ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ជា​ឱកាស​សម្រាប់​ជន​ពិការ​ទាញ​យក​ប្រយោជន៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប តម្រូវការ​ធនធានមនុស្ស​ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​បច្ចេកវិទ្យា​កាន់តែ​ទូលាយ​ជាង​មុន ទើប​ធ្វើ​ឲ្យ​ជន​ពិការ​មួយ​ចំនួន​ដែល​គ្មាន​សមត្ថភាព​ធ្វើ​ការងារ​ធ្ងន់​ៗ​ដូច​មនុស្ស​មាន​កាយសម្បទា​ធម្មតា ងាក​មក​ចាប់អារម្មណ៍​នឹង​ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​នេះ ។ បុរស​ពិការ​ភ្នែក​មួយ​រូប​បាន​លើក​ឡើង​ថា មិន​ថា​ពិការ​ភ្នែក…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប តម្រូវការ​ធនធានមនុស្ស​ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​បច្ចេកវិទ្យា​កាន់តែ​ទូលាយ​ជាង​មុន ទើប​ធ្វើ​ឲ្យ​ជន​ពិការ​មួយ​ចំនួន​ដែល​គ្មាន​សមត្ថភាព​ធ្វើ​ការងារ​ធ្ងន់​ៗ​ដូច​មនុស្ស​មាន​កាយសម្បទា​ធម្មតា ងាក​មក​ចាប់អារម្មណ៍​នឹង​ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​នេះ ។

បុរស​ពិការ​ភ្នែក​មួយ​រូប​បាន​លើក​ឡើង​ថា មិន​ថា​ពិការ​ភ្នែក ឬ​ពិការ​ដៃជើង​ទេ គឺ​សុទ្ធតែ​លំបាក​ទាំងអស់​ក្នុង​ការ​រៀន​ជំនាញ​បច្ចេកវិទ្យា តែ​ទឹកចិត្ត​ជម្នះ​ការ​លំបាក គឺជា​ចំណុច​សំខាន់​ដែល​ជន​ពិការ​ទាំងឡាយ​ត្រូវ​តែ​មាន ។

លោក ម៉ែ​ន សែន​ចំរុង អ្នក​មើល​ការ​ខុស​ត្រូវ នៅ​ហាង​ចាប់​សរសៃ​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ថា ៖« តាម​ពិត​ទៅ ផលវិបាក​របស់​អ្នក​ពិការ​ភ្នែក គឺ​វា​មាន​ច្រើន​មែនទែន​ក្នុង​ការ​រៀន​បច្ចេកវិទ្យា​ផ្សេង​ៗ មិន​ថា​រៀន​ប្រើប្រាស់​កុំព្យូទ័រ ឬ​ស្មា​ត​ហ្វូ​ន​ទេ » ។ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បច្ចេកទេស​នេះ លោក​បន្ត​ថា ៖« ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន គឺ​លោក​បាន​ផ្ដោត​សំខាន់​ទៅ​លើ​សំឡេង និង​ការ​ចំណាំ » ។

លោក សែន​ចំរុង បន្ត​ថា ៖« កុំព្យូទ័រ​យើង​ត្រូវការ Download កម្មវិធី​សំឡេង ហៅ​ថា Job Disabilities ដោយ Install កម្មវិធី ។ អីចឹង វា Support នឹង​សំឡេង ហើយ​យើង​អាច​ប្រើ​បាន​តាម​ហ្នឹង ។ ចំណែក​ស្មា​ត​ហ្វូ​ន​ក៏​ដូច​គ្នា​ដែរ គឺ​យើង Install កម្មវិធី Talking Phone Software គឺ​វា Supporter សំឡេង​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ដូច​គ្នា មិន​ថា Samsung, iPhone ទេ គឺ​មាន​ដូច​គ្នា » ។

បុរស​ពិការ​ភ្នែក​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កន្លែង​លោក​ប្រើ​ស្មា​ត​ហ្វូ​ន​ច្រើន​ទៅ​លើ​ការងារ ដូច​ជា សម្រាប់​ទំនាក់ទំនង ប្រើ​ហ្វេ​ស​ប៊ុ​ក និង​មើល​យូ​ធូប​ជាដើម ជា​ពិសេស សម្រាប់​ប្រើ​នៅ​ពេល​គិត​បញ្ជី​គណនី គឺ​ប្រើ​ស្មា​ត​ហ្វូ​ន ដោយ Record នៅ​ក្នុង​ទូរស័ព្ទ​ផ្ទាល់ ។

ងាក​មក​មើល​យុវ​សិស្ស​ពិការ​ម្រាមដៃ​ទាំង​សងខាង​មួយ​រូប មាន​វ័យ​១៩​ឆ្នាំ កំពុង​បន្ត​ការ​សិក្សា​លើ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ខេត្ត​កែប បាន​រៀបរាប់​ថា បច្ចេកវិទ្យា​បាន​រួមចំណែក​យ៉ាង​សំខាន់​សម្រាប់​ជន​ពិការ ។

លោក ជុន ចាន់​ធឿ​ន ប្រាប់​ថា ៖« ការ​ចាប់​ជំនាញ​មួយ​នេះ គឺ​វា​មិន​សំខាន់​លើ​យើង​មាន​កាយសម្បទា​គ្រប់គ្រាន់​ទើប​អាច​រៀន​បាន​ទេ ជន​ពិការ​ក៏​អាច​រៀន​បាន​ដែរ សំខាន់​លើ​មហិច្ឆតា​របស់​យើង​ថា យើង​នឹង​ធ្វើ​វា​បាន​ដែរ​ឬ​អត់ » ។

យុវជន​ពិការ​រូប​នេះ​បន្ត​ថា ៖« អ្វី​ដែល​ជំរុញ​ឱ្យ​រូប​ខ្ញុំ​ចាប់​យក​ជំនាញ​នេះ ព្រោះ​វា​មិន​ទាម​ទារ​ឱ្យ​ប្រើ​កម្លាំង​រាង​កាយ​ខ្លាំងក្លា​ទេ ជា​ពិសេស ខ្ញុំ​ពិការ​មែនពិត តែ​មហិច្ឆតា​របស់ខ្ញុំ​នៅ​តែ​មាន​រហូត អីចឹង អ្វី​ដែល​សង្គម​កំពុង​តែ​ត្រូវការ និង​កំពុង​រីក​ចម្រើន​នោះ ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា ។ ជន​ពិការ​គួរតែ​ងាក​មក​ចាប់អារម្មណ៍​លើ​ជំនាញ​នេះ​វិញ កុំ​យកឈ្មោះ​ជា​ជន​ពិការ​ទៅ​ដើរ​សុំទាន​គេ ឬ​ធ្វើ​អ្វី​មិនល្អ ដែល​សង្គម​មិន​ត្រូវការ » ។

លោក​បន្ត​ទៀត​ថា ៖« ខ្ញុំ​ចាប់​យក​ជំនាញ​ព័ត៌មានវិទ្យា​នេះ គឺ​មិន​ដែល​គិត​ថា​ខុស​ទេ ព្រោះ​សម័យ​ឥឡូវ​ជា​សម័យ​បច្ចេកវិទ្យា ហើយ​ជន​ពិការ​ដូច​ខ្ញុំ​ក៏​ត្រូវ​ចេះ​ដែរ ទោះបី​ធ្វើ​យូរ​ជាងគេ​បន្តិច​ក៏​ដោយ ព្រោះ​វា​ជំនួស​ដៃជើង​យើង​បាន​ច្រើន​ក្នុង​ការ​សិក្សា ឬ​ប្រកប​ការងារ » ។

លោក ឈ​ន អក្ខរា ប្រធាន​ផ្នែក​អភិវឌ្ឍន៍​សេវា​ពិការ​ភាព និង​ជា​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ថា សម្រាប់​ជន​ពិការ គឺ​មាន​ច្រើន​ដែល​កំពុង​សិក្សា និង​បម្រើ​ការងារ​លើ​ជំនាញ​បច្ចេក​វិទ្យា ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៥ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ថា បច្ចុប្បន្ន កម្ពុជា​មាន​សិស្ស​ពិការ​គ្រប់​ប្រភេទ សរុប​ចំនួន​២២.១៣៣​នាក់ ដែល​កំពុង​រៀន​នៅ​គ្រប់​កម្រិតសិក្សា ដោយ​គ្មាន​មានការ​រើសអើង​។ ក្រៅពី​នេះ សិស្ស​ពិការ​ភ្នែក និង​គ​-​ថ្លង់ មាន​ចំនួន​១.៤៣៣​នាក់​កំពុង​សិក្សា​នៅ​ថ្នាក់​អប់រំ​ពិសេស ថ្នាក់​សមាហ​រណ​កម្ម ថ្នាក់​អប់រំ​មូលដ្ឋាន ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​កម្មវិធី​អភិវឌ្ឍន៍​មនុស្ស​គ​-​ថ្លង់ របស់​អង្គ​ការ​គ្រួសារ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ