ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋប្រុសស្រីមកតាមបណ្តាភូមិនានាជាច្រើននាក់ នៅឃុំកក់ ស្រុកពញាក្រែកបាននាំគ្នាមកកាន់សាលាខេត្តនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណងជួបលោកអភិបាលខេត្តដើម្បីឲ្យជួយអន្តរាគមន៏ ។ ដោយសារតែពួកគាត់បានចាញ់កលល្បិចអំពើឆបោកប្រាក់រហូតដល់ទៅជាង៥លានដុល្លារ និងសូមឲ្យច្បាប់ជួយផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ផងដែរ ។
តាមប្រភពពីមន្ត្រីនគរបាលមួយរូបនៅស្នងការខេត្តបានបង្ហើបឲ្យ កោះសន្តិភាព ដឹងថា ក្រោយពី
ទទួលបាននូវបទបញ្ជារពីលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តនោះកម្លាំងបានចុះស្រាវជ្រាវ និងស៊ើបអង្កេតដោយមានកិច្ចសហការពីសំណាក់កម្លាំងខេត្ត និងនគរបាលស្រុកពញាក្រែកចាប់ពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដោយបានរកឃើញពលរដ្ឋចំនួន៣៥នាក់ក្នុងចំណោម១២៤នាក់ សរុបទឹកប្រាក់ចំនួន ១៧.៣៨៨.០០០.០០០រៀល ក្នុងនោះមានពលរដ្ឋបានដាក់ប្លង់ដីផ្ទះ ដីស្រែ និងដីចំការ នៅធនាគារឯកជនចំនួន០៨នៅក្នុងខេត្តត្បូងឃ្មុំ ។
ប្រភពដដែលបន្តថា ប្រជាពលរដ្ឋដែលបានខ្ចីលុយពីធនាគារក្នុងនោះមកពីតាមបណ្តាភូមិដូចជា ភូមិកក់ ភូមិកណ្តោលជ្រុំ ភូមិក្រែកជើង ភូមិកោងកាង ស្រុកពញាក្រែក ដែលបានយកលុយមកចងការប្រាក់ឲ្យទៅឈ្មោះ អាន ធារី ហៅណយ ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែក ជាមេក្លោង ដែលបានដើរប្រមូលចងការប្រាក់ពីពលរដ្ឋច្រើនជាងគេ សរុបមានចំនួនរហូត៦.៧៤១.០០០.០០០រៀល ហើយបានយកប្រាក់ទាំងនេះទៅចងការបន្តឲ្យឈ្មោះ ប៊ុត សុខ ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។
លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តមានប្រសាសន៏ឲ្យដឹងដែរថា ក្រោយពីប្រជាពលរដ្ឋនាំគ្នាទៅសាលាខេត្តក្នុងគោលបំណងឲ្យអាជ្ញាធរខេត្តជួយពន្លឿនបណ្តឹងរបស់ពួកគាត់ហើយនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ រូបលោកបានចាត់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តទទួលបណ្តឹងពលរដ្ឋបន្ថែមដែលបានចាញ់កលល្បិចរឿងចងការប្រាក់បានកើនដល់ទៅជិត២០០នាក់ដែលតាមតួលេខបូកសរុបស្មើជាង៥លានដុល្លារឯណោះ គឺកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងតែចាត់ការរឿងខាងលើនេះឲ្យបានលឿនទៅតាមនីតិវិធីច្បាប់ហើយដែរ ៕
ចែករំលែកព័តមាននេះ