«The Sun» កាលពីពេល ថ្មីៗកន្លងមកផ្សាយថា អ្នកស្រាវជ្រាវបានរកឃើញទីក្រុងមួយនៅបាតសមុទ្រស្ថិតនៅក្នុងយុគសម័យស៊ីស៊័រនៃរ៉ូម៉ាំងបុរាណដែលលិចនៅខាងក្រោមទឹកអស់រយៈពេលជាច្រើនសតវត្ស ។
អ្នកប្រវត្តិសាស្ត្របញ្ជាក់ថា ទីកន្លែងនោះប្រៀបដូចជាទីក្រុងសំដិលថ្ងៃ ឬរមណីយដ្ឋានរបស់អ្នកផឹកស្រានៃជនរ៉ូម៉ាំងក្នុងសម័យនោះ ប៉ុន្តែដោយសារភ្នំភ្លើងផ្ទុះទើបធ្វើឱ្យទីក្រុងត្រូវលិចនៅក្នុងសមុទ្រ ។
លោកអាន់ តូនីញ៉ូ ប៊ូស៊ីអេលឡូ អ្នកក្រុង ណាផល ប្រទេសអ៊ីតាលី បានមុជទឹកទៅក្នុងទឹក ហើយថតរូបកំផែង ផ្លូវ និងបំណែកដែលរួចផុតពីការខូចខាតដោយភ្នំភ្លើង កាលពីច្រើនសតវត្សមុន ។
លោកអាន់តូនីញ៉ូបញ្ជាក់ថា«ក្រុងនេះគឺជាផ្នែកមួយនៅក្នុងទីក្រុងសំខាន់ក្នុងរយៈពេលជាច្រើនរយឆ្នាំនៅអាណាចក្ររ៉ូម៉ាំងដ៏រុងរឿង» ។
ទីតាំងនោះស្ថិតនៅខាងក្រោមទឹកនៃឈូងសមុទ្រក្រុងណាផល ភាគខាងលិចឆៀងខាងត្បូងប្រទេសអ៊ីតាលី ។ លោកប៊ូស៊ីអេលឡូ បានរៀបរាប់ឱ្យដឹងថា លោក Pliny ជាអ្នកនិពន្ធ អ្នកច្បាប់ និងជាអ្នកនយោបាយ ក្នុងអាណាចក្ររ៉ូម៉ាំងបុរាណបានរស់នៅទីនោះអស់រយៈពេលដ៏យូរលង់បានរៀបរាប់ថាភ្នំភ្លើង Vesvviusបានផ្ទុះ និងបំផ្លាញទីក្រុងនេះ ។
លោកប៊ូស៊ីអេលឡូ ថ្លែងថា «ការមុជទឹកនៅទីកន្លែងនេះប្រៀបដូចជាបានសិក្សាពីជីវប្រវត្តិ និងនៅពេលបានឃើញគ្រោងបាក់បែកនៅខាងក្រោមទឹក គឺជាព្រឹត្តិការណ៍ដ៏ពិបាកមួយ ក្នុងការរៀបរាប់ពីភាពស្រស់ស្អាតរបស់ទីក្រុង» ៕
ចែករំលែកព័តមាននេះ