ឯកសារ​អ្វី​បញ្ជាក់​ជា​ការ​ពិត​នោះ​ឡើយ ។ ដូច្នេះ​តុលាការ​បាន​សម្រេច​ឱ្យ​លោក សុខ សុភា រុះរើ​ស្តង់ និង​ឈើ​ចេញ​ឱ្យ​អស់ហើយ​ប្រគល់​ដី​ដែល​វាស់​ឃើញជាក់ស្តែង​មាន​ទំហំ​តែ​១០,៥០​ម៉ែត្រ​គុណ​នឹង​២១,៧០​ម៉ែត្រ ប្រគល់​ទៅ​ឱ្យ​ដើមចោទ​គឺ​លោកស្រី​ចៅសង្កាត់​ផ្សារឆ្នាំង និង​បង្គាប់​ឱ្យ​សង​ប្រាក់​ចំនួន​១០​លាន​រៀល​ជា​សំណង​ថ្លៃ​ខូចខាត​ពេលវេលា​ប្តឹងផ្តល់​ជាង​១០​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ឈ្មោះ សុខ សុភា នៅ​តែ​មិន​ព្រម​រុះរើ​ស្តង់​នោះ​ចេញ​ទើប​តុលាការ​ចេញ​សាលក្រម​រុះរើ​ដោយ​បង្ខំ​បែប​នេះ​ថ្ងៃ​ទី​១៤ ធ្នូ ដើម្បី​យក​ដី​ត្រៀម​ធ្វើ​សាលាសង្កាត់​ថ្មី​ក្រោម​គម្រោង ADB ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ