ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទូ​ទាំង​ខេត្ត​ចំនួន​២០០​គ្រួសារ

6 ឆ្នាំ មុន
  • ប៉ោយប៉ែត

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន អាជ្ញាធរ​ខេត្ត សហការ​ជាមួយនឹង​ក្រុមហ៊ុន​ហ្វ​ត (Ford) បាន​រៀបចំ​កម្ម​វិធីចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​ទូ​ទាំង​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន អាជ្ញាធរ​ខេត្ត សហការ​ជាមួយនឹង​ក្រុមហ៊ុន​ហ្វ​ត (Ford) បាន​រៀបចំ​កម្ម​វិធីចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​ទូ​ទាំង​ខេត្ត​ប៉ៃលិន ចំនួន​២០០​គ្រួសារ ។ ពី​ធី​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​មួយ​ចំនួន​មក​ពី​មន្ទីរ​ជុំវិញ​ខេត្ត ព្រមទាំង​ប្រធាន​ក្រុមហ៊ុន និង​អតិថិជន​ហ្វ​ត (Ford) ផង​ដែរ ។

បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន​ហ្វ​ត បាន​ធ្វើ​កិច្ច​ស្វាគមន៍​រួច​មក លោក អៀង វុ​ធ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន ប្រជាពលរដ្ឋ​មាន​ដី​សម្រាប់​ប្រកប​របរ​កសិកម្ម​៥​ម៉ឺន​ហិ​កតា ដោយ​ក្នុង​នោះ​មាន​ដី​សម្រាប់​ធ្វើស្រែ​ចំនួន​១​ម៉ឺន​ហិ​កតា និង​ដី​សម្រាប់​ដាំពោត​ក្រហម ដំឡូង​មី និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ​ដូច​ជា​មៀន​ប៉ៃលិន ចំនួន​៤​ម៉ឺន​ហិ​កតា ។ លោក​បន្ត​ទៀត​ថា នៅ​ពេល​នេះ​ពិតជា​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ហ្វ​ត ដែល​បាន​រៀបចំ​ជា​អំណោយ​សម្រាប់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។ បើ​ទោះបីជា​អំណោយ​នេះ​ហាក់ដូចជា​តិចតួច​ក៏​ដោយ ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ជូន​ដល់​ពួក​គាត់​មួយ​ចំនួន​ផង​ដែរ ។ លើស​ពី​នេះ សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ព្រោះ​រដូវរងារ​បាន​មក​ដល់​ហើយ ជំងឺ​រោគារ​ក៏​អាច​នឹង​កើត​មាន​ដល់​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ដោយ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ​គ្រប់ពេលវេលា ដើម្បី​បង្ការ និង​សន្សំ​សំចៃ​ថវិកា​សម្រាប់​ក្រុម​គ្រួសារ ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​សប្បុរសជន និង​អាជ្ញាធរ​ខេត្ត​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​នេះ មាន​អង្ករ​២០​គីឡូក្រាម ទឹកត្រី​១​យួរ មី​១​កេស មុង​១ និង​ភួយ​១​ផង​ដែរ ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​អំណោយ មាន​សេចក្តី​សប្បាយ​រីករាយ និង​ជូនពរ​ដល់​ម្ចាស់​អំណោយ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ឱ្យ​ជួប​តែ​សេចក្តីសុខ​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ