ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់​​សិប្បកម្ម​ស្ករត្នោត​48ទីតាំងក្នុងស្រុក​បាទី

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖  កាលពី​ថ្ងៃ​ទី​៧ ​ធ្នូ មន្ត្រី​ជំនាញ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បិទ​ទីតាំង​ស្ករត្នោត​អត់​ច្បាប់​ចំនួន​៤៨​កន្លែង នៅ​ក្នុង​ឃុំ​ចំនួន​៣​នៃ​ស្រុក​បាទី ដែល​ជា​ការ​អនុវត្ត​តាម​លិខិត ស​ជ​ណ លេខ​៤៦២ របស់​សាលាខេត្ត…

ខេត្តតាកែវ ៖  កាលពី​ថ្ងៃ​ទី​៧ ​ធ្នូ មន្ត្រី​ជំនាញ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បិទ​ទីតាំង​ស្ករត្នោត​អត់​ច្បាប់​ចំនួន​៤៨​កន្លែង នៅ​ក្នុង​ឃុំ​ចំនួន​៣​នៃ​ស្រុក​បាទី ដែល​ជា​ការ​អនុវត្ត​តាម​លិខិត ស​ជ​ណ លេខ​៤៦២ របស់​សាលាខេត្ត ដែល​បាន​ជូនដំណឹង​២​ស​ប្តា​ហ៍​មក​ហើយ ។

គណៈកម្មការ​ចម្រុះ បាន​ដាក់​កំហិត​ឲ្យ​ម្ចាស់​សិប្បកម្ម​ទាំងអស់​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ជាដាច់​​ខាត​​នៅ​ត្រឹម​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ​។ រីឯ​ស្ករ​ដែល​ផលិត​រួច ហើយ​លើកដាក់​រថយន្ត​ប្រុង​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ គឺ​ឲ្យ​ដឹក​ឲ្យ​អស់​ចុះ ប៉ុន្តែ​រួច​ពី​នោះ​មិន​អនុញ្ញាត​ឲ្យ​ផលិត​បន្ត​ទៀត​ទេ ។ ប្រសិនបើ​មាន​ករណី​នៅ​តែ​បន្ត​ផលិត​ទៀត គណៈកម្មការ​ចម្រុះ​នឹង​ចាត់វិធានការ​តាមផ្លូវច្បាប់ ដោយ​ដាក់​កម្លាំង​ចាំ​ចាប់​រថយន្ត​ដែល​ដឹក​ចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ ហើយ​យក​ទាំង​រថយន្ត​ទាំង​ស្ករ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។

បើ​តាម​ម្ចាស់​សិប្បកម្ម​នៅ​ឃុំ​លំពង់ និយាយ​ថា ស្ករ​នេះ​មិនមែន​ពួក​គាត់​ទិញ​វត្ថុធាតុដើម​មក​ផលិត​ដោយ​ខ្លួនឯង​ទេ គឺ​មាន​ថៅកែ​នៅ​សង្កាត់​ទួល​ទំពូង រាជធានី​ភ្នំពេញ ដឹក​វត្ថុធាតុដើម​យក​មក​ឲ្យ​ពួក​គាត់​ផលិត ។ ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ គាត់​ផលិត​បាន​២​ទៅ​៣​តោន ទើប​គេ​យក​ហើយ​ពួក​គាត់​បាន​កម្រៃ​ពី​ថៅកែ​វិញ​ទេ ។ ការ​ផលិត​ស្ករត្នោត​នេះ មិន​មាន​ប្រើប្រាស់​សារធាតុ​គីមី​ឡើយ តែ​យ៉ាងណា​ក៏​ដោយ​គណៈកម្មការ​ចម្រុះ​នៅ​តែ​បិទ​ដដែល ។

ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​នេះ គឺ​មាន​ម្ចាស់​អា​ជី​កម្ម​មួយ​ចំនួន​ទៀត​បានឱ្យ​ដឹង​ថា ពួក​គាត់​បាន​បង់លុយ​ឲ្យ​ប្រធាន​ការិយាល័យ​សិប្បកម្ម និង​ឧស្សា​កម្ម​ជា​បន្តបន្ទាប់​និង​ជា​ញឹកញាប់ រួម​ជាមួយ​កាំកុងត្រូល​ផង ។ លើស​ពី​នេះ​ទៀត ថ្មី​ៗ​នេះ​ពួក​គាត់​ក៏​បាន​បង់លុយ​ដើម្បី​ធ្វើ​ច្បាប់​ដោយ​លោក​ប្រធាន​ការិយាល័យ​ប្រាប់​ថា​យក​ទៅ​មន្ទីរ​ស្នើ​សុំ​ទៅ​ក្រសួង ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពួក​គាត់​មិន​ទទួល​បាន​ច្បាប់ ឬ​លិខិតអនុញ្ញាត​ណាមួយ​ឡើយ ឯ​អស់លោក​ខាង​មន្ត្រី​មូលដ្ឋាន​នៅ​តែ​ស្ងៀមស្ងាត់ ទើប​ពួក​គាត់​ក៏​ចេះ​តែ​ធ្វើ​ទៅ ដែល​មិនដឹង​ថា​មានរឿង​ធំ​បែប​នេះ​ឡើយ ។ ចំណែក​ខាង​មន្ទីរ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​មិន​មាន​ផ្តល់​ដំណឹង​អ្វី​ឲ្យ​ដឹង​ដែរ គឺ​ឃើញ​មាន​តែ​អ្នក​មក​យក​លុយ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ