ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC ជំរុញ​ឱ្យ​ពលរដ្ឋ​ទូទាត់​តាម​បច្ចេកវិទ្យា​ទំនើប​កាន់តែ​ទូលាយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​រីក​ចម្រើន​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ការ​ងាយស្រួល​ដល់​អតិថិជន និង​អ្នក​ប្រើប្រាស់​សេវា​កម្ម​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​នានា ។ តប​តាម​ភាព​រីក​ចម្រើន​នៃ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​រីក​ចម្រើន​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ការ​ងាយស្រួល​ដល់​អតិថិជន និង​អ្នក​ប្រើប្រាស់​សេវា​កម្ម​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​នានា ។ តប​តាម​ភាព​រីក​ចម្រើន​នៃ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ងាក​មក​ប្រើប្រាស់ និង​ទូទាត់​តាម​បច្ចេកវិទ្យា​ឲ្យ​បាន​ទូលំទូលាយ ។

លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ទូទាត់​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ការ​ធានា​បាន​នូវ​គុណភាព ប្រសិទ្ធភាព និង​តម្លៃ​កាន់តែ​មាន​ការ​ប្រកួតប្រជែង​រវាង​បណ្ដា​ប្រតិបត្តិការ​ទូទាត់​នានា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ លោក​ថា ៖ «ដោយសារ​តែ​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ទៅ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន ហើយ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​បើកផ្លូវ​ដល់​បណ្ដា​ប្រតិបត្តិ​ករ​ធនាគារ​ដទៃ ឲ្យ​បង្កើត​ការ​ទូទាត់ និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​តាម​បច្ចេក​វិទ្យា ជំនួស​ឲ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​ផ្ទាល់ » ។

លោក​បន្ត​ថា ការ​ទូទាត់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ហើយ​វា​ក៏​បាន​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញ​វត្ថុ​បាន​យ៉ាង​ល្អ​ផង​ដែរ ។ បណ្ដា​ប្រតិបត្តិ​ករ ធនាគារ និង​ហិរញ្ញវត្ថុ ត្រូវ​ពន្យល់​ពី​អត្ថ​ប្រយោជន៍ គុណ​ស​ម្ប​តិ្ត និង​គុណវិបត្តិ​ឲ្យ​បាន​ច្បាស់លាស់​ដល់​អតិថិជន​របស់​ខ្លួន ធ្វើ​យ៉ាងណា ឲ្យ​អតិថិជន​យល់ និង​សម្រេចចិត្ត​ងាក​មក​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង តាម​អ្វី​ដែល​អាច​ធ្វើ​បាន ។

អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សា​ធនាគារ​កា​ណា​ឌី​យ៉ា បាន​ឲ្យ​ដឹង​ថា ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ប្រើប្រាស់​សាច់​ប្រាក់​សុទ្ធ​នៅ​កម្ពុជា វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កំពុង​តែ​បាន​ជំរុញ​ជីវភាព​ពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​ភាព​ងាយស្រួល និង​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តាម​រយៈ​សេវាកម្ម​ផ្ទេរ​ប្រាក់​រហ័ស បង់​វិក្កយបត្រ​នានា ឬ​បញ្ចូល​កាត​ទូរស័ព្ទ​ជាដើម ។

អ្នកឧកញ៉ា​បន្ត​ថា ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ក៏​ដូច​ជា​រួមចំណែក​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា ការ​ផ្ដល់​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី គឺជា​ការ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ភាព​វៃឆ្លាត​របស់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

លោក​បណ្ឌិត អ៊ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​​ដែរ​ថា ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ តាម​បច្ចេកវិទ្យា គឺ​ការ​ជួយ​ជំរុញ និង​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​មួយ​ផ្នែក ។ ជាក់ស្ដែង បច្ចុប្បន្ន ការ​កកស្ទះ​ចរាចរណ៍ គឺជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុង​ដោះស្រាយ ។ ដូចនេះ បើសិនជា​មនុស្ស​ម្នាក់​ៗ​ត្រូវការ​ធ្វើ​ដំណើរ​​ដោយ​ផ្ទាល់​ទៅ​ទូទាត់​សាច់ប្រាក់​អ្វីមួយ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខាត​ទាំង​ពេលវេលា និង​ថវិកា ។ ក៏​ប៉ុន្តែ បើសិនជា​ការ​ទូទាត់​តាម​បច្ចេកវិទ្យា ដែល​បាន​បង្កើត​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ពួក​គេ​អាច​យក​ពេលវេលា​ទៅ​ធ្វើ​អ្វី​ផ្សេង​វិញ ហើយ​ក៏​មិន​ចំណាយ​ថវិកា​ធ្វើ​ដំណើរ​ទៅ​ទូទាត់​ផ្ទាល់​ដែរ ។

លោក​បន្ត​ថា តប​តាម​ការ​រីក​ចម្រើន​បែប​នេះ ធនាគារ​អេ​ស៊ី​លី​ដា នឹង​កាត់​បន្ថយ​ការ​ទូទាត់​ដោយ​ផ្ទាល់ ឬ​ប្រើប្រាស់​បុគ្គលិក​បន្ថែម​ទៀត​។ រាល់​សេវាកម្ម​នានា​ត្រូវធ្វើ​តាម​បច្ចេកវិទ្យា ហើយ​ជា​ជំហាន​ដំបូង ធនាគារ​នឹង​ប្រើប្រាស់​បុគ្គលិក​សម្រាប់​ពន្យល់​ដល់​អតិថិជន ហើយ​នៅ​ពេល​អតិថិជន​យល់​ដឹង​ហើយ ពួក​គេ​នឹង​ធ្វើការ​ទូទាត់​នានា​ដោយ​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ